Friday, February 21, 2014



ពុទ្ធចក្រ និង អាណាចក្រ

បុរាណ​បណ្ឌិត​ទាំងឡាយ លោក​សន្មត​ប្រទេស​នីមួយ ៗ ទុក​ដូចជា​តួ​រទេះ​ឬ​តួ​រថ រទេះ​ឬ​រថ​នោះ ត្រូវ​មាន​ចក្រ គឺ​កង់​ទាំង​ពីរ​ខាង កង់​ម្ខាង​ហៅថា សាសនចក្រ កង់​ម្ខាង​ទៀត​ហៅថា​អាណាចក្រ ។
សាសនចក្រ ជា​កង់​ខាង​សីលធម៌ ដែល​មាន​សីល​ប្រាំ​និង​សុចរិត​ដប់ និង​ចរិយា​សម្បត្តិ​ជា​មូលដ្ឋាន ។ ប្រទេស​ខ្មែរ តាំងពី​បាន​ទទួល​គោរព​ជឿ​កាន់​ព្រះពុទ្ធសាសនា​មក បាន​ផ្លាស់​ពាក្យ​សាសនចក្រ ឲ្យ​ហៅ​ថា ពុទ្ធចក្រ​វិញ ព្រោះ​យក​ព្រះពុទ្ធ​សាសនា​ដែល​សម្បូណ៌​ដោយ​សន្តិវិធី ជា​កង់​ម្ខាង​របស់​
ប្រទេស ។ ឯ​អាណាចក្រ​នោះ​បាន​ខាង​កង់ គឺ​អំណាច​ដោយ​យក​ច្បាប់​សម្រាប់​ប្រទេស ដែល​មាន​ទសពិធ​ធម៌​ដប់​ប្រការ​ជា​គោល សន្មត​ថា​ជា​កង់​ម្ខាង​របស់​រទេះ​ឬ​រថ គឺ​ប្រទេស​ដែរ ។
ចក្រ​គឺ​ កង់​ទាំង​ពីរ​ខាង​នេះ ជា​គូ​នឹង​គ្នា ត្រូវ​ឲ្យ​វិល​ស្មើ​គ្នា​ជា​ដរាប ។ ប្រទេស​ណា​បើ​ឲ្យ​សាសនចក្រ វិល​ខ្លាំង​ជាង​អាណាចក្រ គឺ​បើ​ប្រជាពលរដ្ឋ​ខំប្រឹង​ប្រតិបត្តិ​តាម​ផ្លូវ​សាសនា​ជ្រុល​ហួស​ពេក ជាង​ផ្លូវ​អាណាចក្រ ប្រទេស​នោះ​នឹង​ក្លាយ​ទៅ ជា​ទន់​ខ្សោយ ពុំ​បរិបូណ៌​ដោយ​ទ្រព្យ​ធន​និង​តេជានុភាព , បើ​ឲ្យ​អាណាចក្រ​វិល​ខ្លាំង​ពេក​ជាង​សាសនចក្រ គឺ​បើ​ប្រជាពលរដ្ឋ​ពុំសូវ​អើពើ​ចំពោះ​សាសនចក្រ សីលធម៌​និង​ចរិយា​សម្បត្តិ​ក្នុង​ប្រទេស​នោះ នឹង​មិន​សម្បូណ៌ ហើយ​ប្រទេស​នោះ នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​មាន​ច្រើន​តែ​ប្រជាជន​ឃោរឃៅ​ឈ្លានពាន​ពាយងាយ​ហួសហេតុ សូម្បី​ត្រឹមតែ​កតញ្ញុតាធម៌ កតវេទិតា​ធម៌​និង​វុឌ្ឍាបចាយនៈ​ធម៌ ដែល​សត្វលោក​គួរ​កាន់ គួរ​គោរព​ជានិច្ច ក៏​ក្លាយ​ទៅ ជា​ទន់​ថយ​ខ្សោយ​អស់ ស្ទើរតែ​នឹង​ឲ្យ​ឈ្មោះ​ថា​គ្មាន​សោះ​ក៏​សឹង​តែ​បាន ។
សម្ដេច​ព្រះសង្ឃ​រាជ
ជួន ណាត

0 comments :

Post a Comment