Friday, February 21, 2014


ព្រះត្រៃបិដក


        ក្នុង​ព្រះពុទ្ធ​សាសនា ព្រះ​ត្រៃបិដក ជា​កំណប់ ជា​​​ខ្លឹម ឬ​ជា​គោល​​ព្រះ​ធម៌​ ដែល​ជា​ធម៌​​រៀនសូត្រ ឬ​ជា​អរិយត្តិធម៌​ដ៏​ប្រសើរ​បំផុត ។ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​ចង់​ឃើញ ចង់​ស្គាល់​ឲ្យ​ជាក់​ភ្នែក​នូវ​អរិយត្តិធម៌​ដ៏​ឧត្ដម​នេះ​ជា​ពន់​ពេក ដោយ​តាម​រក​នៅ​តាម​បណ្ណាគារ​នានា តែ​មិន​ប្រទះ​ឃើញ​សោះ ។ ទើប​ម្សិលមិញ​នេះ ខ្ញុំ​បាន​ទៅ​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​បំណង​រក​មើល​​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ​ផង តែ​មិន​​បាន​ឃើញ​មាន​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ, មានតែ​ក្នុង​ភាសា​​បាលី តែ​ខ្ញុំ​បាន​ឃើញ​ព្រះ​ត្រៃបិដក​​​
ដែល​មាន​ចំនួន ១១០ ក្បាល ។ ​ខ្ញុំ​ពុំ​ធ្លាប់​ដឹង​​ថា​ព្រះ​ត្រៃបិដក​មាន​រហូត​ដល់ ១១០ ក្បាល​ដូច្នេះ​ទេ គឺ​សរុប​ទាំងអស់​មាន​ជាង​បួន​ម៉ឺន​ទំព័រ​ ។
កាល​ដើម​ឡើយ ខ្ញុំ​ស្រមៃ​ថា​គម្ពីរ​នេះ​ប្រហែល​មាន​ត្រឹម​មួយ​ក្បាល ឬ​ពីរ​ក្បាល និង​មាន​កម្រាស់​​ក្រាស់, មិន​ស្មាន​ថា​ច្រើន​ក្បាល​ដូច្នោះ​ទេ ។ ប្រការ​នេះ​ខ្ញុំ​កោត​សរសើរ​ដល់​ក្រុម​ជំនំ​បកប្រែ​ព្រះ​ត្រៃបិដក​បាលី​នេះ​ ជា​អនេក ។ ប្រយោជន៍​នៃ​ការបកប្រែ​នេះ​ធំធេង​ណាស់ មិន​អាច​កាត់​ថ្លៃ​​ឡើយ ដែល​អាច​ឲ្យ​ខ្មែរ​បាន​ឃើញ​ធម៌​ពិត (សច្ចធម៌) បាន​ស្គាល់​នូវ​អរិយត្តិធម៌​ ដែល​ជា​គោម​ប្រទីប​បង្ហាញ​ផ្លូវ​​ទៅ​រក​សេចក្ដី​ក្សេមក្សាន្ត បាន​ឃើញ​នូវ​ការណ៍​ពិត ស្គាល់​ល្អ​អាក្រក់ ។ល ។
បើ​តាម​ប្រសាសន៍​​លោក ប៊ុន្នីន, បណ្ណារក្ស​ពុទ្ធសាសនបណ្ឌិត្យ ថា​ព្រះ​ត្រៃបិដក​ខ្មែរ ជា​ព្រះ​ត្រៃបិដក​ដែល​បាន​បកប្រែ​ពី​បាលី​ចប់​ជា​ស្ថាពរ​មុន​គេ​បង្អស់​ ក្នុង​លោក ហើយ​​ន័យ​សេចក្ដី​មិន​ឃ្លាត​ចាក​​អំពី​ព្រះ​ត្រៃបិដក​បាលី​​ឡើយ គឺ​ស្មើ​គ្នា​ត្រឹម​នឹង​ព្រះ​ត្រៃបិដក​បាលី ។ ព្រះ​ត្រៃបិដក​ថៃ​វិញ គេ​បក​ប្រែ និង​សម្រាយ​ឲ្យ​ងាយ​យល់ ហើយ​បំព្រួញ​នៅ​ត្រឹម​ជាង​សែសិប​ក្បាល​ប៉ុណ្ណោះ ។ ធ្វើ​បែប​នោះ​​ក៏​ល្អ អាច​ឲ្យ​អាន​ទៅ​ងាយ​ចូលចិត្ត​បាន ប៉ុន្តែ​បើ​ចង់​ផ្ទៀង​​រក​សេចក្ដី​ដើម​ឲ្យ​ត្រឹមត្រូវ​គង់​នឹង​មាន​ការលំបាក ។
កិច្ច​បកប្រែ​​ព្រះ​ត្រៃបិដក​ខ្មែរ​​ចាប់ផ្ដើម​ពី​ឆ្នាំ ១៩៣០ ដល់​ឆ្នាំ ១៩៦៨ គឺ​ចំណាយ​ពេល​អស់ ៣៩ ឆ្នាំ​ទើប​ចប់​សព្វគ្រប់ ។ ការ​​នោះ​​​កើត​ឡើង​ដោយ​មាន​ការចាត់តាំង​ពី​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស ចម​ចក្រពង្ស ហរិរាជ​បរមិន្ធ​រភូវណៃ​ក្រៃ​កែវ​ហ្វា​សុឡាឡៃ ព្រះចៅ​ក្រុង​កម្ពុជាធិបតី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ចាត់​ក្រុម​ជំនំ​ដែល​មាន​សមាជិក​ជាង ៣០ នាក់ ឲ្យ​ធ្វើ​ការ​នេះ​លុះ​សម្រេច ។
ខ្ញុំ​ជឿ​ដោយ​ប្រាកដ ថា​ការអាន​ព្រះ​ត្រៃបិដក​នឹង​នាំ​ឲ្យ​កើត​សេចក្ដី​ក្សេមក្សាន្ត ស្គាល់​ការណ៍​ពិត លែង​វង្វេង​ដោយ​ការបំភាន់​នៃ​កិលេស ។ ការណ៍​ដែល​ខ្ញុំ​​ហ៊ាន​ថា​ដូច្នេះ​ ដោយ​ខ្ញុំ​បាន​ស្គាល់​ពាក្យ​ទេសនា​របស់​ព្រះ​ពុទ្ធ​ជា​អ​ម្ចាស់​​ខ្លះ​ៗ​ តាមរយៈ​សៀវភៅ​មួយ​ចំនួន​រួច​ហើយ ។ ខ្ញុំ​នឹង​តាំងចិត្ត​អាន​លុះ​ចប់ ១១០ ក្បាល​ត្រាតែ​បាន ។
ព្រះ​ត្រៃបិដក, បឋមភាគ, ភាគ ១, មហាវិភង្គ, វិនយបិដក

0 comments :

Post a Comment