ច្បាប់ល្បើកថ្មី
បទកាកគតិ
១- អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់
មាតាបិតា ។
ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឱ្យធម៌កេសា
អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា
ខែចែត្រឆ្នាំច ចត្វាស័កក កគិតកាព្យថ្មី
លើច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី
ចូរស្ដាប់គ្រប់គ្នា ។
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់ ។
៥- អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក ។
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តទៀតទៅមុខ ។
សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ
កើតទាន់លោកីយ៍ ឮតែទំនុក ដំណែលអាពុក
ចូរចាំគ្រប់គ្នា ។
អ្នកជឿពាក្យចាស់ ជឿចាំឱ្យណាស់ កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ
កុំយកខ្លួនបៀត ។
ឃើញឫកគេល្អ ទោះបីមានក្រ យកគេជាញាតិ
គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ
សុចរិតត្រឹមត្រូវ ។
១០- រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ ។
បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ
បម្រើមហាក្សត្រ ប្រយត្នស្ដេចទាយ ពាក្យពិតទំនាយ
រលាយកេរ្ដិ៍ឈ្មោះ ។
ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ
ជួនទាយឱ្យទាប ជួនទាយឱ្យខ្ពស់ ទាយឱ្យសក្ដិយស
ទាញចុះកុំខឹង ។
បម្រើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឱ្យដឹង
ខ្លួនខ្ជិលហៃព្រើល លោកមើលសម្លឹង សម្លក់ឱ្យប្រឹង
ខំប្រិតសូត្ររៀន ។
បម្រើមើលពុត ប្រាជ្ញាឱ្យមុត ស្មារតីឱ្យមាន
បើខ្លៅឱ្យប្រាជ្ញឮ បើខ្លាចឱ្យហ៊ាន ចង់បានរបៀន
កុំអៀនកុំខ្មាស ។
១៥- ពុតលោកថាធំ ជ្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់
បម្រើលោកណា លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់
ប្រាសចោលឱ្យឆ្ងាយ ។
កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្ដរាយ
បើប្រពន្ធកូន បងប្អូនចៅហ្វាយ អាពុកឬម្ដាយ
ឱនកាយប្រតិបត្ដិ ។
អ្នកកុំមើលងាយ ឃើញគេរីករាយ ព្រួយខ្លួនប្រយត្ន
ត្រកូលញាតិផៅ កូនចៅមហាក្សត្រ ស្មើថ្លើមប្រមាត់
ប្រមាថមិនបាន ។
ទោះអ្នកដទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន
កុំថាតែមនុស្ស ទោះសត្វតិរច្ឆាន ឯងស្អប់ប៉ុន្មាន
កុំហ៊ានប្រមាថ ។
របស់ឬទ្រព្យ ដែលជាសម្អប់ កុំបាច់សម្អាត
ទ្រព្យណាសម្លាញ់ អស់អញឱហាត ចូរចៅសង្វាត
ជួយថែរក្សា ។
២០- កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់ ពាក្យចាស់ឧបមា
បូរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង ។
សាច់សាលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង
អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ ។
សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន ប្រពន្ធកូនចៅ
សរសៃនិងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ
ជាស្មៅអាចម៍មាន់ ។
ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់
កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់
អាប់អន់អាត្មា។
បើអ្នកមានយស មានសក្ដិខ្ពង់ខ្ពស់ គាប់នឹងរាជការ
ធ្វើធំធ្វើថី មន្ត្រីមានត្រា ព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ៍ ។
២៥- ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្ដី
កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី
យកឧបេក្ខា ។
កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ
កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ត្រង់ណា
សច្ចាយកត្រង់ ។
លួងលោមពិសោធ កុំឆបញ្ឆោត បញ្ចូលឱ្យបង់
ឱ្យបែកឱ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់
តម្រង់ស្មារតី ។
កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដិ ធ្លាក់ទៅអវចី
កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកីយ៍
ដល់បរលោកនាយ ។
អ្នកក្ដីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ
ចៅក្រមជាទឹក រំឮករម្លាយ កុំជេរកុំវាយ
បង្ខំនាំខុស ។
៣០- ចោរលួចចោរប្លន់ រីចោរស្មគ្រស្មន់ តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះ បញ្ឆេះខាងណោះ លួងលោមបញ្ចុះ
បញ្ចូលចិត្ដក្ដី ។
កុំដុតឱ្យក្ដៅ បើឃើញអ្នកខ្លៅ ប្រាជ្ញាគ្នាខ្លី
កុំឃើញប្រាក់ប្រុស បន្ដុះខាងស្រី បើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់ ។
កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រឡាស់
ក្រឡេកមើលគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ ។
អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ដ គ្រូសូត្រអក្សរ
កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត
ស្មើមិត្ដសម្លាញ់ ។
រាស្ត្ររត់ចូលជ្រក សួរសាចទៅមក កុំអើឯងអញ
ពាក្យពុំពិរោះ គេកើតមួក្នាញ់ គេដៀលផ្ចាលផ្ចាញ់
អន្ដរាយកេរ្ដិ៍ឈ្មោះ ។
៣៥- កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពិរោះ
ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដិយស កុំឆ្លៀតនាំឈ្លាះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុំ
ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពួតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអើត កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្ដលោកសង្ឃ ។
ដោះមួកដាក់ឆត្រ ឱនកាយប្រតិបត្ដិ លំអុតឱនអង្គ
កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្វ្រង្ស៍
កុំបង់សាសនា ។
កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា
តែងខ្លួនឱ្យល្មម មើលពូជពង្សា សង្ខេបនិដ្ឋិតា រឿ
ងផ្គាប់បុណ្យសក្ដិ ។
៤០- បើទៅជារាស្ត្រ ប្រាជ្ញាវៃឈ្លាស គូរវាសឆ្លកឆ្លាក់
ឱ្យឆ្លៀតរែកពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់
ឱ្យគ្រាន់ទាន់ចាយ ។
រាជ្យបារាំងសេស កូនកុំប្រហែស កុំថ្នមរូបកាយ
ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ
ស្រេចនៅមានទ្រព្យ ។
រាជ្យហ្លូងពីមុន រកស៊ីរែកពុន មានក្រតាមភព្វ
រាជ្យលោកឥឡូវ ត្រូវខំឱ្យញាប់ តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ ។
តាំងពីឆ្នាំច ចាំជាដំណ ទំនិញឡើងថ្លៃ
ចងក្បិនឱ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ
កុំឱ្យក្រខ្សត់ ។
បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់
កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ
ប្រាក់រត់តាមហៅ ។
៤៥- កុំថ្នមកម្លាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ
រៀនអ្វីឱ្យឆ្អិន កុំឱ្យខ្លោចឆៅ កុំដេកតែខ្លៅ
ក្រក្រៅសន្ដាប់។
បើល្ងង់ឱ្យចេះ រករៀនតម្រិះ រិះរកតម្រាប់
ឥន្ទ្រីយ៍ឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់
រៀនមើលឱ្យស្ដែង។
កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង
បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង
កុំដេកតែក្រ។
កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ
សុចរិតត្រឹមត្រូវ ។
កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ
កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ
កុំស្រាស់បន្លា។
៥០- គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវ ហើយជេរផ្ដាសា កូនម្ដាយអាណា
ស្រាស់ដើរមិនរួច ។
កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច
ជំពប់ជើងគេ គេថាឯងខូច ជេរដៀលដល់ពូជ
ប្រដូចមេបា ។
លើកភ្លឺឱ្យធំ បង្ហាប់ឱ្យមាំ គាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាន នឹងមិនផលា កើតសាធុការ
អាយុយឺនវែង ។
កូនអើយធរណី បើតាមគម្ពីរ ដែលលោកសម្ដែង
កុំចង់បានធំ ក្រមុំឆ្វេលឆ្វែង កុំលើកដីឯង
លបដាក់ស្រែគេ ។
អំពើអាក្រក់ មួយចម្រៀកសក់ ធ្លាក់ទៅនិរយេ
បច្ចុប្បន្នលោកីយ៍ កើតក្ដីវាយជេរ មិនដែលសុខទេ
ព្រោះដីមួយហត្ថ ។
៥៥- កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្ដិ
ចង់គង់ប្រយោជន៍ ឱ្យចេះប្រយត្ន ពាក្យឪមួយមាត់
ឱ្យគិតមួយម៉ោង ។
សម្អាតផ្ចិតផ្ចង់ លើកភ្លឺឱ្យត្រង់ កុំលើកឱ្យកោង
អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង
ទំនាបទឹកហូរ ។
ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ
អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ
បន្ធូរហួសទៅ ។
រាំងរីងថ្ងៃយប់ ឆាប់លើកឆាប់ទប់ កុំឱ្យបាក់ជ្រៅ
កត្ដឹកចេញខ្យល់ តម្កល់ទឹកនៅ បើចង់បានស្រូវ
ស្រេចនៅត្រឹមថែ ។
កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ
ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ
បង្ហិនខ្លួនឯង ។
៦០- ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង
ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង
ភ្ជួរឆ្វេងមិនត្រូវ ។
ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ
ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទម្រាំតែទៅ
រលួយស្រូវអស់ ។
កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ
ដីទួលចម្ការ ឯណាចន្លោះ ដាំជារបស់
ជាយជួររបង ។
របៀបចម្ការ ថែទាំរក្សា យូរៗស្រាស់ម្ដង
ស្រាស់ឱ្យត្រូវជួរ មើលគួរសមផង កុំបើកមុជឆ្លង
ទៅស្រាស់ខាងក្រៅ ។
មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ
កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ
ពីព្រោះចម្ការ។
៦៥- មួយទៀតរបង ជិតផ្លូវអ្នកផង គេទៅណាៗ
ធ្វើឱ្យទូលាយ កុំរាយបន្លា កាប់ឆ្កឹះទាត់ឆ្ការ
ឱ្យឆ្ងាយពីផ្លូវ ។
កុំធ្វើចង្អៀត ក្រែងយប់អធ្រាត្រ ខ្លះមកខ្លះទៅ
ចៀសគ្នាមិនរួច បើកបរកាត់ស្រូវ ជេរម្ដាយតាមផ្លូវ
រហូតដល់ផ្ទះ ។
កូនអើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់
ជាតិក្រោយខ្វាក់ខ្វិន កខ្វេះកខ្វាស សូវចោលដីខ្លះ
មិនខាតប៉ុន្មាន ។
កុំខ្លាចតែក្រ ធ្វើឫកមិនល្អ ច្រើនកើតរឱស្ថាន
រអែករអោក បាត់ញាតិសន្ដាន ឥតគេរាប់អាន
មានតែគេស្អប់ ។
កាន់ឫកឱ្យខ្ពស់ ឱ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់
យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ
កុំធ្លាប់ហ៊ានខ្ចី ។
៧០- គ្រប់ការសារពើ ចង្អេរកញ្ជើ កន្ដាំងតៅល្អី
រនាស់រទេះ គោសេះក្របី បើបានជាខ្ចី
ខ្ចីប្រាក់គេទិញ ។
យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ
របស់បានយើង ជាជើងជួញចេញ ឯទ្រព្យនោះមិញ
ពេញជាទ្រព្យឯង ។
កុំខ្ចីគេប្រើ តែមួយដំណើរ មិនយូរអង្វែង
ជួនជាបាក់បែក ជជែកទាស់ទែង សងគេមិនលែង
ចាស់ផ្លាស់ជាថ្មី ។
កើតមកជាប្រុស គិតឱ្យសព្វសុស កុំឱ្យសល់អ្វី
បួសរៀនធម៌អាថ៌ សាស្រ្ដាបាលី បរលោកលោកីយ៍
កុំបីចន្លោះ ។
សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ
កុហកជឿបុល បំណុលរុំកោះ ច្រើនគេដាក់ខ្នោះ
អស់ស្រែចម្ការ ។
៧៥- ធ្វើរាស្រ្ដរកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល
ក្រហេតុពីខ្ជិល មានត្បិតឧស្សាហ៍ អ្នកមានប្រាជ្ញា
មិនស្មើគំនិត ។
កំណើតសំណាង សំណូមសូមសាង កកើតពីគិត
ពីកាលជាតិមុន បុណ្យព្រេងអតីត កើតរូបគំនិត
ទើបកើតសំណាង ។
ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង
ដប់ឆ្នាំនេះហើយ ប្រកាន់ម្យ៉ាងៗ ខ្លះអួតសំណាង
ខ្លះអាងគំនិត ។
កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឱ្យរកស្រុកជិត
បើរកស្រុកឆ្ងាយ ឱ្យម្ដាយពិនិត្យ ឱ្យត្រឹមត្រូវពិត
ពូជពង្សាវតារ ។
កូនអើយអ្នកចាំ កុំជឿខែឆ្នាំ កុំជឿតម្រា
ពាក្យក្បួនទាំងឡាយ កើតពីមនុស្សចារ ពីដូនពីតា
ចារតាមសម្គាល់ ។
៨០- អ្នកជឿតែពូជ អម្បូរធ្លាប់ខូច វាខូចរាងរាល់
ពូជមានវាមាន ពូជទាល់វាទាល់ កុសលអកុសល
យើងមើលមិនជាក់ ។
ប្រពន្ធនិងប្ដី អាយុវែងខ្លី យើងមើលមិនច្បាស់
កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម្ង៉ៃបង់ប្រាក់
រកអាយុវែង ។
អម្បូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង
ពូជចោរស្រីៗ យកប្ដីចិត្ដឯង មិនគិតកោតក្រែង
ខ្លាចចិត្ដមេបា ។
កូនចៅស្រីៗ បើនឹងយកប្ដី ឱ្យមើលកិរិយា
មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា
មួយអ្នកចង់ស្រី ។
មួយអ្នកក្រមាច់ លេងផោមលេងអាចម៍ ច្រើនអាយុខ្លី
ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្រ្ដី
ធ្វើក្រមជំទប់ ។
៨៥- ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់
មានមួកខ្វះឆត្រ កម្រមានគ្រប់ មួយទៀតកុំភប់
ជួញប្រាំប្រការ ។
ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា
សព្វសត្វអ្វីៗ បក្សីបក្សា ព្រាត់មេព្រាត់បា
ទេវតាលោកលក់ ។
លោកីយ៍នេះខ្សត់ យម្ភបាលគេកត់ នៅស្ថាននរក
មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូនអើយចាំទុក
ក្រគ្រប់ប្រាំបី ។
ឯអ្នកទាំងអស់ រកស៊ីម៉េះម៉ស់ ច្រើនជាងស្រីៗ
ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី
អាងឈ្លោះបំពាន ។
នេះពូជអ្នកក្រ រស់ទាំងត្រដរ ទាំងអត់ទាំងឃ្លាន
ធ្វើគុណនឹងគេ រកគេសងគ្មាន ហេតុនេះកុំរៀន
ទាំងប្រាំបីផ្លូវ ។
៩០- យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែបានស្រូវ
ប្រព្រឹត្ដសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ
ព្យាយាមសម្លាប់ ។
អន្ទាក់ជង់កុក អង្រុតឈ្នាងឈ្នក់ គ្រប់គ្រឿងប្រដាប់
ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់ ចោលស្រូវកណ្ដាប់
កណ្ដុរកាត់អស់ ។
កំពប់ខ្ចាត់ខ្ចាយ ខូចខាតអន្ដរាយ មិនស្ដាយស្រណោះ
យប់រវល់ប្របក់ ចង់បានត្រីរ៉ស់ ខែភ្លឺរវល់ឆ្លុះ
ដើរដេញសំពោច ។
វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច
អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច
អាងជឿគេស៊ី ។
កូនអើយបំណុល ចងការជឿបុល មួយឡើងជាពីរ
អ្នកភ្លេងអារក្ខ ច្រើនទឹមគោញី ធ្វើស្រែមួយពីរ
ធ្វើសោះតែខាន ។
៩៥- ថ្ងៃដេកក្រភ្ញាក់ យប់លៀងអារក្ខ ឈឺឆ្អាលសន្ដាន
គេស្ដីគេពឹង នឹងឈប់មិនបាន គេរករាប់អាន
កាលមានធុរៈ ។
ផ្លុំប៉ីកូតទ្រ ស្រែកច្រៀងវាយស្គរ មិនបានលុយកាក់
ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ
ដោយសារឱ្យថ្លៃ ។
ឡើងត្នោតភ្ជួរស្រែ កម្រទាន់គេ ដ្បិតដេកដល់ថ្ងៃ
ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ ចំណេះចង្រៃ
នាំខាតធ្វើការ ។
ឯខ្មោចអារក្ខ ស្លាប់ដប់រស់ម្នាក់ ថ្វាយចេកថ្វាយស្រា
សំពះនឹកគុណ ខ្មោចប្រេតដូនតា មិនដែលអ្នកណា
នឹកគុណអ្នកភ្លេង ។
ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង
សម្ដីច្រើនតឹង ស្រវឹងវង្វេង ចំហរអួតក្អេង
មិនចេះក្រខ្សត់ ។
១០០- អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់
ឯងចេះតែកិន ចិនគិតតែកត់ ផឹកដល់កំណត់
យកស្រែបញ្ចាំ ។
សល់ថ្នាលមួយពីរ វាយគោស្ងោរស៊ី មិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់ អត់បាយរាប់ឆ្នាំ អស់ស្រែបញ្ចាំ
បញ្ចាំកូនទៀត ។
កំណើតផឹកស្រា ផឹកផុតមេត្ដា ផឹកជ្រុលហួសមាឌ
អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ
ច្រើននៅខ្ញុំចិន ។
រែកទឹកពុះអុស វាទុញវាតុះ ចាក់កែវផឹកសិន
ស៊ូរែកខំអត់ សំពត់ខើចក្បិន ទម្រាំបាយឆ្អិន
ចិនដួសហៅស៊ី ។
ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី
ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជី ខ្ញុំចិនម្ង៉ៃពីរ
វិលទៅរវាំងផ្ទះ ។
១០៥- ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់
គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់
កម្រមានថ្មី ។
ផ្ទះលេចវាលល្វឹង ជញ្ជាំងចងហ៊ឹង ស្លាធ័របាយសី
ខួចប្រេងក្រមួន ម្លូស្លាបារី កំលោះពីរបី
ចោមរោមរៀនស្នេហ៍ ។
រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត ព្រួយចិត្ដឪម៉ែ
កូនអើយប្រពន្ធ អាងមន្ដពូកែ ត្រូវគុករាប់ខែ
អស់ស្រែត្រពាំង ។
ធម្មតាប្រពន្ធ បានដោយសីលមន្ដ ដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្ដាំង
នៅខ្លះចង្អេរ ។
បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ
បើចូលជំនុំ មិនរម្យដូចគេ អង្គុយវេះវេរ
មិនហ៊ានហាលមុខ ។
១១០- នេះពុតអ្នកក្រ ចាំជាតំណ តជាទំនុក
ប្រយត្នដំណៀល គេដៀលអាពុក កូនអើយចាំទុក
ចាំតកូនចៅ ។
រក្សាពូជពង្ស បើខ្លួនល្ងឹតល្ងង់ ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ
កូនឯងកុំភប់ ។
កុំភ័យខ្លាចអត់ មើលឱ្យប្រាកដ គួរយកគួរឈប់
គួរឈានគួរឈោង តោងមើលឱ្យគ្រប់ កុំចេះតែងប់
មិនស្ដាប់ឪម៉ែ ។
រកប្ដីប្រពន្ធ ឱ្យគិតឱ្យគន់ ឱ្យមើលថួនថែ
ត្រកូលក្រខ្សត់ ប្រា កដតាមខ្សែ បីដូចឈើផ្លែ
មិនដែលចេះក្លាយ ។
ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់ មិនអត់សាហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន ។
១១៥- រើសពូជមិនខុស ពូជសាំងនិងប្រុស ទាំងអស់បងប្អូន
ពូជសែនមេបា ពីតាដល់ដូន ពូជល្អសុទ្ធសូន្យ
ពីដូនដល់ចៅ ។
រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាស ប្រដូចតាមផៅ ចាស់ចង់ប្រដៅ
មិនសូវខុសខាន ។
ពាក្យចាស់លោកថា ធ្វើស្រែចម្ការ ស្ដាប់មហាសង្ក្រាន្ដ
ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន ធ្វើតាមប្រមាណ
ប្រមើលទឹកភ្លៀង ។
រកប្ដីប្រពន្ធ ឱ្យគយឱ្យគន់ រើសរករូបរាង
ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អឫកល្អៀង
នាងកុំប្រសព្វ ។
ជាតិស្រីនិងប្រុស បើបានជាខុស ខុសទាល់ថ្ងៃងាប់
បើបានរូបល្អ កម្រមានភព្វ មានខុសមានគាប់
ដូចស្រែចម្ការ ។
១២០- មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាតម្រា
កុំយកតម្រាប់ កុំស្ដាប់អាចារ្យ បើនឹងរៀបការ កុំ
ការប្រថួន ។
ប្រជែងវេលា ឮស្គរឆ្លើយគ្នា ប្រទប់ប្រទួន
ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន
ថាសុខសប្បាយ ។
កូនអើយអ្នកចាំ យូរណាស់៤ឆ្នាំ ព្រាត់ប្រាស់អន្ដរាយ
ច្រើនស្លាប់បីនាក់ រស់ម្នាក់មេម៉ាយ កូនឃើញតែម្ដាយ
មិនឃើញអាពុក ។
មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ
យកប្រពន្ធទៀត កម្រពេញមុខ កូននិងអាពុក
បែកគ្នាខ្ចាត់ខ្ចាយ ។
កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ
សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ
ស្ដាយខ្លួនក្រមុំ ។
១២៥- ហៅប្រុសអភព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ
យកឯងជាចុង បម្រុងតែយំ ច្រើនឈ្លោះជំនុំ
ព្រួយចិត្ដម៉ែឪ ។
ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ
ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ
ខ្លួនឯងស្លាប់ទៀត ។
ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត
ស្រីណាខំយក ស្រីនោះបង់មារយាទ ប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជាបី ។
យកទៀតជាបួន គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី
ប្រាកដមិនខុស ប្រុសក្នុងលោកីយ៍ ស៊ូនៅអត់ប្ដី
ស្លាប់រស់រូបមួយ ។
បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ
កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ
រត់ចូលឱ្យប្រើ ។
១៣០- ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ
អាមួយស្រីលែង ស្រីគេគ្រាន់បើ ពោះម៉ាយក្លាយដើរ
អាងលែងប្រពន្ធ ។
ពោះម៉ាយទាំងអស់ កុំយកឱ្យសោះ ហៅប្រុសទុជ៌ន
ទុរជាតិអប្រីយ៍ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់
ចំណាំមិនខុស ។
កំលោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ
រកស៊ីមានបាន សុខសាន្ដឥតឈ្លោះ ចម្រើនរូបរស់
អាយុយឺនយូរ ។
កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ
គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ
ម៉េះម៉ស់នឹងល្បែង ។
វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង
ខ្លួនយើងជាស្រី ស្រដីឥតក្រែង យល់គេប្អូនឯង
ឯងមើលងាយជេរ ។
១៣៥- ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ ។
គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ
ខ្លួនឯងប្រមាថ ប្រតិបត្ដិឱ្យត្រូវ រាសីគង់នៅ
ទេព្រក្សរក្សា ។
ប្រពន្ធនិងប្ដី ធំស្រេចនឹងស្រី គត់គង់ភរិយា
ឈ្លោះហើយច្រើនខ្សត់ ស្រីអត់លក្ខិណា ប្ដីខ្ជិលឧស្សាហ៍
ព្រោះឫកប្រពន្ធ ។
ជាតិស្រីមានលក្ខណ៍ ទេវតាពំនាក់ កបកើតទ្រព្យធន
ប្រទេចជេរវាយ ចង្រៃទុជ៌ន ជួរជាតិលើសលន់
លើសលុបលើប្រុស ។
ហៅកាឡកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស
បើមានភ្ញៀវមក រឹតរករឿងឈ្លោះ អសោចសាយសុស
រង្គោះធនធាន ។
១៤០- រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា ។
កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតម្រា
គួរយកតម្រាប់ គួរស្ដាប់ពុទ្ធដីកា ព្រះអង្គទេសនា
គាថាបួនបទ ។
រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹង ឱ្យប្រឹងខំអត់ វាជេរវាហត់
វាស្បថលែងខឹង ។
ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង
យើងស្ដីត្រង់ណា ឱ្យចំត្រង់ហ្នឹង ឃើញឫកយើងរឹង
ខ្លាចយើងខាងក្រោយ ។
ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឱ្យ
បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ
ក្នុងតែវាដឹង ។
១៤៥- នេះមន្ដព្រះពុទ្ធ ប្រាជ្ញាឱ្យមុត ឱ្យគិតថ្លែងថ្លឹង
កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូនអើយខំប្រឹង
កាន់ច្បាប់ទាំងបួន ។
កុំជួញរវល់ កុំតបតទល់ កើតទាស់គុំគួន
កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងជួន
លែងជួបមួយជាតិ ។
បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ោះស់ធ្វើញាតិ
ឱ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត
អសារឥតការ ។
ចំណីចំណុក បើឱ្យស៊ីចុក ឱ្យដោយមេត្ដា
កុំឱ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា
រើរែករត់បាត់ ។
មនុស្សគ្មានកន្លែង ខុសពីមារយាទឯង មិនប្រុងប្រយត្ន
តាមទាន់តឹងទារ វាខឹងក្ដៅក្ដាត់ គុំគួនដោយស្ងាត់
បំភ្លាត់ឯងបាន ។
១៥០- ហេតុនេះគួរគិត គួរកូនពិនិត្យ ច្បាស់សុំរាប់អាន
គួរឱ្យសុំឱ្យ គួរខានឱ្យខាន ត្បិតពាក្យបូរាណ
មានពីរចំណែក ។
ចងទុកជាក្បួន ចិត្ដល្អក្រខ្លួន នេះពាក្យមួយប៉ែក
មួយទៀតចិត្ដល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំស្អែក
គង់តែនឹងមាន ។
ចិត្ដល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន ។
ឃើញអ្នកទុគ៌ត កម្សត់អត់ឃ្លាន មិនស្គាល់ពោះវៀន
ហ៊ានឱ្យជឿខ្ចី ។
ទៅទារមិនឱ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី
ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី
រវល់ក្ដីខានថែ ។
ចិត្ដល្អមួយទៀត មេត្រីជាញាតិ សម្ដីខ្ចីស្រែ
បានស្រូវស៊ីស្កប់ ត្រឡប់កាច់កែ រំលងឆ្នាំខែ
ដកហូតមិនបាន ។
១៥៥- ឯងប្ដឹងវាត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន
របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន
ទម្រាំចាញ់ឈ្នះ ។
ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឱ្យច្បាស់
កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ
ប្រទាញសងខាង ។
ចាំចិត្ដកណ្ដាល បើនឹងឈឺឆ្អាល សប្បុរសមើលយ៉ាង
រៀនស្លូតរៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង
ខ្មោចខាងវាស្អប់ ។
ល្អមិនក្រយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្ដាយទ្រព្យ
គ្រូវាយកុំខឹង ឱ្យប្រឹងខំផ្គាប់ ចេះមន្ដសាយសព្វ
ត្រឡប់ជាមាន ។
ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន
ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន
ព្រោះចិត្ដអាក្រក់ ។
១៦០- ខូចខិលល្ងង់ខ្លៅ គ្រូជេរប្រដៅ ខឹងលបសម្លក់
របេញរបុញ ភូតភរកុហក ស៊ូប្លន់លួចឆក់
មិនខំធ្វើស្រែ ។
អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ
ដល់គេឃើញមុខ ត្រូវគុកច្រើនខែ អាក្រក់ដល់ម៉ែ
ខូចកេរ្ដិ៍ដល់ឪ ។
ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ
ពាក្យពីបូរាណ លោកអានតម្រូវ ឫកមនុស្សឥឡូវ
ត្រូវតាមតម្រាយ ។
អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ
ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ
ចាយប្រាក់រាជការ ។
ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា
ក្រឡេកថ្នាំងដៃ កាឡៃបោះត្រា ទាស់ភ្នែកទេវតា
រក្សាផែនដី ។
១៦៥- មួយទៀតទុជ៌ន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្ដី
ទោសទៅចងចាប់ កាប់ឥតប្រណី បានបុណ្យមន្រ្ដី
ព្រោះបុណ្យធ្វើបាប ។
អំពើទាំងអស់ កុំសាងឱ្យសោះ ចៀសវាងដរាប
កាន់សីលព្រះពុទ្ធ ឱនលុតឱនក្រាប បើក្រដុនដាប
មានទេវតាជួយ ។
កូនអើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ
មនុស្សទ្រុស្ដឫស្យា ឯណានីមួយ ទេវតាពុំជួយ
ចំណាំស្គាល់មុន ។
មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក
ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក
ទាំងពីរកន្លែង ។
នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង
នរកយម្ភបាល គេផ្ចាលឥតក្រែង ព្រះអង្គសម្ដែង
ថាលានកោដិឆ្នាំ ។
១៧០- ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ
គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីលប្រាំ
បណ្ដាំសាសនា ។
ហៃកូនចៅអើយ ក្រឡាប់អស់ហើយ មិនដូចដូនតា
ភ្លៀងជនខែប្រាំង រាំងខែវស្សា ឆ្នាំវករកា
ត្រីស័កនេះឯង ។
រនោចផល្គុន រកាពីមុន ឯកស័កជាក់ស្ដែង
ក្នុងខ្នើតផល្គុន ជនគ្រប់កន្លែង ទាំងគេទាំងឯង
ធ្វើស្រែមិនបានផល ។
ឆ្នាំរោងឆស័ក វិសាខភ្លៀងធ្លាក់ ពីររោចសម្គាល់
យប់ថ្ងៃអាទិត្យ ងងឹតព្យុះខ្យល់ ភ្លៀងជន់ពេញថ្នល់
ពេញវាលតូចធំ ។
ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ
ឫស្សីស្រុកយើង រលើងទាំងគុម្ព ទើបគ្រាប់វាផ្ដុំ
ផ្ដួចដុះជាថ្មី ។
១៧៥- ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី
កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ
ធ្វើស្រែស្រូវបាន ។
ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបូរាណ
កត្ដិកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន
រលួយស្រូវអស់ ។
ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ
មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ
ដាច់ពោះក្សិណក្ស័យ ។
ខែចែត្រឆ្នាំវក ស្រឡះពពក កើតមានសម័យ
ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧត្បាតចង្រៃ
ឃើញសត្វអ្វីហោះ ។
ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់
មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ
មិនដឹងទៅណា ។
១៨០- កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានអាជ្ញា
មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិតា
ត្រូវសែសិបថាំង ។
រង្វាន់មេស្រុក ត្រូវហូតមួយទុក ដប់ជូនបារាំង
ទៅដល់ប៊ុយរ៉ូ បង្ហូរដាក់ឃ្លាំង ពូជពីរកន្ដាំង
ក៏ជាប់ពន្ធដែរ ។
គ្មានធូរគ្មានតឹង កូនអើយខំប្រឹង ជាតិឯងជាខ្មែរ
ក្មេងប្រុសជំទង់ នៅក្នុងឪម៉ែ រាជការប្រិតប្រែ
ថាឱ្យបង់ប្រាក់ ។
កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់
បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់
បង់ថ្លៃរាជការ ។
ភទ្របទឆ្នាំច ចាប់គោខ្មៅស ដុតដែកបោះត្រា
ដល់កុរជូតឆ្លូវ តម្រូវយ៉ាងណា នឹងកើតអស្ចារ្យ
រហូតរាល់ឆ្នាំ ។
១៨៥- នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្ដរងកម្ម
កូនប្រុសបណ្ដាច់ កុំភ្លេចបណ្ដាំ កប្បាសសូត្រថ្នាំ
ត្រីម៉ាំលែងថោក ។
ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក
មានចុះមានឡើង រាស្រ្ដយើងល្មមយក ល្មមរេលៃលក
គួរយកគួរខាន ។
កប្បាសនិងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន
កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបូរាណ
ម៉ែឪដូនតា ។
ដីកេរគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សារ
កូនចៅស្រីៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា
មានមាត់ចេះស្ដី ។
ឱ្យសួរចាស់ៗ រៀនបោះកប្បាស ថ្ពេចមូរសំឡី
រៀនកូតរៀនការ ត្រសារពាត់រវៃ ហូលគោមគាតក្ដី
កុំបីចន្លោះ ។
១៩០- រៀនថ្កររៀនត្បាញ ឱ្យចាស់បង្ហាញ បង្ហាត់ទាំងអស់
សំពត់បែបងាយ លាយសូត្រអំបោះ កុំទិញគេសោះ
ឈ្មោះការជាស្រី ។
ទិញដូរតែលាក់ អញ្ជុលចេសចាក់ ព្រហូតជាបី
ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫស្សី
មុខប្ដីជាប្រុស ។
តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ
ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលស់
គ្មានមនុស្សចេះដឹង ។
រកស៊ីឱ្យញឹក ដេកយប់រឭក រឹតក្បិនឱ្យតឹង
បើភ្ញាក់កាលណា កាន់ការកាលនឹង កូនអើយខំប្រឹង
ទាំងប្រុសទាំងស្រី ។
រមៀតស្លឹកគ្រៃ ជីរម្ទេសខ្ទឹមខ្ញី មានដីដាំចុះ
ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ គ្រឿងស៊ីឆ្អែតពោះ
ជុះចោលទទេ ។
១៩៥- ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ
កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ ដីសល់ទំនេរ
ល្មមមាត់ជុះទៅ ។
សក់មួយជាដប់ ជ្រៀតសិតឱ្យសព្វ កុំឱ្យសល់នៅ
បើប្រាជ្ញារាក់ ចាក់ចិត្ដឱ្យជ្រៅ ដាំចេកអំពៅ
ដូរស្រូវអង្ករ ។
កើតមកជាមនុស្ស មួយព្រួយចង់រស់ មួយព្រួយចង់ល្អ
ពីនេះជាធំ វានាំឱ្យក្រ ចាំជាតំណ
តជាទំនុក ។
មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយឪពុក
ធ្វើស្រែមិនត្រូវ គ្មានស្រូវជង្រុក កូនអើយចាំទុក
នេះមុខមេក្រ ។
មេមួយជាធំ កំលោះក្រមុំ ស្លៀកពាក់ចង់ល្អ
បើបានបែបខ្មៅ ថានៅបែបស ទើបគ្រាន់អន់ក្រ
ត្រដរចង់ថ្កើង ។
២០០- ក្រឡាប់នគរ រឹងរឹតកើតចោរ ច្រើនឡើងច្រើនឡើង
ពាលរឹងក្រអើត ចើតម៉ើតចើតម៉ើង ក្រដាសយ៉ាងស្ដើង
ចាយរហែកនៅដៃ ។
ប្រាក់ចាយអស់ទៅ ព្រោះមនុស្សឥឡូវ ឧត្បាតចង្រៃ
ជាតិខ្មែរប្រែភេទ ក្រឡែតក្រឡៃ ក្រឡាស់សាសន៍សៃយ
សព្វសត្វនានា ។
ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើជ្វា
យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ
កាប់គ្នាឥតក្រែង ។
ល្ងង់ឫកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង
ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង សារុងហៀរកែង
ធ្វើឯងអ្នកគ្រាន់ ។
កាន់ចិត្ដសីហលោ សេះទឹមនឹងគោ ចាក់ហ៊ោលាន់ៗ
រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់
ចាក់កាប់ជាប់គុក ។
២០៥- រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក
ចូរកូនប្រយត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក
ដំណកូនចៅ ។
អ្នកកុំប្រហែស រាជការនិរទេស កម្ចាត់ចេញទៅ
រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ
ថោកផៅត្រកូល ។
ប្រយត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល
ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល
លង់ផុតគំនិត ។
ដើរផ្លូវកណ្ដាល ស្រឡាញ់ស្និទ្ធស្នាល ឈឺឆ្អាលដោយពិត
មគ្គផលសីលទាន ឈានចូលឱ្យជិត យកធម៌ជាមិត្រ
មិនឥតអំពើ ។
មនុស្សម្នាក់ច្រើនឆោត ច្រើនគ្មានគេកោត ឈឺគ្មានគេមើល
ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ
ច្រមុះចុះក្រោម ។
២១០- កូនចៅស្រីៗ រៀនឆោតឱ្យល្មម ប្រុសស្មើម៉ែឪ
ឆូវឆប្រលោម មើលរូបមើលឆោម កុំព្រមដោយងាយ ។
កុំក្និចក្នក់ក្នាញ់ បើចិត្ដស្រឡាញ់ កុំចេញនិយាយ
បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរោះកុំរាយ
កុំងាយធ្វើស្និទ្ធ ។
កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ដ
នៅឱ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹងអាណិត
គិតចូលដណ្ដឹង ។
បើម៉ែឪឱ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅឆ្អឹង
ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង
ពិបាកចាយណាស់ ។
កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់
មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រឡះ
មិនខ្វះគេស្ដី ។
២១៥- បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី
រវៀសឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអី
ក្នុងតែគេដឹង ។
កុំមាយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង
គេថាត្រង់ណា ជេរគេត្រង់ហ្នឹង ជេរហើយខំប្រឹង
យកថ្មសង្កត់ ។
រម្លាយរម្លូត អាក្រក់តែគូទ អួតល្អតែមាត់
មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់
ធ្លាក់ទៅអវចី ។
ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបារាជិកស្រី
មេបាគេកាច់ ស្លាប់ពីរស្លាប់បី រម្លូតកូនខ្ចី
ស្មើរម្លាយព្រះ។
មានកាលមានក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេះកខ្វាស
ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្ដិ៍ខ្មាស
តកូនតចៅ ។
២២០- អសោចសុសសាយ សុសសព្វដល់ម្ដាយ ដល់ពូជពង្សផៅ
ស្លាប់ទៅរងទុក្ខ នរកឋានក្រៅ គេស្រុះទឹកក្ដៅ
ស្លាប់ទៅរស់ទៀត ។
ស៊ីខ្ទុះឈាមឯង ព្រះអង្គសម្ដែង ថាម៉ឺនសែនជាតិ
ឡើងមកជាប្រេត ហេតុកម្មមិនឃ្លាត អត់ឃ្លាតគ្មានញាតិ
ហែកកូនឯងស៊ី ។
ព្រះពុទ្ធលែងប្រោស ធម៌លែងសន្ដោស សោយទុក្ខវក់វី
ហេតុចិត្ដឫស្យា មិច្ឆាទិដ្ឋី កើតជាជ្រូកញី
គេគ្រៀវគេចាក់ ។
អសង្ខេយ្យឆ្នាំ ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់
មនុស្សខ្វិនទ្រែមទ្រម ជាគមជាគាក់ ខ្ទើយឆ្កួតអបលក្ខណ៍
ជាអ្នកឥតប្ដី ។
បើម្ដាយជួយព្រួត ជួយនាំរម្លូត រម្លាយកូនខ្ចី
នរកប្រេតព្រមគ្នា មិនឃើញរស្មី ត្បិតចិត្ដតិរ្ថិយ
ទាំងម្ដាយទាំងកូន ។
២២៥- ហេតុនេះគួរខ្លាច ធម្មតាចោរកាច មិនដែលស្ងាត់សូន្យ
អសោចកេរ្ដិ៍ឈ្មោះ ទាំងអស់បងប្អូន មេបាតាដូន
កាត់កាលលែងរាប់ ។
គួរប្រុងឥរិយា កើតទាន់សាសនា ហៅមហាមានភព្វ
ទាំងស្រីទាំងប្រុស កុំបីឱ្យធ្លាប់ គួរខំរៀនផ្គាប់
បរលោកលោកីយ៍ ។
ឯខុសនឹងគាប់ បើនឹងរៀបរាប់ រាល់រូបប្រុសស្រី
គាប់ខុសនៅចិត្ដ ខុសគាប់នៅស្ដី គម្រប់ជាបី
ខុសត្រូវនៅកាយ ។
កូនប្រុងប្រព្រឹត្ដ ការកេរ្ដិ៍ឱ្យជិត គំនិតឱ្យឆ្ងាយ
កើតមកជាខ្មែរ កុំប្រែក្លែងក្លាយ ធម្មតាសប្បាយ
វាតែងឱ្យទុក្ខ ។
ឱ្យទោសឱ្យទែង ទាស់តែម្នាក់ឯង ដល់ម្ដាយឪពុក
រីឯរឿងទោស មានតែពីរមុខ មួយនៅនរក
មួយនាលោកីយ៍ ។
២៣០- លោភោទោសោ កើតពីមោហោ រាល់រូបប្រុសស្រី
គួរកាន់មេត្ដា កតញ្ញូខន្ដី នេះជាបាលី
ទៅកាន់បរលោក ។
ពាក្យពិតប្រដៅ ឱ្យអស់កូនចៅ ប្រព្រឹត្ដរៀនយក
កូនណាមិនរៀន កូននឹងមារយាទថោក នឹងធ្លាក់ជ្រុលជ្រក ឪ
ក្នុងចតុរាបាយ ។
ធំស្រេចនៅស្លូត សុខខ្លួនរហូត ដរាបវែងឆ្ងាយ
ខន្ដីអំណត់ សង្កត់ក្នុងកាយ ជាតិជនទាំងឡាយ
កម្រកាន់បាន ។
ចេះហើយមិនដឹង ចិត្ដនៅម្នះរឹង ប្រឹងរកកម្មដ្ឋាន
រកធម៌មិនយល់ ខ្ជិលខ្វល់ឈប់ខាន បន្ទោសបូរាណ
ថាគ្មាននិស្ស័យ ។
រីបាបនិងបុណ្យ មានចិត្ដជាមុន មាត់ជាបច្ច័យ
នាំចុះនាំឡើង ពីជើងពីដៃ សន្សំសព្វថ្ងៃ
ឈ្មោះហៅសំណាង ។
២៣៥- កើតក្នុងលោកីយ៍ រាល់រូបប្រុសស្រី មានចិត្ដមានអាង
កុសលអកុសល ប្រទាញសងខាង រូបនៅតេងតាង
តែងតាមទៅមក ។
មគ្គផលសីលទាន បើល្ងង់ឱ្យរៀន បើគ្មានឱ្យរក
យល់ល្អសាងស្អាត សង្វាតជ្រៀតជ្រក ជ្រើសរើសរៀនរក
រក្សារូបកាយ ។
នេះជាហៅច្បាប់ ជាទីសណ្ដាប់ សណ្ដានទាំងឡាយ
កូនចៅប្រុសស្រី កុំបីនឿយណាយ សង្ខេបបរិយាយ
និដ្ឋិតំចែងចប់ ។
អ្នកព្រះភិរម្យ អាចារ្យង៉ុយខ្ញុំ បង្គំម្រាមដប់
លើសលស់ឆ្គាំឆ្គង រំលងពុំគាប់ ពុំគួរសមសព្វ
សុសសាយសេចក្ដី ។
កាយកម្មវចីកម្ម ឈ្មោះច្បាប់បណ្ដាំ កូនចៅប្រុសស្រី
ជាបរមត្ថក្រៅ មិនហៅបាលី បរលោកលោកីយ៍
ទាំងពីរកន្លែង ។
២៤០- បើលោកឯណា ចេះចាំធម៌អាថ៌ ប្រាកដជាក់ស្ដែង
ឃើញខុសត្រង់ណា កុំថាជាល្បែង ដ្បិតពាក្យខ្ញុំតែង
ឱ្យក្មេងវាភ័យ ។
មិនមែនភរភូត កុំថាខ្ញុំអួត ប្រាជ្ញាខ្ញុំវៃ
ឃើញមនុស្សវង្វេង ខ្ញុំតែងច្បាប់ថ្មី អស់អាថ៌សេចក្ដី
អេវំចប់ហោង ៕ (និពន្ធដោយ ៖ កវី ក្រម ង៉ុយ ឆ្នាំ១៩២២ )
0 comments :
Post a Comment