Monday, January 20, 2014

ប្រពន្ធ

ប្រពន្ធ ( ន. ) [--ពន់ ]   ( សំ., បា.)
(ធៀប​នឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់​ជំពាក់, ចំពាក់​ឆ្វាក់; ដែល​ចង​រឹតរួត; ចំណង​ចង​ឆ្វាក់​រឹតរួត”) ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស (ភរិយា) ។
យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក កាព្យ​ច្បាប់​ស្រី ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ក្នុង​ឆ្នាំ​រកា​
នព្វស័ក ព. ស. ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា យក​មក​ចុះ​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុ-ក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​កាព្យ​ថ្លែង​អំពី​ប្រពន្ធ​មាន ៧ ប្រភេទ ល្អ​បួន​អាក្រក់​បី, មិន​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ៖
     មួយ​សោត​ព្រះ​ពុទ្ធ              ទេស្នា​ចំហុត              ថា​រី​ភរិយា
     មាន​ប្រាំ​ពីរ​ស្មោះ                 បួន​នោះ​ចិត្ត​ជា           បី​នោះ​មោហា
                                         ចិត្ត​ខូច​ងាយ​ដាយ ។
     ឯ​ប្រពន្ធ​ជា                       ឯក​ឈ្មោះ​មាតា-         ភរិយា​ដូច​ម្ដាយ
     ឈឺ​ឆ្អាល​កូន​ខ្លួន                 រែង​ស្ងួន​មិន​ណាយ      មិន​នឹក​រសាយ
                                         ចិត្ត​ចាំ​អាណិត ។
     កូន​ទុក្ខ​ទោស​ម្ដេច              ខ្សត់​ក្រ​ច្រើន​តិច         ខឹង​ខុស​ខូច​ចិត្ត
     ព្រាត់​ប្រាស់​យូរ​លង់             ពុំ​បង់​បែក​ចិត្ត            គង់​ចាំ​ចិត្ត​គិត
                                         ឈឺ​ឆ្អាល​កូន​ស្មោះ ។
     ប្រពន្ធ​ណា​គាប់                  ឈឺ​ឆ្អាល​ប្ដី​ខ្ជាប់           ចិត្ត​ចាំ​កាន់​កោះ
     ដូច​ម្ដាយ​ស្រឡាញ់              កូន​ពេញ​ពីពោះ          ហៅ​ប្រពន្ធ​នោះ
                                         ថ្លៃ​ឥត​ផ្ទឹម​ដល់ ។
     ប្រពន្ធ​ជា​ទ្វី                       ឈ្មោះ​ហៅ​ទាសី-         ភរិយា​ដូច​កល់
     ខ្ញុំ​នឹង​អម្ចាស់                     ប្រើ​ណាស់​ខ្វាយ​ខ្វល់    អាច​មត់​ទប់​ទល់
                                         ទម្ងន់​បម្រើ ។
     មិន​មាន​ទំនេរ                    ទោះ​ម្ចាស់​វាយ​ជេរ       អត់​ឱន​ស័រពើ
     តាម​តែ​បង្គាប់                    ប្រញាប់​ចង់​ធ្វើ            ចិត្ត​ពុំ​សើវ៉ើ
                                         ចៀស​វាង​ក្រោធា ។
     ប្រពន្ធ​ណា​អត់                   ឱន​អង្គ​អំណត់           ខ្លាច​ប្ដី​អាត្មា
     ដូច​ខ្ញុំ​នឹង​ម្ចាស់                   ខ្លាច​ណាស់​ធានា        ប្រពន្ធ​នោះ​ជា
                                         ប្រសើរ​សុខ​សូន្យ ។
     ប្រពន្ធ​ជា​ត្រី                      ឈ្មោះ​ភគិនី-              ភរិយា​ដូច​ប្អូន
     ស្រឡាញ់​បង​ពិត                លំអិត​លំអូន              ទទួល​ដំបូន-
                                         មាន​មាត់​ពាក្យ​បង ។
     ផ្ដាច់​ផ្ដួល​តែ​មួយ                 នឹង​ចង​ជា​ត្រួយ          ចិត្ត​ចាំ​បំណង
     ពំនាក់​ពំនឹង                      ពាក់​ពឹង​ប៉ុនប៉ង          តែ​នឹង​អង្គ​បង
                                         ឥត​ម៉ៃ​ទីទៃ ។
     ប្រពន្ធ​ណា​ចូល                  នឹង​ប្ដី​មួយ​មូល-          ចិត្ត​ជាប់​អាល័យ
     ដូច​ប្អូន​នឹង​បង                  ចាំ​ចង​អាស្រ័យ           ប្រពន្ធ​នោះ​ថ្លៃ
                                         មធ្យម​ពេក​ពិត ។
     ប្រពន្ធ​ចត្វា                       ឈ្មោះ​ហៅ​សខា-         ភរិយា​ដូច​មិត្រ-
     សម្លាញ់​ស្រឡាញ់               អស់​អញ​ពេក​ពិត        ស្មើ​ខ្លួន​ស្មើ​ចិត្ត
                                         ស្មគ្រ​ស្មោះ​ចិន្ដា ។
     បើ​មិត្រ​ទៅ​បាត់                  ស្ងប់​ស្ងួត​មុខ​មាត់        ទុក្ខ​ទន់​ទយា
     ឃើញ​មុខ​មក​បាន              ចិត្ត​ក្សាន្ត​សោះសា       ស្រស់​ស្រួល​ភក្រ្ដា
                                         និរទុក្ខ​សោកសៅ ។
     ប្រពន្ធ​ណា​ចិត្ត                   ស្រឡាញ់​ប្ដី​ពិត           គ្មាន​ក្នុង​គ្មាន​ក្រៅ
     ដូច​មិត្រ​និង​មិត្រ                ចង​ចិត្ត​ជាប់​នៅ          ប្រពន្ធ​នោះ​ហៅ
                                         ឧត្តម​ក្រ​មាន ។
     សម្ដែង​ភរិយា                    ទាំង​បួន​សឹង​ជា          ក្រ​ស្រី​ធ្វើ​បាន
     បើ​ស្រី​ណា​គិត                   ផ្ចង់​ចិត្ត​សន្ដាន           ស្រឡាញ់​ប្ដី​ប្រាណ
                                         ដូច​ធម៌​ទេស្នា ។
     លោក​ថា​ស្រី​នោះ                ឮ​កេរ្តិ៍​ពីរោះ                ទូទៅ​នានា
     បើ​អស់​ជីវិត                      នៅ​ឋិត​សួគ៌ា              ចៀស​ចាក​ចតុរា-
                                         បាយ​បាប​ទុក្ខ​ភ័យ ។
     ប្រពន្ធ​ពុំជា                       ឈ្មោះ​វធកា-              ភរិយា​ដូច​នៃ
     សត្រូវ​ចាំ​ចង                     ទោស​ផង​សព្វ​ថ្ងៃ        ប្រពន្ធ​ចង្រៃ
                                         ប្ដី​មាន​តែ​ទុក្ខ ។        
     បើ​ប្ដី​ខុស​ចិត្ត                     វា​គ្មាន​អាណិត            ខេរខឹង​ច្រអុក
     ចាំ​ចង​ទោស​ប្ដី                   ស្រដី​កិកកុក              ឱ្យ​​មាត់​ឱ្យបមុខ
                                         វាសវាង​វ្ហោះវ្ហើយ ។
     សុខ​ទុក្ខ​សាំទាំ                   វា​មើល​បំណាំ             នៅ​ស្ងៀម​ព្រងើយ
     ពុំ​ជួយ​ទុក្ខ​ភ័យ​                   ដោះ​ដៃ​កន្ដើយ           ស្លាប់​ដោយ​រស់​ដោយ
                                         គ្មាន​ចិត្ត​មេត្រី ។
     ចោរី​ភរិយា                       ប្រពន្ធ​ពុំជា                លប​លួច​ទ្រព្យ​ប្ដី
     គ្មាន​ចិត្ត​ករុណា                  មេត្តា​ប្រណី               របស់​ទ្រព្យ​អ្វី
                                         លក់​ចាយ​អស់​ធួន ។
     អយ្យា​ភរិយា                     ប្រពន្ធ​ពុំជា                តម្កើង​តែ​ខ្លួន
     ចេះ​តែ​ប្រើ​ប្ដី                      ឥត​បី​មាន​ស្ងួន           ធ្វើ​ឫក​ណាំនួន
                                         ទុក​ប្ដី​ដូច​ខ្ញុំ ។
     ប្រពន្ធ​ទាំង​បី                     ធ្លាក់​ទៅ​អវិចី              រង​ទុក្ខ​ដំណំ
     ក្នុង​ខ្ទះ​ភ្លើង​ក្ដៅ                  យូរ​នៅ​ក្រៀម​ក្រំ          ព្រោះ​ចិត្ត​ខ្លួន​ធំ
                                         ជាង​ប្ដី​អាត្មា ។
     ឯ​ប្រពន្ធ​បួន-                     មុខ​នោះ​គួរ​ស្ងួន          យក​ជា​ភរិយា
     នឹង​កើត​របស់                    កេរ្តិ៍​យស​សក្ដា            ថ្កើង​ពូជ​ពង្សា
                                         សោយ​សុខ​ថេរ​ឋិត ។
     សម្ដែង​បរិយាយ                 ភរិយា​ទាំងឡាយ         ប្រាំ​ពីរ​ចរិត
     ទាំង​ជួ​ទាំង​ជា                    ពណ៌នា​ពោល​ពិត       ចែង​ចប់​ពិនិត្យ
                                         តាម​អត្ថ​គាថា ។៚
 (អ្នក​មាន​ព្យាយាម, បើ​ពេញ​ចិត្ត​ចំពោះ​ព្រះ​រាជ​និពន្ធ​នេះ, គួរ​ទន្ទេញ​ឲ្យ​ចាំ​មាត់, ឬ​បង្គាប់​កូន​ចៅ​តូច​ៗ ឱ្យទន្ទេញ​ចាំ​ស្ទាត់ ហើយ​ឱ្យ​​នាំ​គ្នា​សូត្រ​រឿយ​ៗ ដើម្បី​រំឭក​គ្នា​ក្នុង​គ្រួសារ ក៏​ជា​ការ​ប្រពៃ​ណាស់) ។ មើល​ក្នុង​ពាក្យ ប្ដី ទៀត​ផង ។

0 comments :

Post a Comment