● ប្រវត្តិព្រះពុទ្ធ ៥ ព្រះអង្គ
នៅក្នុងគំនូររូបព្រះពុទ្ធទាំងប្រាំព្រះអង្គ ដែលត្រាស់ដឹងនៅក្នុងភទ្ទកប្បយើងនេះគេឃើញនៅក្រោមព្រះពុទ្ធ ទ្រង់ព្រះនាម កកុសន្ធោ គេគូររូបមាន់ព្រះពុទ្ធទ្រង់ព្រះនាមកោនាគមនោ គេគូររូបនាគរាជ ព្រះពុទ្ធទ្រង់ព្រះនាម កស្សបោ គេគូររូបអណ្ដើក ព្រះពុទ្ធទ្រង់ព្រះនាម គោតមោ គេគូររូបគោ ព្រះពុទ្ធទ្រង់ព្រះនាម អរិយមេត្តេយ្យោ គេគូររូបខ្លា (ឬរាជសីហ៍) ។
គេនាំគ្នាឆ្ងល់ថា តើព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ ព្រះអង្គជាសត្វមាន់ ជានាគរាជ ជាអណ្ដើក ជាគោ ជាខ្លា ឬព្រះពុទ្ធទាំងប្រាំ
ព្រះអង្គនេះគ្រាន់តែមានឈ្មោះហៅថា មាន់ នាគរាជ គោ អណ្ដើក ខ្លា? ឬក៏ព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ មានប្រវត្តិបែបណាវិញ បានជាអារ្យធម៌ខ្មែរគេគូររូបមាន់ នាគរាជ អណ្ដើក គោ ខ្លា នៅពីក្រោមបែបនេះទៅវិញ?
ប្រវត្តិនៃព្រះពុទ្ធទាំងប្រាំព្រះអង្គនេះ មានដំណាលពិតណាស់នៅក្នុងសាស្ត្រាក្អែកស និងសាស្ត្រាធម្មតាអនន្ដគុណ ខ្សែ៣ ត្រង់សន្លឹក៦Bតទៅ៖
ពីអតីតកាលដ៏យូលង់កន្លងមកហើយ មានស្ដេចក្អែកសមួយគូនាំគ្នាចាក់សម្បុកពងលើដើមឈើធំមួយ ក្បែរឆ្នេរសមុទ្រ ។ លុះពងបានចំនួនប្រាំ ក្អែកសញី-ឈ្មោល ក៏ចាំថែរក្សាពងដោយយកចិត្តទុកដាក់ណាស់ ។ ថ្ងៃមួយ កកាមហាក្អែក មានការអស្ចារ្យព្រួយចិត្តប្លែកណាស់ ពីព្រោះមានខ្យល់ព្យុះបក់ខ្លាំងធ្លាក់ចូលទៅក្នុងទឹក រពាយទៅតាមទឹកអស់ទៅ ។
កាលនោះក្អែកញី-ឈ្មោល ស្រែកយំស្រណោះអាល័យពង ហិចហើរឆ្លេឆ្លា ទៅតាម ឆាបឆក់យកពងពីក្នុងទឹកវិញមិនបាន ។ ក្អែកសទាំងពីរព្រួយចិត្តខ្លាំងរហូតដល់ស្លាប់ ។ ក្អែកញី-ឈ្មោលបានទៅចាប់កំណើតនៅឋានព្រហ្មលោកទាំងពីមានឈ្មោះថា កកាមហាព្រហ្ម សោយសម្បត្តិរហូតមកដល់សព្វថ្ងៃនេះ ។
ពងទាំងប្រាំនេះក៏ចេះតែអណ្ដែតចេញពីគ្នាឆ្ងាយទៅៗ ។ តែតួអង្គព្រះពុទ្ធពុំដែលវេទនាដូចពងមាន់ពងទាឡើយ ។ ពងក្អែកអណ្តែតច្រាសទឹក មានពន្លឺមហិមាគួរឱ្យអស្ចារ្យណាស់ ។ ពងទីមួយអណ្ដែតដល់សត្វមាន់ មាន់រើសយកទៅរក្សាទុក ។ ពងទីពីរអណ្ដែតដល់ស្ដេចនាគ ស្ដេចនាគរាជក៏យកទៅថែរក្សាទុក ។ ពងទីបីអណ្ដែតដល់សត្វអណ្ដើក អណ្ដើករើសយកទៅរក្សាទុក ។ ពងទីបួនអណ្ដែតដល់សត្វគោ គោរើសយកទៅរក្សាទុក ។ និងពងទីប្រាំអណ្ដែតដល់សត្វខ្លា ខ្លារើសយកទៅរក្សាទុក ។ សត្វទាំងប្រាំនេះក៏បានមើលថែរក្សាពងទាំងនោះរហូតដល់ពងទាំងនោះ បានញាស់ព្រមគ្នា ។ សត្វទាំងប្រាំនេះពេលធំឡើងកាលណា ក៏ប្រែកាឡាជាមនុស្សទាំងអស់ ។ ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ មនុស្សកាឡាខ្លួនទាំងប្រាំនាក់ខំធ្វើចិត្តឱ្យបានបរិសុទ្ធ ខំរក្សាសីល ខំចម្រើនមេត្តាភាវនាឱ្យសុក្រិតមួយថ្ងៃបន្តិចៗជាដរាប ។
លុះខំធ្វើចិត្តឱ្យបានបរិសុទ្ធយូរៗទៅ ឃើញថាមិនសូវបានផលល្អ អ្នកទាំងប្រាំក៏បានលាអ្នកព្យាបាលថែរក្សាខ្លួនទៅធ្វើធម៌ ។ អ្នកបួសទាំងប្រាំនាក់បានចេញដំណើរដំណាលគ្នាទៅជួបគ្នានៅកន្លែង មួយ ។ អ្នកទាំងប្រាំនាក់ក៏សន្ទនាគ្នាទៅវិញទៅមកទើបដឹងថាជាអ្នក រក្សាសីលដូចគ្នា ។
អ្នកបួសទាំងប្រាំ ក៏បបួលគ្នាចុះឆ្លងកាត់ទឹកស្ទឹងទៅត្រើយម្ខាង តែដោយហេតុថាទឹកជ្រៅពេកមិនអាចឆ្លងទៅបានក៏ឈរចាំមើលក្រែងមាន អ្នកណាគេអុំទូកឆ្លងកាត់នឹងបានសុំគេឆ្លងទៅត្រើយម្ខាង នឹងបានទៅរក្សាសីល ចម្រើនមេត្តាភាវនានៅទីនោះ ។
ក្នុងខណៈនោះដែរមាននារីម្នាក់ឈ្មោះ មយីមយា បានរៀបបាយ ទឹក នំ ចំណី អាហារ ជូនមាតាបិតាពិសារួចហើយ នាងបណ្ដាលចិត្តឱ្យទៅរកអុស រកបន្លែ ផ្លែឈើ ដើម្បីជាអាហារជូនមាតាបិតា ហេតុតែសំណាងនាងនឹងបានជាពុទ្ធមាតាក្នុងភទ្ទកប្បនេះ ។ នាងចែវច្រវាអុំទូកលឿនស្លេវទៅដល់បុរសទាំងប្រាំដែលនៅឈរចាំតាម ផ្លូវនោះ ។
បុរសទាំងប្រាំកាលបើឃើញនាង មយីមយា អុំទូកមកដល់ស្រែក ហៅនាងសុំឱ្យនាងជួយចម្លងខ្លួនទៅត្រើយម្ខាង ។ នាង មយីមយា អុំទូកទៅដល់បានឮសំឡេងស្រែកហៅ នាងក៏បង្អង់ទូក ។ បុរសទាំងប្រាំនោះស្ទុះទៅសួរថា «អ្នកនឹងធ្វើដំណើរទៅណាមកណា សូមចម្លងយើងផង» ។ នាងតបថា «អ្នកឆ្លងទៅណា?» ពួកគេក៏ឆ្លើយថា «យើងខ្ញុំឆ្លងទៅត្រើយម្ខាង» ។ នាងសួរទៀតថា «អ្នកឆ្លងទៅប្រាថ្នាការអ្វី?» បុរសឆ្លើយថា «នាងអើយយើងទាំងនេះនឹករកកន្លែងរក្សាសីល» ។ នាងសួរទៀតថា «អ្នកទៅរកកន្លែងរក្សាសីលប្រាថ្នាការអ្វី?»
បុរសទាំងប្រាំក៏ឆ្លើយថា «ប្រាថ្នាឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ» ។ «បើដូចនោះអ្នកប្រាថ្នាជាព្រះពុទ្ធ ខ្ញុំសុំធ្វើជាម្ដាយអ្នកទាំងប្រាំ នឹងសុខចិត្តចម្លងអ្នកទាំងប្រាំទៅត្រើយស្ទឹងនាយ» ។ ឯបុរសទាំងប្រាំនោះត្រេកអរណាស់ ឆ្លើយតបថា «សាធុៗ សម្ដីនាងពិរោះពេកហោង» ។
នាង មយីមយា បានចម្លងបុរសទាំងប្រាំនោះទៅដល់ត្រើយស្ទឹងនាយ តាមបំណងបុរសទាំងប្រាំនោះ ។ ដូចនេះ បានជានាង មយីមយា ត្រូវបានជាពុទ្ធមាតាព្រះពុទ្ធទាំងប្រាំព្រះអង្គក្នុងភទ្ទកប្បនេះឯង ។
កាលបើព្រះពុទ្ធទាំងប្រាំ ព្រះអង្គនេះបានត្រាស់ដឹងឡើងក្នុងលោក ព្រះអង្គបាននឹកឃើញដល់ពាក្យបណ្ដាំរបស់សត្វទាំងប្រាំ គឺមាន់ នាគរាជ អណ្ដើក គោ ខ្លា (ក្នុងសាស្ត្រាក្អែកស ថារាជសីហ៍) ក្នុងពេលដែលព្រះអង្គមួយអង្គៗបានលាចេញទៅធ្វើធម៌ សត្វទាំងប្រាំបានផ្ដាំថា បើកូនបានត្រាស់ដឹងជាព្រះពុទ្ធ សូមឱ្យកូនយកឈ្មោះម្ដាយដែលជាអ្នកថែរក្សារបស់ខ្លួន ក្នុងពេលដែលកូនបានត្រាស់ដឹងជាព្រះពុទ្ធនោះឯង ។
លុះជាតិជាទីបំផុតព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ទើបយកឈ្មោះម្ដាយជាអ្នកថែរក្សាទៅដាក់ជាឈ្មោះខ្លួនតាមបណ្ដាំ៖
- បុរសដែលមាន់ចិញ្ចឹមថែរក្សា ដាក់ឈ្មោះថា កកុសន្ធោ
- បុរសដែលនាគរាជថែរក្សា ដាក់ឈ្មោះថា កោនាគមនោ
- បុរសដែលអណ្ដើកចិញ្ចឹមថែរក្សា ដាក់ឈ្មោះថា កស្សបោ
- បុរសដែលគោចិញ្ចឹម ដាក់ឈ្មោះថា គោតមោ
- បុរសដែលខ្លា ឬរាជសីហ៍ចិញ្ចឹម ដាក់ឈ្មោះថា អរិយមេត្តេយ្យោ (ព្រះសិអារ្យមេត្រី) ។
មូលហេតុនេះហើយទើបបុព្វបុរសខ្មែរផ្នែកខាងវិចិត្រករ លោកយករូបមាន់ទៅគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធោ យក រូបនាគរាជមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កោនាគមនោ យករូបអណ្ដើកមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម កស្សបោ យករូបគោមកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម គោតមោ និងយករូបខ្លា ឬរាជសីហ៍មកគូរដាក់នៅក្រោមព្រះពុទ្ធទ្រង់ព្រះនាម អរិយមេត្តេយ្យោ (ព្រះសីអារ្យមេត្រី) ទុកជាប្រវត្តិរហូតមកដល់សព្វថ្ងៃនេះ ។
0 comments :
Post a Comment