ពុទ្ធសាសនិកគួរឈប់អុជធូប
ជាទូទៅ នៅតាមផ្ទះរបស់ពុទ្ធសាសនិក, នៅតាមទីវត្តអារាម ឬកន្លែងសក្ការផ្សេងៗ គេតែងតែធ្វើការអុជធូបសំបូងសង្រូងសុំសេចក្ដីសុខ, សុំឲ្យរកស៊ីមានបាន ឬសុំឲ្យសម្រេចកិច្ចការដែលគេប៉ងប្រាថ្នាអំពីព្រះ ឬទេព្ដា ឬអ្នកតា ជាដើម ។ បើតាមពិត ការអុជធូបសំបូងសង្រូងនេះ មិនមែនជាការបដិបត្តិត្រឹមត្រូវជាពុទ្ធសាសនិកនោះទេ ។ ព្រះពុទ្ធមិនបានបង្គាប់ឲ្យពុទ្ធសាសនិកអុជធូប និង
សំបូងសង្រូងសុំពរពីព្រះ ឬទេព្ដាណាក្រៅអំពីខ្លួនឯងជួយខ្លួនឯងឡើយ ពីព្រោះព្រះពុទ្ធបានរកឃើញថា មនុស្សយើងមិនមែនព្រះឯណាជាអ្នកបង្កើតទេ គឺជាធម្មជាតិ និងកម្មរបស់ខ្លួនដែលនាំឲ្យកើត, គ្មានទេព្ដា ឬព្រះឯណាកំណត់វាសនាក្រៅអំពីខ្លួន និងកម្មរបស់ខ្លួន ហើយក៏គ្មាននរណាមកជួយយើងក្រៅអំពីខ្លួនឯងជួយខ្លួនឯង ។ ដូច្នេះការសំបូងសង្រូងសុំឲ្យព្រះជួយយ៉ាងណាក៏ជាការឥតប្រយោជន៍ ។
ទំនៀមអុជធូបសំបូងសង្រូងនេះ ជាការបដិបត្តិតាមព្រហ្មញ្ញសាសនា ដែលពីដំបូងគេប្រើភ្លើងដើម្បីបូជាដល់ព្រះ គឺបញ្ជូនគ្រឿងបូជារបស់ពួកគេទៅតាមផ្សែងភ្លើង ព្រោះមានតែផ្សែងភ្លើងនេះទេដែលអាចហោះហើរទៅដល់ឋានសួគ៌ លុះក្រោយៗមកគេប្រើត្រឹមផ្សែងធូបជាតំណាងវិញ ។ លុះយើងត្រឡប់មកកាន់យកព្រះពុទ្ធសាសនាហើយ ក៏នៅជាប់ទំនៀមទម្លាប់នេះរហូតដល់សព្វថ្ងៃ ។
ការអុជធូបនេះ មិនមែនជាការខុសធ្ងន់ទេ ប៉ុន្តែវាជាការអត់ប្រយោជន៍ដែលយើងត្រូវចំណាយថវិកាទិញធូប ហើយអុជបង្ហុយផ្សែងពេញផ្ទះ ឬវត្ត ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងពេលខ្លះក៏អាចបង្កឲ្យមានអគ្គិភ័យកើតឡើងដោយសារភ្លើងធូបផង ក៏មាន ។ យើងគួរគិតថាមនុស្សយើងមិនចូលចិត្តផ្សែងធូបនេះផង ចុះមានព្រះ ឬទេព្ដាឯណាមកចូលចិត្តផ្សែងធូបនេះ បើព្រះពុទ្ធក៏ជាមនុស្សដូចគ្នានឹងយើងដែរ ។
ដូច្នេះយើងជាពុទ្ធសាសនិកដែលមានបញ្ញា គួរសិក្សាពុទ្ធោវាទឲ្យបានច្បាស់លាស់ និងប្រតិបត្តិតាមការប្រៀនប្រដៅឲ្យបានទៀងទាត់ត្រឹមត្រូវ ដោយខំបដិបត្តិចិត្តឲ្យបរិសុទ្ធជាជាងការលុតជង្គង់បន់ស្រន់សុំ ឲ្យគេជួយ ។ ការបដិបត្តិផ្លូវចិត្តទើបជាការបដិបត្តិតាមពុទ្ធោវាទ ។ ចំពោះការបូជាព្រះ យើងអាចបូជាដោយផ្កា ឬអុជទៀនបំភ្លឺជាដើម ពុំចាំបាច់ប្រើធូបក៏បានដែរ ។
0 comments :
Post a Comment