Thursday, January 16, 2014

របត់​នៃ​ប្រវត្តិសាស្ត្រ​

រាជា​ណាចក្រសៀម​ចង់​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ នៅ​លើ​ប្រទេសកម្ពុជា​។ ចំពោះ​ទស្សនៈ​នេះ​បារាំង​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​និង​តឹងរឹង​បំផុត​។ ក្នុង​ពេលនោះ​បារាំង​បាន​មក​តាំង​នៅ​ភាគ​ខាង​​ត្បូង​វៀមណាម​រួចជា​ស្រេច​ហើយ ហើយ​បាន​សំរេច​ក្នុង​ការ​រៀបចំ​រដ្ឋបាល​និង​បង្កើត​កម្លាំង​ទ័ព​បាន​ខ្លាំង​
បង្គួរ​។ បារាំង​មាន​បំណង​ពង្រីង​អាណានិគម​បរស់​ខ្លួន​នៅ​ឥណ្ឌូចិន​ឲ្យ​បាន​ឆាប់​រហ័ស ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី​ទៀត​។ ជា​ដំបូង​កងទ័ព​ប្រដាប់​អាវុធ​បារាំង​បាន​បើកបរ​នាវា​ចំបាំង ឡើង​ទៅ​ដល់​ឧដុង្គ​ដោយ​សំអាង​លេសថា​ ដើម្បី​ការពារ​បុព្វជិត​កាតូលិច​។ ប៉ុន្តែ​តាម​ពិត​បារាំង​កំពុង​តែ​ជ្រៀត​ចូល​មក​លើ​ទឹកដី​យើង​ ហើយ​កំពុង​តែ​រងចាំ​ឱកាស​ល្អ​ដើម្បី​ឆក់​ដណ្ដើម​យក​ប្រទេស​យើង​។
ក្រោយ​ស្ដេច​អង្គឌួង​បាន​ចូល​ទី​វង្គត​ទៅ បុត្រ​ច្បង​នាម​នរោត្ដម​ បាន​ឡើង​សោយរាជ្យ​ (១៨៥៩)​។​ ទំនាស់​ដណ្ដើម​រាជបល័្លង្គ​បាន​កើត​ឡើង​រវាង​បងប្អូន​ឯង​និង​ក្នុង​ រាជវង្សានុវង្ស​។
សៀម​ក៏​បាន​ចូល​មក​ធ្វើ​អន្តរាគមន៍​។ ដើម្បី​កុំ​ឲ្យ​ឱកាស​ល្អ​កន្លង​ផុត បារាំង​ក៏​បាន​លូកដៃ​ចូល​ក្នុង​ទំនាស់​ផ្ទៃក្នុង​របស់​ខ្មែរ​ភ្លាម​។
នាវា​ចំបាំង​មួយ​របស់​បារាំង​បាន​ចូល​មក​ដល់​ឧដុង្គ​ ហើយ​បាញ់​កាំភ្លើង​ធំ​ពីរ​-បី​គ្រាប់ ដើម្បី​បង្ហាញ​នូវ​មហិទ្ធិឫទ្ធិ​របស់​គេ​។ មួយ​ម៉ោង​ក្រោយមក​ឧត្ដមនារី​បារាំង​ចូល​មក​ដល់​ព្រះរាជវាំង​ ហើយ​បង្ហាញ​ដល់​ស្ដេច​នូវ​គោល​បំណង​នៃ​ទស្សនៈកិច្ច​របស់​ខ្លួន​ដោយ​សុំ​ស្នើ ​ដាក់​ទូត​បារាំងម្នាក់​អម​ស្ដេចខ្មែរ​។ ពេល​នោះ​ស្ដេចនរោត្ដម​បាន​ទទួល​នាយ​ទាហាន​បារាំង​យ៉ាង​កក់​ក្ដៅ​បំផុត​ ហើយ​ទទួល​យល់​ព្រម​តាម​សំណើរ​បារាំង​ដោយ​សប្បាយ​រីករាយ​។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ឆ្នាំ​១៨៦៣​។
នេះ​ជា​ជំហាន​ទីមួយ​ហើយ​ ដែល​ស្ដេច​បាន​ប្រគល់​ទឹកដី​យើង​ឲ្យ​ទៅ​ពួក​អាណានិគម​បារាំង​។ ស្ដេច​នរោត្ដម​ត្រេកអរ​ណាស់ ព្រោះ​ជា​យូរ​មក​ហើយ​ដែល​ទ្រង់​បាន​ស្វែងរក​បង្អែក ដើម្បី​ការពារ​រាជ​ប័ល្លង្គ​។ ឥឡូវ​បំណង​នេះ​បាន​សម្រេច​ហើយ​។
ប៉ុន្តែ​ទាំងអស់​នេះ​ពុំ​ទាំន់​បាន​ធ្វើ​ឲ្យ​បារាំង​សប្បាយ​ចិត្ត​ទេ ព្រោះ​ពួក​នេះ​ចង់​ឲ្យ​ប្រទេស​យើង​ក្លាយ​ទៅជា​អាណានិគម​របស់​វា​។ ការ​នឿយណាយ​របស់​ប្រជាជន​និង​ភាព​កំសាក​បរស់​ស្ដេច​ បាន​ផ្ដល់​នូវ​ការ​ងាយ​ស្រួល​ដល់​បារាំង​។
មាន​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ ១៨៨៤​ វេលា​ម៉ោង​១០យប់​​ ឧត្ដម​នាវី​បារាំង​ម្នាក់​បាន​នាំ​ទាហាន​ជើងទឹក​មួយកង ប្រដាប់​ដោយ​អាវុធ​ចូល​មក​ក្នុង​រាជវាំង​។ ពេលនោះ​មេឃ​ងងឹត​សឹង​តែ​រក​មើល​អ្វី​ពុំ​យល់​។ ស្ដេច​កំពុង​ផ្ទុំលក់​យយ៉ាង​សុខស្រួល​។ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅដាស់​ស្ដេច​ទេ​។ ឧត្ដមនាវី​បារាំង​បាន​ចូល​ទៅ​ដាស់​ស្ដេច​ដោយ​ខ្លួន​ឯង ព្រោះ​តំនាង​បារាំង​រូបនេះ ពុំ​អាច​នៅ​រង់ចាំ​ឲ្យ​ហួស​ពី​១៥នាទី​ឡើយ​។ ស្ដេច​ក្រោក​ពី​ផ្ទុះ​យ៉ាង​សើងម៉ើង​។ បារាំង​បាន​ហុច​សន្ធិសញ្ញា​មួយ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ទៅ​ឲ្យ​ស្ដេច​ចុះ​ហត្ថលេខា​។
នៅ​ក្នុង​សន្ធិសញ្ញា​នោះ មាន​មាត្រា​សំខាន់ៗ​ដូចតទៅ៖​
មាត្រា៥​ “ព្រះរាជា​ខ្មែរ​ត្រូវ​តែ​យល់​ព្រម​ទទួល​រេស៊ីដង់​បារាំង​ម្នាក់​ដែល​មាន​ ឋានៈ​ជា​មន្ត្រី​ជាន់​ខ្ពស់​ឲ្យ​មក​ធ្វើការ​អម​ជា​មួយ”
មាត្រា៦​ “ប្រាក់​ចំនាយ​ផ្សេងៗ​របស់​រាជាណាចក្រ​ខ្មែរ និង​រដ្ឋការ​អាណាព្យាបាល​បារាំង​ ជា​បន្ទុក​របស់​ប្រទេស​កម្ពុជា”​។
មាត្រា១០​ “ក្រុង​ភ្នំពេញ​គ្រប់គ្រង​ដោយ​មន្ត្រី​បារាំង​ម្នាក់ អម​ដោយ​ក្រុម​ប្រឹក្សា​មួយ​ មាន​សមាជិក​ជាតិ​បារាំង​៦នាក់​ ជនបរទេស​៤នាក់​ និង​ខ្មែរ​៣នាក់”​។
លេខាផ្ទាល់​របស់​ស្ដេច​នរោត្ដម​ ក្រោយ​ពី​អាន​សន្ធិសញ្ញា​ចប់​ក៏​ស្រែកឡើង​ថា៖ “ព្រះករុណា​ជា​ម្ចាស់!​ នេះ​ពុំ​មែន​ជា​សន្ធិសញ្ញា​ដែល​គេ​ដាក់​ផ្វាយ​ព្រះអង្គ​ទេ តែ​ជា​ការ​បង្ខំ​ដោយ​ដាក់​​រាជ្យ”​។ តែ​ស្ដេច​នរោត្ដម​ពុំ​អាច​ធ្វើ​អ្វី​កើត​ក្រៅ​ពី​ចុះ​ហត្ថលេខា​ឡើយ​។ ពេលនោះ​ ឧត្ដមនាវី​បារាំង​មាន​ទឹក​មុខរីករាយ​ ហើយ​និយាយ​យ៉ាង​ឧឡារឹក​ថា៖ “អស់លោក​ នេះ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ”​ (នេះ​ជា​សម្ដី​ផ្ទាល់​របស់​តំនាង​ប្រទេស​បារាំង​ឈ្មោះ​សាលថុំសុន)​។
ជាក់ស្ដែង​ដូច​សម្ដី​របស់​ថុំសុនមែន​។ ទំព័រ​ថ្មី​របស់​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​បាន​ជាប់​ផ្ដើម​។ របប​រាជានិយម​ជិត​ដល់​ទី​បញ្ចប់​ហើយ​។ របប​អាណានិគម​ត្រូវ​គេ​យក​មក​បន្ថែម​ពីលើ​មួយ​ជាន់​ទៀត​។ ចាប់​ពី​ពេល​នោះ​មក ប្រជាជន​យើង​បាន​ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​ដូច​ប្រជាជន​វៀតណាម​ និង​ប្រជាជនឡាវ​ជា​បង​ប្អូន​ដែរ​។ ប្រសិន​បើ​ប្រជាជាតិ​និង​ប្រជាជន​ទាំងបី​ប្រទេស​នៅ​ឥណ្ឌូចិន​ក្រោកឡើង​តស៊ូ​ ដោយ​ឡែក​ពីគ្នា​ខ្វះ​សាមគ្គីភាព​ នោះ​ជ័យជំនះ​លើ​ពួក​អាណានិគម​និយមបារាំង​ពុំ​អាច​មាន​ឡើយ​។ តែ​ប្រវត្តិសាស្ត្រ​បាន​ផ្សារ​ភ្ជាប់​ប្រជាជាតិ​ទាំងបី​ក្នុង​ការ​តស៊ូ​ ដើម្បី​ឯករាជ្យ​ សេរីភាព​ និង​សុភមង្គល​របស់​ប្រទេស​និមួយៗ​។
សំនួរ
១-តើ​​ក្នុង​កាលៈទេសៈ​ណា​ដែល​ពួក​អាណានិគម​បារាំង​ចូល​មក​ដណ្ដើម​កាន់កាប់​ប្រទេស​យើង​?
២-ចូរ​បង្ហាញ​ពី​អាកប្បកិរិយា​ឆ្គាំឆ្គង​របស់​ពួក​បារាំង​។ ហេតុអ្វី​បាន​ជា​ពួក​នេះ​មាន​អាកប្បកិរិយា​បែបនេះ​?
៣-ចូរ​ពន្យល់​ពី​មូល​វាចារណ៍​របស់​លេខាស្ដេច​នរោត្ដម​។
៤-បារាំង​និយាយ​ថា៖ “នេះជា​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ”​។ តើ​មាន​ន័យ​បែបណា​? តើ​អ្នក​យល់​បែប​ណា​ដែរ​?

0 comments :

Post a Comment