Thursday, January 16, 2014

កូនត្រីចង់ជួបព្រះចន្ទ្រ

ថ្ងៃមួយ​កូនត្រី​តូច​មានការ​អផ្សុក​យ៉ាងខ្លាំង​ ក៏​ហែល​មក​រកបង​ៗ​របស់​វា​ដើម្បី​ប្រលែង​លេង​ ។​ ពេលមក​ ដល់​ កូន​ត្រី​បាន​ឮបង​ៗ​របស់វា​និយាយ​សសើរ​អំពីពន្លឺ​ដ៏ចិញ្ចែង​ចិញ្ចាច​របស់​ ព្រះចន្ទ្រ​ ។​ កូនត្រី​ឮ​ដូច្នោះ​ក៏សុំឱ្យ​បង​ៗជូន​ទៅលេង​ ។​ បង​ៗឆ្លើយថា​ :​

-​       ព្រះចន្ទ្រ​មិនទាន់​មក​ដល់ទេ​ !​
កូនត្រី​មិនជឿ​ក៏​ទៅជួប​ឪពុក​ :​
-​       ពុកៗ​អាច​ជូនកូន​ទៅមើល​ព្រះចន្ទ្រ​ផង​បាន​ទេ​ ?​
ឪពុក​ត្រី​ឆ្លើយ​ :​
-​       ពេលនេះ​ព្រះចន្ទ្រ​មិន​ទាន់​ចេញពីផ្ទះ​ទេ​ ពេល​យប់ចាំ​ពុក​នាំកូន​ទៅមើល​ ។​
កូនត្រី​មិនជឿ​សម្តី​របស់ឪពុក​ រួច​ក៏ហែល​ចេញ​ទៅរក​ព្រះចន្ទ្រ​តែម្នាក់​ឯង​ ។​ គ្រាន់តែ​ចេញពី​ផ្ទះ​បាន​ បន្តិច​ កូនត្រី​បាន​ជួប​ត្រី​ចាបធំ​មួយ​ ។​ ត្រីចាប​និយាយ​គំរាម​ :​
-​       យើះ!​ អាកូនត្រីតូច​ !​ យើងនឹង​ស៊ីឯង​ជាអាហារ​ ។​
ថាហើយ​ត្រីចាប​ក៏ដេញ​ត្របាក់​កូន​ត្រី​តូច​យ៉ាង​សាហាវ​ ។​ កូនត្រី​ខំហែល​យ៉ាងលឿន​ហើយ​ស្រែក​ :​
-​       ម៉ែអើយ​ជួយកូនផង​ !​ ពុកអើយ​ជួយ​កូនផង​ !​
កូនត្រី​បានហែល​ចូលទៅ​ពួន​ក្នុង​ក្រហែង​ថ្មតូចៗ​ដោយភិតភ័យ​ ។​ ត្រីចាប​មិនអាច​ចូលស៊ី​កូន​ត្រីបាន​ ក៏​ហែលចេញ​ទៅ​ ។​ ហែល​ទៅ​ក្បែរ​ព្រៃមួយ​ ស្រាប់​តែមាន​ក្តាម​មួយ​យ៉ាងធំ​និយាយ​គំរាម​កូនត្រី​ :​
-​       អាកូន​ត្រី​ព្រហើន​ក៏ហ៊ាន​ហែល​តែម្នាក់​ឯង​ យើង​នឹង​ចាប់​ឯងស៊ី​ជា​អាហារ​ !​
កូនត្រី​តូចឮ​ដូចនោះ​ភ័យ​យ៉ាងខ្លាំង​ ហើយ​ក៏ប្រញាប់​ហែល​ចូលទៅក្នុង​សារាយ​ ។​ មេក្តាមរក​ កូនត្រីមិន​ ឃើញ​ក៏ហែល​ចេញ​ទៅ​ ។​ កូនត្រី​ដក​ដង្ហើម​ធំរួច​និយាយ​ :​
-​​       នៅក្រៅ​ផ្ទះ​មាន​គ្រោះថ្នាក់​ណាស់​អ៊ីចឹងតើ​ បានជា​ពុក​មិនព្រម​ឱ្យ​ចេញមក​ក្រៅតែម្នាក់​ឯង​ ។​
គិតហើយ​កូនត្រី​ក៏​ហែល​សន្សឹមៗ​ទៅមុខ​ ។​ ដល់​ភូមិបង្កង​កូនត្រី​មាន​ការ​តក់ស្លុត​ យ៉ាងខ្លាំង​ ព្រោះ​ មាន​បង្កង​ធំមួយ​ហែល​សំដៅ​មករក​ ។​ កូនត្រី​ហែលចេញ​ដោយ​ស្រែក​ :​
-​       ជួយ​កូន​ផង​ម៉ែ !​
-​       ឈប់​សិន​អាកូន​ត្រីតូច​ យើង​ឃ្លាន​ណាស់ !​
ភ័យខ្លាំង​ពេក​កូនត្រី​ក៏​ត្បុល​ចូល​ទៅលាក់​ខ្លួន​ក្នុង​ផ្កាថ្ម​ ។​ ដោយហែល​ច្រើន​ដងពេក​កូនត្រី​អស់កម្លាំង​ វាក៏ដេក​លក់​ក្នុង​ផ្កា​ថ្ម​ ។​ ពេលវាភ្ញាក់​ដឹងខ្លួន​ឡើងវិញ​វាឃើញ​មានពន្លឺ​ មួយចាំង​នៅលើទឹក​ កូនត្រី​សប្បាយចិត្ត​ ណាស់​ព្រោះ​វាស្មានថា​ជា​ព្រះចន្ទ្រ​ក៏​ហែល​សំដៅ​ពន្លឺ​នោះ​ ។​ ចៃដន្យ​អាក្រក់​កូនត្រី​បានចូល​សំណាញ់អ្នក​ នេសាទ​ ជាមួយត្រី​ជាច្រើន​ទៀត​ ។​ កូនត្រី​ខំប្រឹង​រើបម្រះ​យ៉ាងខ្លាំង​នៅ​ក្នុង​សំណាញ់​​ ។​​​ដោយសារ​តែខ្លួន​របស់​ វាតូច​ផង​នោះ​កូនត្រី​ក៏រួចផុត​ពីសំណាញ់​ ។​ កូនត្រី​នឹក​ក្នុង​ចិត្តថា​ :​
-​       ថ្ងៃក្រោយ​ខ្ញុំ​លែងហ៊ាន​ចេញ​មក​ក្រៅផ្ទះ​ម្នាក់ឯង​ទៀតហើយ​ !​ ឥឡូវត្រូវ​ទៅ​រកព្រះចន្ទ្រ​នៅ​ឯណា​
ទៅ​ !​ តើ​ព្រះចន្ទ្រ​មានរាង​យ៉ាង​ម៉េច​ទៅ​ ?​
-​       កូនត្រី​ក៏ហែល​ចូល​ទៅ​បាតសមុទ្រ​តែម្នាក់ឯង​ដោយអស់​សង្ឃឹម​ មួយរំពេច​នោះ​វាក៏ឮ​សំឡេង​ឪពុក​ ម្តាយ​និងបង​ៗ​របស់​វា​ស្រែក​ហៅ​ វាក៏​ឆ្លើយ​ដោយ​សប្បាយ​ចិត្ត​ :​
-​       ពុក​ ម៉ែ​ បង​ៗ​ ខ្ញុំ​នៅ​ទីនេះ​ !​
កូនត្រី​ត្រេកអរ​ណាស់​ក៏ហែល​មក​រកគ្រួសារ​ ។​ វា​បាន​រៀបរាប់​រឿងរ៉ាវ​ដែលវា​ជួបប្រទះ​ទាំងអស់​ប្រាប់​ ឪពុក​ ម្តាយ​ និង​បងៗ​របស់វា​ ហើយពួក​គេក៏​និយាយទៅកាន់​កូនត្រី​ថា​ :​
-​       សំណាង​ល្អហើយ​ដែលកូន​មិនមាន​គ្រោះថ្នាក់​ ថ្ងៃ​ក្រោយ​កុំធ្វើ​អ៊ីចឹង​ទៀតណា​ !​
-​       ខ្ញុំ​សុំទោស​ !​ ថ្ងៃ​ក្រោយ​កូន​លែង​ហ៊ាន​ធ្វើ​អ៊ីចឹង​ទៀត​ហើយ​ !​
បន្ទាប់​មក​ពួកគេ​ក៏នាំ​កូនត្រី​ទៅលេង​នឹង​ស្រមោល​ព្រះចន្ទ្រ​ដែលចាំង​នៅលើ​ផ្ទៃទឹក​។​ កូនត្រី​និយាយ​ ដោយ​សប្បាយ​ចិត្ត​ :​
-​       ខ្ញុំ​បាន​ជួប​ព្រះចន្ទ្រ​ហើយ​ ​។​

“កូន​ល្អ​ស្តាប់​ដំន្មាន​ឪពុក​ម្តាយ​”​
ចប់​
 ស្នាដៃ​នេះ​បោះពុម្ព​ក្នុង​ទស្សនាវដ្តី​តាំតាំ​លេខ​ ៣៩​ ក្នុងឆ្នាំ​ ២០១១​
និពន្ឋ​ដោយ​ កែម​ លី​ហៀង​




ព្រះឥន្ទ្រ​ និង សម្លាញ់

កាលពីយូរយារណាស់មកហើយ មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា។ ម្នាក់ឈ្មោះ ផែន ម្នាក់ទៀត ឈ្មោះដោក ។ ថ្ងៃមួយ ពួកគេទាំងពីរនាក់បានធ្វើដំណើរតាមកប៉ាល់ទៅធ្វើ ជំនួញនៅស្រុកឆ្ងាយ ។ ពេលមក ដល់កណ្តាលសមុទ្រ ស្រាប់តែមានព្យុះយ៉ាងធំបក់បោកមក ធ្វើឱ្យកប៉ាល់នោះលិច ហើយសម្លាញ់ទាំងពីរក៏លង់ ទឹកស្លាប់ជាមួយគ្នា ។
ផែនបានទៅចាប់កំណើតជាព្រះឥន្ទ្រនាឋានសួគ៌ ។ ថ្ងៃមួយ ព្រះឥន្ទ្រអផ្សុកក្នុងព្រះទ័យ ហើយនឹកភ្នក ដល់ដោកដែលជាសម្លាញ់ កាលពីអតីតជាតិ ។ ដោយចង់ដឹងសុខទុក្ខ របស់ដោក ព្រះអង្គក៏បើកព្រះនេត្រទិព្វ សម្លឹងរកមើល ហើយបានឃើញដោកចាប់កំណើត​ជាមនុស្សឃ្លង់ ដើរសុំទានគេយ៉ាងវេទនា ។ ព្រះអង្គរន្ធត់​ព្រះទ័យយ៉ាងខ្លាំង ក៏កាឡាខ្លួនជាមនុស្សយាងចុះមកជួបដោក ។
នៅពេលបានជួបនឹងដោក ព្រះឥន្ទ្រក៏សួរទៅដោកថា “តើចង់បានអ្វី ? អ្នកប្រាប់មកចុះ ខ្ញុំនឹងជួយ” ។ ដោកសប្បាយចិត្តណាស់ ក៏និយាយទៅកាន់ព្រះឥន្ទ្រដែលជាសម្លាញ់ “ខ្ញុំសូមអរគុណព្រះអង្គខ្លាំងណាស់ ខ្ញុំមិនចង់បានអ្វីក្រៅពីឱ្យរូបកាយខ្ញុំបានល្អដូចមនុស្ស ធម្មតានោះទេ” គ្រាន់តែនិយាយចប់ព្រះឥន្ទ្រក៏កាឡាខ្លួន ជាព្រះឥន្ទ្រវិញ ។
ព្រះឥន្ទ្រក៏ជប់ដោកឱ្យមានរូបសង្ហា ប្រកបដោយកំលាំងខ្លាំងក្លា រួចផុតពីភាពពិការ ។ ដោកត្រេកអរ​ណាស់ក៏និយាយយ៉ាងរំភើប “ខ្ញុំមានរូបរាងល្អវិញហើយ ! ខ្ញុំសប្បាយចិត្តណាស់ រកអ្វីមកផ្ទឹមមិនបានឡើយ ខ្ញុំសូមអរគុណព្រះអង្គ” ។ ពេលឃើញសម្លាញ់សប្បាយចិត្តបែបនោះ ព្រះឥន្ទ្រក៏មានបន្ទូលបន្ថែម “សម្លាញ់កុំ​ព្រួយបារម្ភអី បើថ្ងៃណាមានទុក្ខសូមសម្លាញ់បួងសួងរកខ្ញុំចុះ ។ ខ្ញុំលាត្រលប់ទៅឋានសួគ៌វិញហើយ” ។ ចប់​បន្ទូល ព្រះឥន្ទ្រក៏យាងទៅឋានរបស់ព្រះអង្គវិញ ។
ឯដោកវិញ តាំងពីមានរូបកាយមាំទាំមក គាត់ក៏ឈប់ដើរសុំទានគេដូចមុនទៀត ហើយបានទៅនៅបំរើ សេដ្ឋីភោគ ។ រាល់ថ្ងៃ លោកសេដ្ឋីតែងតែប្រើដោកឱ្យធ្វើនេះ ធ្វើនោះ មិនឈប់ ។ ដោយមានការនឿយហត់ និងចិត្តខឹងផងនោះ ដោកក៏បានបួងសួងសុំឱ្យព្រះឥន្ទ្រជួយគាត់ឱ្យបានក្លាយទៅជាសេដ្ឋី ។
ព្រះឥន្ទ្រក៏បំពេញនូវបំណងប្រាថ្នារបស់ដោក ។ ចាប់ពីពេលនោះមក ដោកក៏បាន ក្លាយទៅជាសេដ្ឋីមួយ រូបដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ថ្ងៃមួយដោកបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ កំពុងជិះរទេះធ្វើដំណើរ  តាម​ផ្លូវ ដោយមានមនុស្សហែហមយ៉ាងច្រើនកុះករ ។ ដោកឃើញហើយក៏ចាប់ចិត្តប្រតិព័ទ្ធនារីដ៏ស្រស់ស្អាត នោះ ហើយក៏ចាត់ឱ្យគេតាមដាន ។ ក្រោយមកទើបដឹងថា នារីនោះជាកូនស្រីរបស់លោកមហាមាត្យ ។
ដោយទឹកចិត្តស្នេហាដ៏ជ្រាលជ្រៅ ដោកក៏ចាត់ឱ្យអ្នកផ្លូវចៅមហាចូលទៅចែចូវ សុំ ដណ្តឹងនារីនោះមកធ្វើ ជាភរិយា ។ ពេលនោះលោកមហាមាត្យក៏ឆ្លើយតបទៅអ្នកផ្លូវចៅ មហាទាំងនោះវិញថា “សូមអស់លោកចៅ មហាទាំងអស់ អញ្ជើញត្រឡប់ទៅវិញចុះ ខ្ញុំមិនអាចលើកកូនស្រីរបស់ខ្ញុំទៅឱ្យសេដ្ឋីដោកបានឡើយ ព្រោះ ថាខ្ញុំជាមហាមាត្យ ដូច្នេះកូនប្រសារបស់ខ្ញុំយ៉ាងហោចណាស់ក៏ជាមហាមាត្យដែរ សូមអស់លោកទៅជម្រាប​លោកសេដ្ឋីវិញចុះ” ។​
អ្នកផ្លូវចៅមហាទាំងនោះ បាននាំសម្តីរបស់លោកមហាមាត្យ​ មកប្រាប់ដោកតាមដំណើរ ។ ខណ:នោះ​សេដ្ឋីដោកមានចិត្តខឹងយ៉ាងខ្លាំង ហើយក៏តាំងចិត្តថានឹងយកកូនមហាមាត្យមកធ្វើជាប្រពន្ធឱ្យទាល់តែបាន ។ គិតហើយ ដោកក៏បួងសួងសុំព្រះឥន្ទ្រ ជួយរូបគាត់ឱ្យក្លាយទៅជាមហាមាត្យ ។
ព្រះឥន្ទ្រក៏ជួយដោក ឱ្យបានរៀបការជាមួយកូនមហាមាត្យដូចក្តីប្រាថ្នា ។ ចាប់តាំង ពីបានធ្វើជាកូន ប្រសាលោកមហាមាត្យមក ដោកត្រូវឪពុកក្មេកប្រើឱ្យចូលគាស់ព្រះមហាក្សត្រជាញឹកញាប់ ដោយគាត់មាន បំណងឱ្យព្រះមហាក្សត្រសព្វព្រះរាជហឫទ័យនឹងដោក ។ ដោកមិនយល់ពីបំណងល្អរបស់ឪពុក​ក្មេកទេ ដោកខំធ្វើតាមទាំងមិនពេញចិត្ត ហើយក៏កើតមានគំនុំជាមួយឪពុកក្មេក ។
ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យនឹងលោកមហាមាត្រជាខ្លាំង ។ ថ្ងៃមួយព្រះអង្គ ទ្រង់ប្រឈួនខ្លាំង ដោយគ្មានរាជទាយាទនឹងស្នងរាជ្យសម្បត្តិ ព្រះមហាក្សត្រ ក៏កោះហៅ លោកមហាមាត្រចូលទៅពិភាក្សា ។ ពេលនោះ ដោកនឹកក្នុងចិត្តថាព្រះមហាក្សត្រនឹងផ្ទេរ រាជ្យសម្បត្តិឱ្យឪពុកក្មេកខ្លួន ។
ប្រសិនបើយ៉ាងនេះមែន ខ្លួនប្រហែលជាត្រូវឪពុកក្មេកប្រើវក់វីមិ​នខាន ។ យល់ឃើញយ៉ាងនេះ ដោក​ក៏ចង់សោយរាជ្យ ដើម្បីសងសឹកនឹងឪពុកក្មេក ទើបបួងសួងសុំឱ្យព្រះឥន្ទ្រ ជួយឱ្យខ្លួនបានឡើងសោយរាជ្យ​ធ្វើជាស្តេច ក្រោយពីព្រះមហាក្សត្រចូលទីវង្គត។
ទីបំផុត ដោកក៏បានធ្វើជាស្តេចផែនដីដូចបំណង ។ ថ្ងៃមួយ ដោកក៏បានយាងព្រះ ឥន្ទ្រដែលជា សម្លាញ់ឱ្យមកកំសាន្តនៅក្នុងវាំងរបស់ខ្លួន ដើម្បីសំដែងនូវការដឹងគុណចំពោះព្រះឥន្ទ្រ ដែលបានជួយ ឱ្យសម្រេចបំណងប្រាថ្នាកន្លងមក ។ ក្នុងពីធីបដិសណ្ឋារកិច្ចនោះ ក៏មានការប្រគំតន្ត្រី និងរបាំផ្សេងៗ កំដរទៀតផង ។
នៅពេលចប់ពិធី ព្រះឥន្ទ្រក៏លាសម្លាញ់យាងត្រឡប់ទៅឋានព្រះអង្គវិញ ។ ពេលនោះ ដោកក៏សុំការ អនុញ្ញាត​ពីព្រះឥន្ទ្រ ធ្វើដំណើរទៅកំសាន្តនៅឋានសួគ៌ ។​ ដោមានសំណូមពរបែបនោះ ព្រះឥន្រ្ទក៏នាំដោក ទៅកាន់ឋានរបស់ព្រះអង្គ ដោយហោះកាត់ព្រៃព្រឹក្សានិងដុំពពកដ៏សែនស្រស់ស្អាត ធ្វើឱ្យដោកមានចិត្ត​រីករាយឥតឧបមា ។
ពេលទៅដល់ឋានសួគ៌ ព្រះឥន្ទ្របាននាំដោកដើរមើលកំសាន្តគ្រប់ទិសទីទាំងអស់ ព្រមទាំងវិមានរបស់ ទេពធីតា ទេពអប្សរទាំងឡាយទៀតផង ធ្វើឱ្យដោកកាន់តែសប្បាយរីករាយ រហូតភ្លេចពីជាតិកំណើតរបស់ខ្លួន ។ ពេលនោះដោកនិយាយទៅកាន់ព្រះឥន្ទ្រថា “ឋានរបស់អ្នកម្តេចក៏ល្អម៉្លេះ ! ល្អជាងព្រះបរមរាជវាំងរបស់ខ្ញុំ រាប់ម៉ឺនសែនដងទៅទៀត ខ្ញុំពេញចិត្តនឹងឋាននេះណាស់ តើអនុញ្ញាតឱ្យខ្ញុំរស់នៅផងបានទេ ?” ។
ព្រះឥន្ទ្រឮហើយក៏នឹកគិតក្នុងចិត្តថា “អ្នកនេះមានចិត្តលោភលន់ខ្លាំងណាស់ ពីដំ បូងគ្រាន់តែ​ចង់មាន រូបរាងមាំទាំប្រាសចាកពីភាពពីការតែប៉ុណ្ណោះ ពេលនេះ បានធ្វើជា ស្តេចទៅហើយនៅតែមិនស្កប់ចិត្តទៀត ។ អ្នកនេះសាងអំពើបាបច្រើន និងមានចិត្តលោភលន់ទៀត ។ គេមិនអាចក្លាយជាព្រះឥន្ទ្របានឡើយ” ។
គិតហើយ ព្រះឥន្ទ្រក៏និយាយទៅដោកថា “អ្នកមិនសមក្លាយជាព្រះឥន្ទ្រទេ ។ អ្នកនៅមានចិត្តលោភ លន់ខ្លាំងណាស់ ។ អ្នកត្រូវតែចាប់ផ្តើមជីវិតអ្នកសាជាថ្មីឡើងវិញ ព្រោះ អ្នកជាមនុស្សមានបាប” ចប់បន្ទូល របស់ព្រះឥន្ទ្រ ស្រាប់តែដោកធ្លាក់មកដល់ឋានមនុស្សវិញ ហើយប្រែក្លាយទៅជាឃ្លង់ដូចដើម ។ ពេលនោះ ទើបដោកភ្ញាក់ខ្លួន ហើយនឹកស្តាយក្រោយនូវរាល់អំពើលោភលន់ហួសព្រំដែនរបស់ខ្លួន ។
(សេចក្តីលោភលន់នាំមកនូវក្តីវិនាស)
ចប់
ស្នាដៃនេះបោះពុម្ពដោយទស្សនាវដ្តីតាំតំាក្នុងឆ្នាំ២០០៧
និពន្ឋដោយ កែម លីហៀង



កូនឈើ និងពពក

រដូវ​ប្រាំង​ចូលមក​ដល់​ ធាតុអាកាស​ក្តៅ​ហួតហែង​ ព្រះពាយ​បោកបក់​នាំមក​នូវ​ចំហាយ​ក្តៅ​ភាយ​ៗ​ ដោយ​នាំ​ទាំង​ស្លឹករុក្ខជាតិ​ក្រៀម​មក​ជាមួយ​ ។​
ក្នុង​ចំការ​ឈើរបស់​ពូសន​ រុក្ខជាតិ​គ្រប់ប្រភេទ​ក្រៀម​ស្វិត​ស្រពោន​ ស្លឹក​ជ្រុះ​ចាក​ដើម​ សល់តែ​មែក​ ត្រងោល​ៗ​ យ៉ាង​សោះ​កក្រោះ​ ។​ រីឯ​កូន​ឈើ​តូចៗ​ ដែលគ្រប​ដណ្តប់​ ដោយស្លឹក​ក្រៀម​ ពណ៌លឿង​ទុំ​ ស្រួយ​ ប្រៀបដូច​ អំបុក​នោះ​ បានត្អូញ​ត្អែរ​ប្រាប់​ម្តាយថា​ :​
-​ ពុក​ ម៉ែ​ !​ ពេលនេះ​កូន​អស់​កម្លាំង​ណាស់​ កូនខ្សោះ​ខ្លួន​ណាស់​ ថ្ងៃនេះ​បើ​គ្មាន​ទឹក​ ស្រោច​ស្រព​ទេ​ ពួក​កូន​ប្រហែល​ជា​គ្មាន​សំណាង​ បាន​នៅ​ទទួល​ស្វាគមន៍​ ការ​ចូល​មក​ដល់​ នៃ​រដូវវស្សា​ នា​ថ្ងៃ​ស្អែក​ឡើយ​ !​  ឱពពក​អើយ​ សូម​មេត្តា​ផ្តល់​ទឹកភ្លៀង​ ស្រោច​ស្រព​ពួក​យើង​ បន្តិច​មក​ ពួកយើង​សូម​អង្វរ​ !​ ពួក​យើងដាច់​ ខ្យល់​ស្លាប់​ឥឡូវ​ហើយ​ ។​
ដើម​ឈើ​ជា​ម្តាយ​ស្រក់​ទឹកភ្នែក​ហើយ​ពោលយ៉ាង​ក្តុកក្តួល​ :​
-​ កូន​មាស​ម្តាយ​ !​ ម្តាយ​ក៏ហេវហត់​មិនខុស​ពីកូន​ដែរ​ គ្រាន់​តែម៉ែ​មានឫស​ជ្រៅ​ជាងកូន​ អាច​ស្រូប​យក​ ជាតិ​ទឹកពី​បាតដី​បាន​បន្តិចបន្តួច​ ស្ទើរ​ទប់ទល់​នឹង​ធាតុអាកាស​លែង​បាន​ ទៅហើយ​ តើ​ពុកម៉ែ​អាច​ជួយអ្វី​ ដល់​​កូន​បាន​ទៅ​ ?​ ពពក​អើយ​សូមជួយ​ស្រោច​ស្រពទឹក​ ភ្លៀង​ដល់​កូន​ៗ​ខ្ញុំ​បន្តិច​មក​ ។​
ដើម​ឈើ​ជា​ឪពុក​ពោល​ទាំង​ក្រៀមក្រំ​ :​
-​ ប្រពន្ធ​សម្លាញ់​ កូន​សម្លាញ់​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ យើងត្រូវ​តែង​អត់ធ្មត់​រង់​ ចាំ​ថ្ងៃ​ស្អែក​ ។​ ប៉ុន្តែ​ ល្ងាច​នេះ​ពុក​ជឿ​ថា​ពិត​ជា​មាន​ភ្លៀង​បន្តិច​បន្តួច​មិនខាន​ ព្រោះ​មើល​ទៅ​ ធាតុអាកាស​ក្តៅ​ខុស​ធម្មតា​ រីឯផ្ទៃ​ មេឃ​ខ្មួល​ខ្មាញ់​ដោយ​ពពក​ខ្មៅ​ ។​
ម្តាយ​ដើម​ឈើ​លើក​ដៃ​បួង​សួង​ :​
-​ សូម​ឱ្យ​ពិត​ដូច​ពាក្យ​ពុកវា​ឯង​និយាយ​ទៅចុះ​ ។​ ឱពពក​ ពេលនេះ​ជីវិត​កូន​ខ្ញុំ​ត្រូវ​ផ្ញើ​វាសនា​លើអ្នក​ ទាំងស្រុង​ ហើយ​ !​ សូម​អ្នក​ធ្លាក់​ភ្លៀង​មួយ​មេមក​ !​
រីឯ​ពពក​នៅខាងលើ​ កំពុង​រត់​ប្រដេញ​ជាមួយខ្យល់​យ៉ាង​សប្បាយ​ គ្មាន​អើ​ពើ​ពីការ​ ទួញសោក​ របស់​ពពួក​ រុក្ខជាតិ​ឡើយ​ ។​ ចំណែក​កូន​ពពក​មួយដុំ​ បាន​សំងំ​ស្តាប់​ពាក្យ​អង្វរ​ របស់រុក្ខជាតិ​ដោយ​យកចិត្ត​ទុកដាក់​ ហើយ​ បាន​ទៅ​ប្រាប់​ឪពុកម្តាយ​ :​
-​ ពុកម៉ែ​សូម​ផ្តល់​ទឹកភ្លៀង​មួយមេ​តូច​ដល់​ពួករុក្ខជាតិ​ផង​ ពួកគេ​ដាច់​ខ្យល់​ស្លាប់​ឥឡូវ​ហើយ​ ។​
-​ ម៉ែអត់ដឹងទេ​ !​ ស្រេចតែពុកឯងចុះ​
-​ កូនកុំបង្ខំពុកអី​ ពេលនេះ​ទឹករបស់​យើងមិនទាន់​គ្រប់ចំនួនទេ​ !​ ដូចនេះ​យើងមិនអាច​ ស្រោចស្រព​ ពួកគេ​បាន​ឡើយ​ !​
-​ ប៉ុន្តែពួកគេ​ពិតជា​ត្រូវការទឹក​របស់យើង​នៅថ្ងៃនេះ​មែន​ណាពុក​ !​
-​ មិនអីទេ​ ស្អែករដូវវស្សា​ចូលមក​ដល់ហើយ​ ពេលនោះ​ពុកនឹង​ស្រោចស្រព​ទឹកភ្លៀង​មួយមេធំ​តែម្តង​ !​ កូនចាំ​តែមើលចុះ​ !​
-​ កូនបារម្ភ​ក្រែងថា​ ពួកគេមិន​អាចរង់​ចាំដល់ថ្ងៃ​ស្អែកបាន​ !​
-​ រឿងនេះ​ពុករបស់​កូនចេះ​សំរេចហើយ​ កូន​ទៅសំរាក​ចុះ​ !​
កូនពពក​មិនអាច​អង្វរឪពុកម្តាយ​បាន​ ក៏ទៅ​សំរាក​ទាំងមិន​សប្បាយចិត្ត​ ។​ ថ្ងៃនេះ​ មានភ្លៀង​ធ្លាក់​មួយមេ​ យ៉ាងធំ​ លាយ​ជាមួយតំណក់​ទឹកភ្នែក​របស់​ឪពុកម្តាយ​ដើមឈើ​ ។​ ពួកគេយំសោក​ បោកខ្លួន​យ៉ាង​ខ្លាំង​ សោកស្តាយ​ជីវិត​កូនៗ​ដែលបាត់បង់ទៅ​ ។​ កូនពពក​ ឃើញ​ដូច្នោះ​ កើត​ក្តី​សោកសៅ​យ៉ាងខ្លាំង​ ក៏និយាយ​ទៅឪពុ​ក ម្តាយ​ :​
-​ ពុកម៉ែឃើញទេ​ ថ្ងៃនេះ​ពុកម៉ែ​ធ្លាក់ភ្លៀង​ច្រើន​យ៉ាងណា​  ក៏មិន​អាច​ស្រោចស្រង់​ ជីវិតកូន​ពួករុក្ខជាតិ​ ទាំងនោះ​ឱ្យ​មាន​ជីវិត​ រស់​ឡើងវិញ​បាន​ឡើយ​ !​ ម្សិលមិញ​បើពុកម៉ែ​ផ្តល់​ទឹកភ្លៀង​ ឱ្យពួកគេ​តែបន្តិចបន្តួច​ ក៏​ អាចផ្សើម​ពួកគេ​ ឱ្យមាន​ដង្ហើម​រង់ចាំ​ទឹក​ថ្ងៃនេះ​ដែរ​ !​
-​ ពុកសុំទោស​ មិនគួរណា​ពុកគិតខុស​អ៊ីចឹងសោះ​ ពុកគិត​ចាំ​ថា​សន្សំទឹកភ្លៀង​ឱ្យបានច្រើន​ ចាំភ្លៀងម្តង​ មិនស្មានថា​ស្រោចស្រព​ ពួកគេ​យឺត​ពេល​យ៉ាងនេះ​សោះ​ ។​
-​ ពុកម៉ែ​សន្យាថា​មិន​ធ្វើដូច្នោះ​ទៀតទេ​ ពុកម៉ែ​គួរតែ​ផ្តល់​ទឹកភ្លៀង​ដល់ពួកគេ​ឱ្យមាន​ ក្តី​សង្ឃឹម​ក្នុងជីវិត​ រស់នៅ​ !​
ចប់​

(​កូនឈើប្រៀបដូចជាជិវិតរបស់កុមារ​ ចាំបាច់ត្រូវតែមានការស្រោចស្រពនឹងថែទាំ​ ជារឿងរាល់ថ្ងៃ​)​
ស្នាដៃ​នេះបោះពុម្ព​ដោយទស្សនាវដ្តី​តាំតាំ​ លេខ​ ៣៤​ ឆ្នាំ​ ២០០៥​
និពន្ឋដោយ​ កែម​ លីហៀ



កូនស្វា និង សារិកា

ជាយូរយារ​ណាស់​មកហើយ​ មានកូន​ស្វា​មួយ​ឈ្មោះអាសុខ​ បាន​សហការ​គ្នា​ជា​មួយ​ សារិកា​បើក​​ហាង​លក់​ទំនិញ​ និង​ផ្លែឈើ​គ្រប់​ប្រភេទ​​ នា​កណ្តាលព្រៃ​ ។​ ហាងរបស់​ពួក​គេ​ មានអតិថិជន​ចូល​ ទិញ​យ៉ាង​ ច្រើន​កុះករ​ ។​
ថ្ងៃ​មួយសារិកា​ចេញទៅរក​ទំនិញ​ ។​ អាសុខ​នៅអង្គុយ​លក់ម្នាក់ឯង​ ។​ វា​សម្លឹង​ទៅ​ ផ្លែឈើ​ទាំងនោះ​ ឃើញ​ទុំ​ក្រហម​គួរ​ឱ្យចង់​ហូប​ ។​ ពេលនោះ​ វា​ក៏ចាប់​ផ្តើម​ហូប​ផ្លែឈើ​ ។​ លុះអស់​ផ្លែឈើ​ វាហូប​ដំណាប់​​ទៀត​ រហូត​ទាល់តែ​អស់​ពីក្នុង​ហាង​ ។​ ចៃដន្យ​សល់​តែ​ត្រសក់​ស្រូវ​យក្ស​មួយ​ និង​ទំនិញខ្លះ​ដែលវា​មិនអាច​ហូបបាន​ ។​
សារិកា​ត្រឡប់មក​វិញឃើញ​ទំនិញ​ក៏អស់​ លុយ​ក៏គ្មាន​ដូចនោះ​ វាអស់សង្ឃឹម​យ៉ាងខ្លាំង​ ។​ សារិកាសួរ​ ទៅអាសុខ​ “ហេតុអីបានជាងឯងហូបអស់អ៊ីចឹង​ ?​ ថ្ងៃនេះ​ខ្ញុំទៅរក​ទិញទំនិញ​មិនបាន​ទេ​ តើពួកយើង​បានអ្វី​ ហូប​ទៅ​ ?”​
អាសុខ​ក៏និយាយ​ទៅកាន់​សារិកា​ “ខ្ញុំសុំទោសសារិកា !នេះមកពីខ្ញុំហូបមិនព្រមគិត​ ?”​ សារិកា​ និង​ អាសុខ​ពិបាក​ចិត្តណាស់​នាំគ្នា​អង្គុយ​សម្លឹង​ទៅ​ខាង​មុខហាង​ ដោយក្តី​អស់​សង្ឃឹម​ ។​ សារិកា​សម្លឹង​ ទៅ​ ត្រសក់​ស្រូវ​យក្ស​ ហើយវា​ក៏ពោល​ដោយ​អំណរថា​ “ជយោ​ !​ យើងមាន​សង្ឃឹម​ហើយ​អាសុខ​” អាសុខ​ ស្ទុះចូល​មក​រកសារិកា​ហើយសួរ​ “ឯងមានមធ្យោបាយអ្វី ប្រាប់ខ្ញុំ”​ ។​
សារិកាក៏​និយាយ​ “បើយើងមានទូក យើងអាចជិះឆ្លងទៅទិញទំនិញ នៅត្រើយខាងណោះបាន”​ ។​ អាសុខសួរ​ “តើយើងបានទូកមកពីណា ​?”​ ។​ សារិកាឆ្លើយ​ “យើងនៅសល់ ត្រសក់ស្រូវយក្សមួយដែរ យើងត្រូវតែពុះវាធ្វើជាទូក”​ ។​
អាសុខ​ក៏យក​ត្រសក់ស្រូវ​យក្ស​ទៅពុះជាពីរ​រួចចូក​យក​គ្រាប់​ចេញ​ ។​ ភ្លាម​នោះ​ពួក​ គេក៏ទទួល​បាន​ ទូកមួយ​យ៉ាង​ប្រណីត​ ។​
សម្លាញ់​ទាំងពីរ​នាំគ្នា​ជិះទូក​ត្រសក់​ស្រូវ​យក្ស​ដើម្បី​ទៅទិញ​ទំនិញ​ ដោយ​សារិកា​ អង្គុយ​ខាងមុខ​ អាសុខ​ អង្គុយ​ខាងក្រោយ​ ។​ នៅ​តាម​ផ្លូវ​ អា​សុខ​​ឃ្លាន​​យ៉ាង​​ខ្លាំង​​ ។​ វាក៏​សំរេច​ ចិត្ត​ចៀរ​សាច់​ទូកត្រសក់ស្រូវ យក្ស​មួយ​ ចំណិតមកហូប​ ។​ ដោយ​ត្រសក់ស្រូវ​ស្រួយ​ឆ្ងាញ់​ មាន​រសជាតិ​ អាសុខ​ក៏​ប្រើ​មាត់​របស់វា​ខាំ​ហូប​យ៉ាង​ចាស់​ ដៃ​តែម្តង​ ។​ មួយសន្ទុះ​មក​ទូក​ត្រសក់​ស្រូវ​យក្ស​ក៏អស់មួយ​ចំហៀង​ធំ​ ហើយ​ក៏​លិច​ទៅ​ក្នុង​ទឹក​បាត់​ទៅ​​ ។​
សារិកា​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ ។​ វាប្រឹង​ហើរយោង​អាសុខ​ចេញ​ពីទឹក​ យ៉ាង​ត្រដាប​ត្រដួស​ ។​ សារិកាក៏​ បន្ទោស​ អាសុខ​ “ហេតុ​អ្វីក៏ឯង​ហូប​មិន​ចេះ​គិត​បែបនេះ​ទៀតហើយ​ ឯង​ ឃើញ​ទេនេះ​ហើយលទ្ធផល​ ដែល​ ឯង​ហូបតាម​ឈ្លាន”​​ ។​ អាសុខ​ពោលទៅកាន់​សារិកា​ ទាំងសោក​ស្តាយ​ “សុំទោសសារិកា​ !​ ថ្ងៃក្រោយ​ខ្ញុំ​ពិតជា​ កែខ្លួន​”​ ។​ សារិកា​និយាយ​ទៅកាន់​ អាសុខ​ដោយលួង​លោម​ “បើឯងចេះ​កែខ្លួន​អ៊ីចឹង​មិនអីទេ​ កុំ​អស់​សង្ឃឹម​ អីណា​ យើងនៅ​ សល់​ត្រសក់ស្រូវ​យក្ស​មួយ​ចំហៀង​ទៀត​ដែរ​ ។​ យើងអាច​ធ្វើទូក​បានមួយ​ទៀតដើម្បី​ប្រើ​ ប្រាស់​” ​។​ សម្លាញ់​ទាំងពីរ​ក៏ត្រឡប់​មក​ហាងវិញ​ធ្វើទូក​បន្ត​ហើយ​ជិះឆ្លង​ទៅ​ទិញ​ទំនិញ ​ យកមក​លក់​យ៉ាង​ រីករាយ​ ។​

ចប់​
ស្នាដៃ​នេះ​បោះពុម្ព​ដោយ​ ទស្សនាវដ្តី​តាំតាំ​ លេខ២៨​ ឆ្នាំ​ ២០០៥



រឿង វាសនាអាខ្មៅ

កាល​ ​​ពី​​​ព្រេង​​​នាយ មាន​​​សេដ្ឋី​​​ម្នាក់​​​ឈ្មោះ​​​​  ប៉ោង​ គ្មាន​​​ប្រពន្ឋ​​​កូន​​​ទេ រស់​​​នៅ​​​ជាមួយ​​​នឹង​​​អ្នក​​​បម្រើ​​​ប្រុស​​​ស្រី​​​ប្រមាណ​សាម​​​សិប​ ​​​​​នាក់។ ថ្ងៃ​​​មួយ​ គាត់​​​រើស​​​បាន​​​កូន​​​ឆ្កែ​​​មួយ​​​ក្បាល​​​នៅ​​​តាម​  ចិញ្ចើម​​​ថ្នល់​​​មក​​​ចិញ្ចឹម​  ហើយ​​​ដាក់​​​ឈ្មោះ​​​ថា​ អា​​​ខ្មៅ​។ ដោយ​​​មាន​​​មនោសញ្ចេតនា​​​ជាមួយ​​​អា​​​​​​ខ្មៅ​​​​​​​ សេដ្ឋី​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​​​​បម្រើ​​​ទាំង​​​អស់​​​ថែ​​​ទាំ​​​ អា​​​ខ្មៅ​​​ឲ្យ​​​បាន​​​ល្អ​ មិន​​​តែ​​​ប៉ុណ្ណោះ​​​ថែម​​​ទាំង​​​រក​​​គ្រូ​ ពូកែ​ៗ​​​​មក​​​បង្ហាត់​​​ បង្រៀន​​​អា​​​ខ្មៅ​​​ឲ្យ​​​ចេះ​​​ស្តាប់​ ចេះ​​​ធ្វើ​​​កាយវិការ​​​ទៅ​​​តាម​​​ពាក្យ​​​សម្តី​ និង​​​ចេះ​​​​ហិត​​​ក្លិន​​​យ៉ាង​​​ស្ទាត់​​​ជំនាញ​​​ផង​​​ដែរ​ រួម​​​ទាំង​ ​​ក្លិន​​​មាស​ ក្លិន​​​ប្រាក់​​ ក្លិន​​​កាំបិត​ ពូថៅ​ និង​​​ក្លិន​​​ថ្នាំ​​​ពុល​​​ថែម​​​ទៀត​​​ផង​​​​។
ច្រើនឆ្នាំកន្លងផុតទៅ​ អាខ្មៅក៏បានធំធាត់ក្លាយជាឆ្កែពេញវ័យមួយក្បាលប្រកប​ ដោយភាពរឹងមាំ និងឆ្លាតវៃ​។ ចាប់ពីពេលនោះមក​ លោក​សេដ្ឋីក៏ទុក​ អាខ្មៅ​នៅ​​ក្បែរ​ខ្លួន​ទាំង​​​ ថ្ងៃទាំងយប់​​ សម្រាប់ការពារផង​​ និងសម្រាប់ធ្វើជាទីប្រឹក្សាផ្ទាល់ផង​។ ពេល​បាន​​នៅជា​មួយ សេដ្ឋី​គ្រប់​​ពេល​ដូច្នោះ​ ធ្វើអោយ​​អាខ្មៅ​មាន​​អំនួត​​យ៉ាងខ្លាំង​​ វាខំប្រឹង​ធ្វើខ្លួន​​យ៉ាងល្អដើម្បី​​​ ផ្គាប់ចិត្តលោក​សេដ្ឋី​ មិនតែ​ប៉ុណ្ណោះ​ រាល់ថ្ងៃ​វា​តែងតែ​​សម្តែង​នូវ​ភាព​ស្មោះត្រង់របស់​វាចំពោះ​សេដ្ឋី​ជានិច្ច​ ធ្វើឪ្យ​សេដ្ឋី​​កាន់តែ​ពេញចិត្ត​ចំ​ពោះ​វាទ្វេឡើង​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពីមួយ​​ ខែ​​ទៅ​មួយ​ខែ​ ពី​មួយ​ឆ្នាំ​ទៅមួយឆ្នាំ​ រហូតធ្វើ​ឪ្យលោក​​ សេដ្ឋី​បាត់ការ​ទុកចិត្ត​ទៅ​លើ​មនុស្ស​ ដែលជា​បាវព្រាវ​ធ្លាប់​នៅ​បម្រើ​​ ធ្លាប់​​ស្មោះត្រង់​​​ជាមួយ​គាត់​តាំង​​ពី​ពេល​មុននោះទាំងអស់​​។ ហើយក៏ដកការងារពីអ្នកទាំង នោះ​ដោយ​ប្រគល់​ទៅ​ឪ្យអាខ្មៅ​គ្រប់​គ្រង​ជំនួសវិញ​ ពិសេសគឺ​រឿងផ្ទាល់ខ្លួន​របស់​គាត់​។ ប្រសិនបើមានសេដ្ឋីមកពីស្រុកក្រៅ​ ប្រជារាស្រ្តរីក៏អ្នកភូមិអ្នក​ ស្រុកដែល​មានបំណង​ចង់ជួប​ពិភាក្សា​ការងារ​ជា​មួយលោក​សេដ្ឋី​ប៉ោង​​គឺ​ត្រូវ​ ឆ្លងកា​ត់ការ​អនុញ្ញាត​ពីអាខ្មៅ​ជា​មុន​សិន​ ទើប​ការ​​ពិភាក្សា​​នោះ​បាន​​ សម្រេច​ទៅ​​តាម​ដំណើរ​ សូម្បី​តែ​អ្នក​ បម្រើ​​ក្នុងផ្ទះ​​ជាមួយ​គ្នា​ក៏​ដូច្នោះ​​ដែរ​​។
ថ្ងៃមួយ​​ មានសេដ្ឋី​ម្នាក់​ឈ្មោះ​ដួងមកពីស្រុក​ឆ្ងាយ ​បាន​សុំចូលពិភាក្សា​ការងារ​រកស៊ីជា​មួយសេដ្ឋី​ប៉ោង​។ ពេល​នោះអាខ្មៅ​វាបាន​ហិត​ ក្លិន​ដឹង​ថា​ សេដ្ឋី​ ដួង​ បាននាំ​យក​មកនូវ មាស​ពេជ្រ​​ កែវកង​ និងជំនូន​យ៉ាងសន្ឋាប់​មកជាមួយ​​ ដូច្នោះ​វាក៏ប្រញាប់​​បើក​ផ្លូវ​ឪ្យសេដ្ឋី​​ ដួង​ ចូលជួបជាមួយ​នឹងម្ចាស់​របស់វា ដោយ​​យក​ក្បាលទៅ​​ត្រដុស​នឹងជើងសេដ្ឋី​ដួង​ ដើម្បី​បង្ហាញពីសេចក្តី​គោរព រីករាយ​​ និង​រាក់​​ទាក់​។ ហើយនៅពេល​ដែលសេដ្ឋីដួង​​ កំពុង​ពិភាក្សា​​ គ្នា​ជាមួ​យ​​នឹង​​សេដ្ឋី​​ប៉ោង​​នោះ​​ អាខ្មៅ​វាដើរទៅ​ដេកក្បែរ​ទ្វាររង់ចាំ​ស្តាប់ការសន្ទនា​យ៉ាង​ ស្ងៀម​ស្ងាត់​​។
ថ្ងៃក្រោយមកទៀត​​
ក៏មាន​ប្តីប្រពន្ឋ​កសិករពីរនាក់​បានមកសុំការ​អនុញ្ញាតជួប​សេដ្ឋីប៉ោង​ ដើម្បី​សុំខ្ចីស្រូវ​មួយចំនួន​ទៅធ្វើពូជ​ ព្រោះស្រូវ​ពូជរបស់​គាត់​ត្រូវ​​កណ្តុរ​​បំផ្លាញ​អស់ទៅហើយ​។ កសិករ​ពីរនាក់ប្តីប្រពន្ឋ​ទៅអង្វរ​ករដល់បាវព្រាវ​ក្នុងផ្ទះ​សេដ្ឋីស្ទើរ​ គ្រប់គ្នា​​ ដើម្បីចូលជួប​​ លោកសេដ្ឋី​ ប៉ុន្តែគ្មាន​នរណា​ម្នាក់​​ហ៊ាន​​ធានា​​ចំពោះគាត់​ឡើយ ម្នាក់ៗ​បាន​ត្រឹមតែ​គ្រវីក្បាល​ និងដកដង្ហើម​ធំអាណិតប្តី​ប្រពន្ឋទាំងពីរ​នាក់តែ​ប៉ុណ្ណោះ​​។



ចាំគិតសិន

         មាន​​​សត្វ ​​​មួយ​​​ក្រុម​​​បាន​​​នាំ​​​គ្នា​​​ស្វែង​​​រក​​​ចំណី​​​នៅ​​​ក្នុង​​​ ផ្ទះ​​​បាក់​​​បែក​​​មួយ ។ នៅ​​​ពេល​​​កំពុង​​​​ស្វែង​​​រក​​​ចំណី​​​នោះ កណ្តុរ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្រូវ​​​មួយ​​​កំប៉ុង។ ពេលនោះកណ្តុរត្រេកអរ​​​ណាស់ ហើយ​​​ក៏​​​យក​​​ស្រូវ​​​មក​​​ជួប​​​ជាមួយ​​​មិត្ត​​​ភក្តិ។ នៅ​​​ពេល​​​មិត្ត​​​គេ​​​ពុំ​​​ទាន់​​​មក​​​ជួប​​​ជុំ​​​គ្នា កណ្តុរ​​​ក៏​​​គិត​​​តែ​​​ម្នាក់​​​ឯង​​​ថា “ឥឡូវ​​​នេះ ខ្ញុំ​​​មាន​​​ស្រូវ​​​មួយ​​​កំប៉ុង បើ​​​ទោះ​​​ជា​​​​​​យ​​ក​​​ទៅ​​​ធ្វើ​​​នំ​​​ក៏​​​​​​ចែ​​​ក​​​គ្នា​​​ហូប​​ ​មិន​​​គ្រប់​​​ដែរ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​តែ​​​យក​​​ស្រូវ​​​នេះ​​​ទៅ​​​ដាំ ដើម្បី​​​ឱ្យ​​​បាន​​​ផល​​​ច្រើន” ។
         ពេល​​​កំពុង​​​គិត​​​នោះ មិត្ត​​​របស់​​​កណ្តុរ​​​មាន​​​ទន្សាយ កំប្រុក ឆ្កែ ឆ្មា ចាប មៀម ទីទុយ ក៏មកជួបជុំគ្នា ។ កណ្តុរ​​​ក៏​​​លើក​​​ស្រូវ​​​បង្ហាញ​​​ទៅ​​​មិត្ត​​​ទាំង​​​អស់​​​ហើយ​​​ និយាយ “ខ្ញុំ​​​មាន​​​ស្រូវ​​​មួយ​​​កំប៉ុង មោះ​​​ពួក​​​យើង​​​យក​​​ទៅ​​​ដាំ” សត្វ​​​ទាំង​​​អស់​​​មើល​​​មុខ​​​គ្នា រួច​​​ឆ្លើយ​​​ព្រម​​​គ្នា​​​ថា “ចាំ​​​គិត​​​សិន”​ ដោយ​​​ឃើញ​​​មិត្ត​​​ទាំង​​​អស់​​​នោះ​​​​អល់​​​អែក​ កណ្តុរ​​​ក៏​​​យក​​​ស្រូវ​​​ទៅ​​​សាប​​​តែ​​​ម្នាក់​​​ឯង ។ ច្រើន​​​ថ្ងៃ​​​ក្រោយ​​​មក​ ស្រូវ​​​នោះ​​​ក៏​​​ដុះ​​​ចេញ​​​ជា​​​សំណាប​​​។
         កណ្តុរ​​​ក៏​​​បបួល​​​សត្វ​​​ទាំង​​ ​នោះ​​​ឱ្យ​​​ទៅ​​​ជួយ​​​ដក​​​សំណាប ដើម្បី​​​យក​​​​​​ទៅ​​​ស្ទូង។ សត្វ​​​ទាំង​​​នោះ​​​មើល​​​មុខ​​​គ្នា រួច​​​ឆ្លើយ​​​ព្រមៗ​​​គ្នា​​​ថា “ចាំ​​​គិត​​​សិន” កណ្តុរ​​​ដឹង​​​ថា​​​ ពួក​​​មិត្ត​​​ទាំង​​​អស់​​​នោះ​​​មិន​​​ចង់​​​ចូ​​​ល​​​រួម ក៏​​​ទៅ​​​ដក​​​ស្ទូង​​​តែ​​​ម្នាក់​​​ឯ​​​ង​​​រហូត​​​រួច​​​រាល់ ។
          រដូវ​​​ស្រូវ​​​ទុំ​​​ចូល​​​មក​​​ដល់ កណ្តុរ​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ ក៏​​​មក​​​បបួល​​​​​​មិត្ត​​​ភក្តិ​​​ដើម្បី​​​ទៅ​​​ច្រូត​​​ស្រូវ ប៉ុន្តែ​​​មិត្ត​​​ទាំង​​​​​​នោះ​​​នៅ​​​តែ​​​ឆ្លើយ​​​ដដែល​​​ថា “ចាំ​​​គិត​​​សិន” ។ កណ្តុរ​​​ក៏​​​ទៅ​​​ច្រូត​​​ស្រូវ បោក​​​បែន​​​រួច​​​យក​​​ស្រូវ​​​ទៅ​​​កិន​​​តែ​​​ម្នាក់​​​ឯង រហូត​​​បាន​​​ជា​​​អង្ករ ។ កណ្តុរ​​​ក៏​​​យក​​​អង្ករ​​​ទៅ​​​កិន​​​ធ្វើ​​​ជា​​​នំ ដែល​​​មាន​​​ក្លិន​​​ឈ្ងុយ​​​ឆ្ងាញ់​​​​​​សាយ​​​ភាយ​​​ពាស​​​ពេញ​​​ព្រៃ។ ខណ:​​​​​​នោះ​​​ស្រាប់​​​តែ​​​មិ​​​ត្ត​​​គេ​​​ទាំង​​​អស់​​​គ្នា​​​រត់​​​ មក​​​រក​​​​​​ក​​​ណ្តុរ​​​សុំ​​​នំ​​​ហូប​​​ កណ្តុរ​​​មើល​​​មុខ​​​មិត្ត​​​ទាំង​​​នោះ​​​រួ​​​ច​​​ក៏​​​ឆ្លើយ​​​ថា “ចាំ​​​គិត​​​សិន” ។
          កណ្តុរ​​​នឹក​​​គិត​​​តែ​​​ម្នាក់​​​ឯង “ទម្រាំ​​​តែ​​​បាន​​​នំ​​​នេះ​​​មក ខ្ញុំ​​​ចំណាយ​​​កំលាំង​​​តែ​​​ម្នាក់​​​ឯង រឿង​​​អី​​​ដែល​​​ត្រូវ​​​ឱ្យ​​​ពួក​​​គេ​​​ហូប​​​នោះ” ។ ប៉ុន្តែ​​​ភ្លាម​​​នោះ​​​កណ្តុរ​​​ក្រឡេក​​​​​​ទៅ​​​ឃើញ​​​ពំនូក​​​​​ស្រូវ​ ​​គរ​​​ក្បែរ​​​នោះ ហើយ​​​ពិចារណា​​​ម្តង​​​ទៀត “បើ​​​ខ្ញុំ​​​ឱ្យ​​​ពួក​​​វា​​​ហូប ពួក​​​វា​​​ស្គាល់​​​រស​​​ជាតិ នឹង​​​ដឹង​​​អំពី​​​តម្លៃ​​​អង្ករ​​​ អ៊ីចឹង​​​ពួក​​​គេ​​​នឹង​​​​​​ជួយ​​​បន្ត​​​ដាំ​​​ដុះ​​​ខ្ញុំ​​​​​មិ​​ន​​​ ខាន” ។ គិត​​​ហើយ​​​កណ្តុរ​​​ក៏​​​ចែក​​​នំ​​​​​​ឱ្យ​​​ទៅ​​​មិត្ត​​​ភក្តិ​​​គេ​​​ ហូប ។ រ​ដូវ​​​វស្សា​​​​​​ឆ្នាំ​​​ក្រោយ​​​ពួក​​​គេ​​​ក៏​​​​​​នាំ​​​គ្នា​​​ដាំ​​ ​ស្រូវ​​​ទាំង​​​អស់​​​គ្នា​​​៕
ចប់



រឿង ​​​កូន​​​តុក​​​​​​កែ​​​ស្វែង​​​រក​​​ម្ដាយ

និពន្ធ​​​ដោយ​​​ ៖ ​​​កញ្ញា​​​ កែម​​​ លី​​​ហៀង
ចុះ​​​ផ្សាយ​​​ក្នុង​​​ទស្សនា​​​វដ្ដី​​​ តាំតាំ
children-story-01-p1
children-story-01-p2
children-story-01-p3
children-story-01-p4


0 comments :

Post a Comment