Thursday, January 16, 2014

បញ្ហា​ ពុទ្ធិ​ ភាវៈ​ សុខៈ​ ក្នុង​ពុទ្ធសាសនា​
ក-ពុទ្ធិ​ La connaissance:​
ពុទ្ធិ​ គឺ​ចំណេះ​ដឹង​ យល់​ស្គាល់​ កើត​មក​អំពី​ការសិក្សា​ ពិចារណា​។ ពុទ្ធិ​ អាច​កើត​មាន​មក​អំពី​ការសិក្សា​ ត្រិះរិះ​ ពិចារណា​ ការស្ដាប់​ ការរៀន​ គិត​ ពិសោធ​។ល។ នៃ​មនុស្ស ពុទ្ធិ​ដ៏​ខ្ពង់ខ្ពស់​ ដ៏​ប្រសើរ​ ហៅថា​ សម្មាសម្មោធិ​ បាន​ដល់​វិជ្ជា​៣​ប្រការ​គឺៈ

១-បុព្វេនិវាសានុស្យតិវិជ្ជា​ វិជ្ជា​នាំ​រឭក​នឹក​ឃើញ​នូវ​ជាតិ​កំណើត​របស់​ខ្លួន និង​អ្នក​ដទៃ ដែល​បាន​កន្លង​ច្រើន​ជាតិ រួច​មក​ហើយ​។
២-ចុតូបបាតវិជ្ជា​ វិជ្ជា​នាំ​ឲ្យ​មើល​ឃើញ ដឹង​យល់​នូវ​បុព្វហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ កើត​ ចាស់​ ឈឺ​ ស្លាប់​ និង​ការ​ចាប់ជាតិ​កំណើត​ថ្មី ជានេះ​ ជានោះ​។
៣-អាសវក្ខយវិជ្ជា​ វិជ្ជា​នាំ​ឲ្យ​ដឹង​ច្បាស់​នូវ​ការ​រលត់​អស់កិលេសតណ្ហា​ មាន​លោភៈ​ ទោសៈ​ មោហៈ​ ជា​ដើម​។
វិជ្ជា​ទាំង៣​ នេះ​ ហៅថា​ “ត្រៃវិជ្ជា=វិជ្ជា៣”​។
ក្រោយ​ដែល​បាន​ចេះ​ពិត​ប្រាកដ​នូវ​វិជ្ជា​ទាំង៣ នេះ​សព្វគ្រប់​ហើយ​ ព្រះពុទ្ធ​ក៏​បាន​រកឃើញ​នូវ​សច្ចធម៌​៤​ប្រការ​ដែល​ហៅថា​ អរិយសច្ច​ ៤​គឺៈ
១-ទុក្ខសច្ច​ ដឹងថា​នេះ​ជា​ទុក្ខ ជាការពិត​។
២-សមុទយសច្ច​ ដឹងថា​ នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ នាំ​ឲ្យ​មាន​ទុក្ខ ជា​ការពិត​។
៣-មគ្គសច្ច​ ដឹងថា​ នេះ​ជា​មាគ៌ា​នាំ​ឲ្យ​ផុត​ទុក្ខ​នាំ​ឲ្យ​អស់​ទុក្ខ ជា​ការពិត​។
៤-និរោសច្ច​ ដឹងថា​ នេះ​ជា​ការ​រលត់​ទុក្ខ ជា​ការពិត​។
ពុទ្ធិ​ទាំងអស់នេះ​ ជា​វិជ្ជា​អាច​កើត​មាន​ដោយសារ​ការ ព្យាយាម​ ខំប្រឹង​ សន្សំ​ អប់រំ​ សិក្សា​រៀនសូត្រ​ រិះរក​ រិះគិត​ ពិចារណា​ របស់មនុស្ស​ បន្តិចម្ដងៗ​ អស់​កាលវេលា​ ជា​យូរ​អង្វែង​ឆ្នាំ ហើយ​ជា​ពុទ្ធិ ដែល​អាច​កើត​មាន​ចំពោះ​មនុស្ស​ទូទៅ​ ពុំ​មាន​គិត​អំពី​ជាតិ​កំណើត ឬ​ វណ្ណៈ​ ឋានៈ​ សោះឡើយ​។
ខ-ភាវៈ​ L’étre:​
ភាវៈ​ គឺ​ ដី​ ទឹក​ ភ្លើង​ ខ្យល់​ អាកាស​ លោភៈ​ ធម្មជាតិ​ រុក្ខជាតិ​ ចិត្ត​ មនុស្ស​ សត្វ​ លោកធាតុ​ ។ល។​ ទាំងអស់នេះ​ សុទ្ធ​តែ​ឋិត​នៅ​ក្រោម​អំណាច​ច្បាប់​ធម្មជាតិ​៣​យ៉ាង ហៅថា​ ត្រៃលក្ខណ៍​ លើកលែង​តែ​និព្វាន​។

0 comments :

Post a Comment