Thursday, January 16, 2014

វីរបុរស​របស់​ប្រជាជន​យើង​

ប្រជាជន​យើង​មាន​ចរិត​ជា​អ្នក​ស្នេហា​ជាតិ​ដ៏​ មោះមុត​ តែ​ភាគ​ច្រើន​ទុកចិត្ត​លើ​ស្ដេចណាស់​។ ឥឡូវ​នេះ​ស្ដេចយើង​បាន​បញ្ចេញ​មុខមាត់​ក្បត់​ ដោយ​មាន​ការ​ប្រគល់​ប្រទេស​ទៅ​ឲ្យ​ពួក​អាណានិគមនិយម​។ ប្រជាជន​ពុំ​អាច​ធ្វើ​អ្វី​កើត​ក្រៅពី​ក្រោកឡើង​កាន់​អាវុធ​ប្រឆាំង​នោះ​ទេ​ ។ ដូចនេះ​ហើយ​ បន្ទាប់​ពី​ការ​បង្កើត​របប​អាណាព្យាបាល​ក្នុង​ឆ្នាំ​ ១៨៦៣​ មក​ ប្រតិកម្ម​របស់​ប្រជាជន​បាន​ស្ដែងឡើង​ជា​រលក​តស៊ូ​មួយ​ដ៏ខ្លាំងក្លា​។

ការបះបោរ​មុនគេ​ដែល​មាន​ឥទ្ធិពល​ខ្ទរខ្ទារ​គឺ​ចលនា​ដឹកនាំ​ដោយ​ អាចារ្យស្វា​។ បារាំង​មាន​បំណង​បង្អាប់​តម្លៃ​នៃ​ការបះបោរ​នេះ​ ដោយ​មួល​បង្កាច់ថា​៖ “អាចារ្យស្វា​ ជា​ទាសករ​មួយ​រូប​ ដែល​ប្រកាស​ខ្លួន​ជា​អង្គម្ចាស់អង្គភឹម​”​។ តាមការពិត​គាត់​ជា​អាចារ្យ​មួយរូប​មាន​ព្រហ្មវិហារធម៌​មាន​ចិត្ត​សន្ដោស​ ប្រណី​ និង​មាន​ចំណេះដឹង​ទៀតផង​។ អាចារ្យស្វា​មាន​កំណើត​នៅ​កំពត​ ជា​អ្នក​ស្នេហាជាតិ​មោះមុត​និង​មាន​ប្រជាប្រិយ​ភាព​ណាស់​។ យោល​ទៅ​តាម​បំណង​របស់​ប្រជាជន​កម្ពុជា​ អាចារ្យស្វា​បាន​ផ្ញើរ​លិខិត​តវ៉ា​មួយ​ទៅ​ឲ្យ​បារាំង​ ដោយ​ផ្ដន្ទាទោស​ចំពោះ​អំពើ​ឈ្លានពាន​របស់​ពួកវា​ និង​ស្នើ​សុំ​ឲ្យ​ប្រគល់​ឯករាជ្យ​មក​ប្រជាជន​វិញ​​។ បារាំង​ពុំ​បាន​ឆ្លើយ​តប​មក​វិញ​ទេ​។ ដោយ​មាន​ការ​មិន​​សប្បាយចិត្ត​នឹង​បារាំង​ ប្រជាជន​ក៏​បាន​ក្រោក​ឡើង​តស៊ូក្រោម​ការ​ដឹក​នាំ​របស់​អាចារ្យស្វា​។
ក្នុង​ពេលនោះ​ ពួក​អាគានិគមនិយម​បារាំង​កំពុងច្បាំងដណ្ដើម​យក​ភាគ​ខាង​ត្បូង​វៀតណាម​។ ប្រជាជន​នៃ​ភូមិភាគ​ខាង​ត្បូង​វៀតណាម​បាន​ប្រមូលផ្ដុំ​គ្នា​ក្រោម​ការដឹកនាំ ​របស់​អ្នកស្នេហា​ជាតិ​ ម្នាក់​ឈ្មោះ​ ង្វៀន​ ហ្វ៊ីវហ្វ៊ិន​ ដើម្បី​តស៊ូ​ស្រោចស្រង់​ប្រទេសជាតិ​។ អាចារ្យស្វា​ បាន​ជួប​នឹង​ ង្វៀន​ ហ្វ៊ីវហ្វ៊ិន​ ហើយ​សន្ទនា​គ្នា​ពី​កម្មវិធី​សហប្រតិបត្តិការ​។បន្ទាប់​មក​មេដឹកនាំ​ទាំងពីរ ​បាន​សំរេច​បង្កើត​មូលដ្ឋាន​តស៊ូ​រៀងៗ ខ្លួនៗ​នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​នៃ​ប្រទេសទាំងពីរ​។ មូលដ្ឋាន​តស៊ូ​របស់​អាចារ្យស្វា​ ស្ថិត​នៅ​ក្នុង​ខេត្ត​តាកែវ​។
ការ​បះបោរ​បាន​ឮ​សុះសាយ​ ហើយ​ទាក់ទាញ​ប្រជាជន​បាន​ច្រើន​កុះករ​។ កសិករ​ជា​ច្រើន​មក​ពី​គ្រប់ទិសទី​បាន​ចូលរួម​ចលនា​ប្រយុទ្ធ​។ ដោយ​ព្រួយ​បារម្ភ​ចំពោះ​សភាពការណ៍​នេះ​ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​បង្ក្រាប​ចលនា​បះបោរ​យ៉ាង​សាហាវ​បំផុត​។ ប៉ុន្តែ​​ កងទ័ព​ស្ម័គ្រចិត្ត​ចិត្ត​បាន​សំលាប់​ចៅហ្វាយ​ខេត្តទ្រាំង​​ ហើយ​កាន់កាប់​ខេត្តកំពត​។ តមកទៀត​ សំទុះ​នៃ​ជ័យជំនះ​បាន​ធ្វើ​ឲ្យ​កង​ស្ម័គ្រចិត្ត​លើក​ទ័ព​សំដៅ​មក​រាជធានី​។ តែ​ពេល​នោះ​ នៅ​តាម​ផ្លូវ​ កងទ័ព​អាចារ្យស្វា​ បាន​ជួប​ប្រទះ​នឹង​កងទ័ព​បារាំង​ព្រមទាំង​ទាហាន​របស់​ស្ដេច​ ហើយ​បាន​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំងក្លា​ ។​ ប៉ុន្តែ​ដោយចាញ់​ប្រៀប​អាវុធ​ កងទ័ព​ស្ម័គ្រចិត្ត​ត្រូវដក​ខ្លួន​ថយ​ ហើយ​រក​កន្លែង​លាក់ខ្លួន​ជា​បណ្ដោះអាសន្ន​។​ ការ​តាម​ដាន​ចាប់​ខ្លួន​អ្នក​បះបោរ​ បាន​បរព្រឹត្ត​ទៅ​យ៉ាងឃោរឃៅ​។ អាចារ្យស្វា​បាន​ភៀសខ្លួន​ទៅ​វៀតណាម​ ហើយ​ស្នាក់អាស្រ័យ​ជា​មួយ​មិត្ត​រួម​អាវុធ​ក្នុង​កងទ័ព​ ង្វៀន​ ហ្វ៊ីវហ្វ៊ិន​​។ បារាំង​បាន​យកការណ៍​បាន​ ក៏​តាមដាន​រហូត​ដល់​ជំរក​របស់​អ្នក​ស្នេហាជាតិ​។ បារាំង​បាន​ចូល​ទៅ​ហ៊ុមព័ទ្ធ​ រួច​ក៏ចាប់​ឆែកឆេរ​រុករក​។ តែ​ជា​អកុសល​អាចារ្យស្វា​ត្រូវ​គែ​បាញ់ដួល​ទាំង​កាំភ្លើង​នៅ​ជាប់​នឹងដៃ​។ ការ​បះបោរ​នេះ​ មាន​រយៈពេល​ប្រហែល​ពីរឆ្នាំ​(១៨៦៤-១៨៦៦)​។ ក្នុង​រយៈពេល​ជា​មួយ​ចលនា​របស់​អាចារ្យស្វា​ នៅ​ប៉ែកអាគ្នេយ៍​ខាង​កើត​ខេត្ត​ក្រចេះ​ និង​ខេត្ត​ជិតខាង​ មាន​ចលនា​មួយ​ទៀត​កើតឡើង​ដែរ​ ក្រោម​ការដឹកនាំ​របស់ ពោរកំបោរ​។គេ​មិន​បាន​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ​ និង​ស្រុកកំណើត​របស់​គាត់​ទេ ប៉ុន្តែ​គេ​បាន​ដឹងថា​ ពោរកំបោរ​ ជាអ្នក​ស្នេហាជាតិ​ ជា​អ្នក​ស្អប់បារាំង​ដែល​ជា​អ្នក​ឈ្លានពាន​ប្រជាជន​មួយ​ចំនួន​ធំ​កោត​ ស្ញប់ស្ញែង​គាត់ ហើយ​ដើរ​តាម​គាត់​។ ដោយ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាប្រិយភាព​ និង​ឥទ្ធិពល​របស់​គាត់​ រដ្ឋាភិបាល​បារាំង​បាន​អញ្ជើញ​ពោរកំបោរ​ឲ្យ​ចូល​ខ្លួន​មក​ព្រៃនគរ​ ហើយ​ចាប់​គាត់​ឃុំទុក​ក្នុង​លំនៅដ្ឋាន​មួយ​ប៉ុន្តែ​នៅ​ទីនោះ​គាត់​បាន​ ទាក់ទង​យ៉ាង​ស្ងាត់​ជា​មួយ​អ្នក​ស្នេហា​ជាតិ​វៀតណាម​ហើយ​អ្នកស្នេហា​ជាតិ​ នេះ​បាន​ជួយ​គាត់​ឲ្យ​រួច​ផុត​ពី​ដៃដែក​របស់​បារាំង​។
ទៅ​ដល់​ក្រចេះ​ ពោរកំបោរ​ បាន​បង្កើត​មូលដ្ឋាន​តស៊ូ​នៅ​ភូមិភាគ​ខាងជើង​ហើយ​បាន​កសាង​បន្ទាយ​មួយ​ យ៉ាងមាំ​។ ពោរកំបោរ​ បាន​ជួប​ ទ្រឿងគ្វាន​ ជា​ច្រើន​ដង​ ដើម្បី​សហការណ៍​គ្នា​ក្នុង​ការ​តស៊ូ​រួម​។
ទ្រឿងគ្វាន​ ជាមិត្ត​រួម​នៃ​គំនិត​តស៊ូ​ប្រឆាំង​នឹង​បារាំង​ ហើយ​ក៏​ជា​ប្រជាជន​វៀតណាម​ ស្នេហាជាតិ​ម្នាក់​ដែរ​។ គាត់​បាន​ដឹកនាំ​ប្រជាជន​ក្នុង​តំបន់​ឲ្យ​កសាង​មូលដ្ឋាន​តស៊ូ​នៅ​តៃនិញ​ ដើម្បី​ប្រឆាំង​អាណានិគមនិយម​។ មូលដ្ឋាន​នេះ​ស្ថិតនៅ​ក្បែរ​មូលដ្ឋាន​របស់​ពោរកំបោរ​ដែរ​។ ក្នុង​ការប្រយុទ្ធ​ ភាគគី​ទាំងពីរ​ខាង​ បាន​ដឹកនា​ការតស៊ូ​រួម​ និង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅមក​។ យុទ្ធជន​ទាំងពីរ​នេះ​ បាន​ជួបគ្នា​ជា​ញឹកញយ​ ដើម្បី​ពិភាក្សា​គ្នា​ ប្ដូរ​បទ​ពិសោធ​គ្នា​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​។
ភូមិភាគ​ខាងកើត​ទាំងមូល​ បាន​ធ្លាក់​មក​ក្នុង​ការ​គ្រប់គ្រង​របស់​ពោរកំបោរ​ប្រជាជន​ភូមិភាគ​ផ្សេងៗ​ ទៀត​ ក៏​ងាក​ទៅរក​កងទ័ព​ស្ម័គ្រចិត្ត​ដេរ​។ ចៅហ្វាយ​ខេត្ត​មួយ​ចំនួន​ដែល​មិន​រវល់​អើពើ​បង្ក្រាប​ពួក​បះបោរ​ បាន​ត្រូវ​ទទួល​ទណ្ឌកម្ម​។ កងទ័ព​ព្រះរាជា​បាន​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​តែ​បរាជ័យ​ដ៏​ ធ្ងន់ធ្ងរ​ ហើ​បោះបង់​ចោរ​ជួរ​ប្រយុទ្ធ​។ រដ្ឋបាល​បារាំង​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កំទេច​ចលនា​តស៊ូ​របស់​ ប្រជាជន​ដែរ​។ ដោយ​សារ​មាន​ប្រៀប​ខាង​អាវុធ​ បារាំង​អាច​រុញច្រាន​កងទ័ព​ស្ម័គ្រចិត្ត​ជា​ញឹកញយ​ នឹង​ស្ទុះ​ទៅ​មុខ​ជានិច្ច​។ នៅ​ពេល​នោះ​តៃនិញ​ និង​ខេត្ត​ទាំងឡាយ​នៅ​ជិតៗ​នោះ​ បាន​ត្រូវ​កាន់កាប់​ និង​ឡោមព័ទ្ធ​ដោយ​ពួក​បារាំង​។ ពោរកំបោរ​បាន​ត្រូវ​បង្ខំចិត្ត​នាំ​ទ័ព​ចេញ​ពី​ក្រចេះ​ទៅ​បោះ​ទីតាំង​ជា​ បណ្ដោះ​អាសន្ន​នៅ​ក្បែរ​ឧត្ដុង្គ​។ នៅ​ទី​នោះ​ ក្រោយ​ពីការ​ប្រយុទ្ធ​ខ្លាំងក្លា​ប្រឆាំង​បារាំង​មក កងទ័ព​ស្ម័គ្រចិត្ត​បាន​ទទួល​ការ​ខូចខាត​យ៉ាង​ដំនំ​ ហើយ​រត់​បែកខ្ញែក​គ្នា​អស់​។ ពោរកំបោរ​បានរត់​គេចខ្លួន​ទៅ​តំបន់​កំពង់ធំ​។ ជនក្បត់​ជាតិ​ម្នាក់​បាន​ជូនដំណឹង​មក​បារាំង​ ស្ដីពី​វត្តមាន​របស់​ពោរកំបោរ​។ ភ្លាម​នោះ​ បារាំង​បាន​ចេញ​ទៅ​ហ៊ុមព័ទ្ធ​ ដើម្បី​ចាប់​ខ្លួន​ពោរកំបោរ​។ ស្ដេច​នរោត្ដម​ ក្រោម​បញ្ជា​របស់​បារាំង​ បាន​ឲ្យ​គេ​កាត់​ក្បាល​ ពោរកំបោរ​ យក​មក​តាំង​នៅ​ភ្នំពេញ​។ កងទ័ព​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​ទៅ​រស់នៅ​តំបន់​ព្រៃភ្នំ​ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ បាន​វិល​មក​មូលដ្ឋាន​ខ្លួន​វិញ​។ ចលនា​បះបោរ​របស់​ពោរកំបោរ​ បាន​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ តែ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ (១៨៦៥-១៨៦៧)​ តែ​ចលនា​បែបនេះ​ចេះ​តែ​បាន​បន្ត​ជា​ច្រើន​ឆ្នាំ​មក​ទៀត​។
នេះ​ជា​ចលនា​បះបោរ​ដំបូង​បង្អស់​របស់​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​ពួក​ អាណានិគមនិយម​បារាំង​។ ចលនា​នេះ​ ជា​សម្លេង​របស់​ប្រជាជន​ប្រឆាំង​តប​នឹង​ការ​ចុះញ៉ម​ដ៏​អាមាស់​របស់​ ស្ដេចនរោត្ដម​។ ប៉ុន្តែ​ក្នុង​ការ​តស៊ូ​លើក​ទីមួយ​នេះ​ ហើយ​ដោយ​មាន​សត្រូវ​ដូចគ្នា​ ប្រជាជាតិ​ទាំងពីរ​ កម្ពុជា​ វៀតណាម​ ស្មាកៀកស្មា​ ជួយគ្នា​ទៅវិញ​ទៅមក​ ដើម្បី​ស្រោចស្រង់​អធិបតេយ្យភាព​ជាតិ​។
នេះជា​ចលនា​បះបោរ​ត្រូវ​គេ​កំទេច​ ដោយ​មក​ពី​សត្រូវ​មាន​ប្រៀប​ខាង​អាវុធ​ មាន​កងទ័ព​រៀបរយ​ និង​មក​ពី​ស្ដេច​ចូល​រួម​គំនិត​ជា​មួយ​ពួក​អាណានិគមនិយម​បារាំង​។ ឈ្មោះ​វីរបុរស​អាចារ្យស្វា​និង​ពោរកំបោរ​ រស់នៅ​ជា​អមតៈ​ ក្នុង​សតិអារម្មណ៍​របស់​ប្រជាជន​ និង​ជំរុញ​ប្រជាជន​ឲ្យ​តស៊ូ​ជានិច្ច​ ដើម្បី​រំដោះ​ប្រទេស​យើង​៕
សំនួរ

១-ហេតុអ្វី​បាន​ជា​មាន​ចលនា​តស៊ូ​ក្រោយ​ឆ្នាំ​ ១៨៦៣?​
២-តើ​ចលនា​ដឹកនាំ​ដោយ​អាចារ្យស្វា​ និង​ពោរកំបោរ​ បាន​ទទួល​លទ្ធផល​ដូចម្ដេច​ខ្លះ?​ ព្រោះអ្វី?​
៣-តើ​ហេតុដូចម្ដេច​ បាន​ជា​អាចារ្យស្វា​និង​ពោរកំបោរ​ ធ្វើ​សហការ​ជា​មួយ​ពួក​ចលនា​តស៊ូ​នៅ​វៀតណាម?

ដក​​​ស្រង់​​​ចេញ​​​ពី​​​សៀវភៅ “ប្រវត្តិសាស្ត្រ ថ្នាក់ទី ៥”
ដែល​​​បោះ​​​ពុម្ព​​​ផ្សាយ​​​ដោយ​​​ក្រសួង​​​អប់រំ ឆ្នាំ ១៩៨៦។

0 comments :

Post a Comment