Friday, February 21, 2014



អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ

និយាយ​តាម​ត្រង់​ទៅ ឥឡូវ​ខ្ញុំ​​ចេះ​សន្សំ​សំចៃ​គ្រាន់​បើ​ហើយ ។ ពី​មុន​បាយ​ស្រូប​មួយ​ចាន កាហ្វេ​ក្ដៅ​មួយ​ពែង សម្រាប់​អាហារ​ពេល​ព្រឹក តែ​ឥឡូវ​នៅ​សល់​តែ​​កាហ្វេ​ក្ដៅ​មួយ​ពែង​ទេ ។ កាហ្វេ​មួយ​ពែង វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ ដែល​មិន​ត្រូវ​ចំណាយ​ច្រើន​ដូច​បាយ​ស្រូប​មួយ​ចាន ដល់​ទៅ​ ២០០០​៛ ។ ព្រឹក​មិញ​នេះ នៅ​ហាង​កាហ្វេ អ៊ំ ៗ បបួល​គ្នា​ជជែក​រឿង​​​កូន ៗ និង ឪពុក​ម្ដាយ ។ កំលោះ​ព្រៅ​
ម្នាក់ អ្នក​នាំ​ហេតុ​ឲ្យ​កើក​កា​ជជែក​គ្នា​នោះ ដំបូង​គាត់​ថា “​គិត​ទៅ ក្នុង​គ្រួសារ​នីមួយ ៗ ភាគ​ច្រើន​តែង​តែ​មាន កូន​ណា​មួយ​ដែល​មិន​គិត​ឪពុក​ម្ដាយ​មិន​ខាន​ឡើយ​ ។​ ” គាត់​ផ្ដើម​ពាក្យ​នេះ ក៏​ព្រោះ​តែ​កំពុង​មើល​កម្មវិធី​ទូរទស្សន៍ ស៊ីធីអិន ដែល​ផ្សាយ​ពី ការ​អប់រំ​ខាង​សាសនា និង សង្គម ហើយ​ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីការ​​ពី​កូន​ដែល​ធ្វើ​បាប​ឪពុក​ម្ដាយ ដើរ​ប៉ោឡែ​ ​ជា​ដើម ។ ស្ដាប់​គាត់​និយាយ ដូច​ជា​ប្រាកដ​ពេក​ហើយ តែ​បើ​តាម​ការ​សង្កេត និង អំណះអំណាង​របស់​គាត់ អាច​ឲ្យ​ខ្ញុំ​យល់​ស្រប​តាម​គាត់​បាន ។ អ្នក​ផ្សេង ៗ ទៀត​ក៏​ចាប់​ផ្ដើម​ជជែក​ពី​រឿង​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំឡោះ​ចាស់​នោះ ហើយ​ក៏​កើត​មាន​រឿង​គួរ​ឲ្យ​ជក់​ចិត្ត​ទៅ ។ ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​គាត់​ដែរ ។ លទ្ធផល​ចុង​ក្រោយ នៃ​អង្គ​ជំនុំ​ក្រៅ​ផ្លូវ​ការ​នោះ​ បាន​នាំ​មក​ដល់​ការ​ឯក​ភាប​មួយ​គឺ “​កូន ​ដែល​មិន​គិត និង ធ្វើ​បាប​ឪពុក​ម្ដាយ​នឹង​ទទួល​ការ​តប​ស្នង​មក​វិញ ពី​កូន​របស់​ខ្លួន​​ស្នង​វិញ ដូច​ ឬ លើស​អំពើ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន​ទៅ​លើ​ឪពុក​​ម្ដាយ​របស់​ខ្លួន នៅ​ពេល​ដែល​​គេ​​ចាស់​ទៅ​ ។​” តើ​លោក​អ្នក យល់​ថា ពាក្យ​មួយ​ឃ្លា​នេះ​ត្រឹម​ត្រូវ ឬ ទេ ? ចូរ​ពិភាក្សា និង រក​អំណះអំណាង ទៅ​តាម​ការ​យល់​ឃើញ​របស់​លោក​អ្នក ។
រាល់​គំនិត​របស់​លោក​អ្នក អាច​ចូល​រួម​មួយ​ភាគ​នៃ​ការ​អបរំ​ខាង​សាសនា និង សង្គម សម្រាប់​កូន​ខ្មែរ​ដែរ ហេតុ​ដូច​នេះ សូម​លោក​អ្នក​បញ្ចេញ​ឲ្យ​អស់​ពី​សម្មត្ថភាព ដើម្បី​ឲ្យ​កាន់​តែ​ភ្លឺ​ច្បាស់​អំពី​បញ្ហា​នេះ ។ សូម​អរគុណ !

0 comments :

Post a Comment