ប្ដី
ប្ដី ( ន. ) [ជើង ដ ] ( សំ. បា.)(បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា”) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។
- ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ ? (ព. សា.) ។
យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកទុកជាព្រះកេរ្តិ៍ក្នុងវចនានុក្រម ខ្មែរនេះ ចំពោះតែត្រង់ពាក្យថ្លែងអំពីគតិ ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ៖
កតមេហិ បញ្ចគតី- ហិ សាមិកា
ភរិយាស- ង្គហាធម្មា ប្រែតាមអត្ថា-
ធិប្បាយបាលី ។
ថាប្រុសឯណា នឹងមានភរិយា លោកឱ្យចេះក្ដី
ទាំងប្រាំចំពោះ សង្គ្រោះចិត្តស្រី ប្រពន្ធប្រក្រតី
ដូចធម៌សម្ដែង ។
បើប្ដីឯណា ពុំកាន់កិរិយា ទាំងប្រាំនេះឯង
ហៅប្ដីទុជ៌ន ជួលន់ក្រៃលែង ចេះតែកំហែង
ចិត្តប្រពន្ធពិត ។
បើប្ដីកាន់ច្បាប់ ទាំងប្រាំនេះខ្ជាប់ ហៅប្ដីសុចរិត
បម្រុងភរិយា ដោយនាក្រមក្រឹត្យ ប្រសើរពេកពិត
ឥតអ្វីផ្ទឹមឡើយ ។
អស់ប្រុសទាំងឡាយ ចូរចាំអធិប្បាយ ច្បាប់នេះជាត្រើយ
ទុកគ្រប់ប្រុសប្រាណ កុំមានកន្ដើយ មានប្រពន្ធហើយ
ជាសុខសម្រាន្ត ។
មួយគឺហៅប្ដី ឱ្យប្រើសម្ដី នឹងប្រពន្ធមាន
ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អាន
តាមសព្ទវាចា ។
មួយគឺប្រពន្ធ ខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសា
ទាត់ធាក់ដៀលដំ ដូចខ្ញុំអាត្មា កុំស្ដីដើមថា
ឱ្យឮសាយសព្ទ ។
មួយគឺបានធន ប្រគល់ប្រពន្ធ ទុកដាក់រណ្ដាប់
ទាំងគ្រឿងអាហារ ជាការស្រីផ្គាប់ រៀបចំសម្រាប់
ថែទាំរក្សា ។
មួយគឺកុំផ្ចង់ កុំខំតែប- ង្កើតកូនហើយថា
ប្រពន្ធសុខចិត្ត ឱ្យគិតប្រាថ្នា រួសរកទ្រព្យា
សម្រាប់ឱ្យផង ។
មួយគឺឱ្យចាប់ ស្រឡាញ់ឱ្យខ្ជាប់ កុំជិនណាយហោង
បើមានប្រពន្ធ- ទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នង
ឱ្យស្មើមុខឡើយ ។
សម្ដែងសេចក្ដី គ្រប់ប្រាំវិថី ចែងចប់ស្រេចហើយ
ឱ្យអស់ប្រុសផង ចាំចងជាត្រើយ ផ្ចង់កុំកន្តើយ
ចោលច្បាប់បុរាណ ។
បើប្រុសឯណា ពុំផ្ចង់ចិន្តា ដូចធម៌ទូន្មាន
នៅនឹងភរិយា គ្មានជាសុខសាន្ត ហិនហោចធនធាន
ទាស់ទែងលែងគ្នា ។
ឯវិស័យចិត្ត អស់ស្រីផងពិត មានប្ដីប្រាថ្នា
អំពើទាំងប្រាំ នេះចាំចិន្តា គ្រប់ចិត្តភរិយា
នៅនាលោកិយ ។
បើខ្វះអំពើ- ណាមួយហើយតើ ប្រពន្ធថាប្ដី
ចិត្តពុំត្រូវត្រង់ ពុំគង់មេត្រី តូចចិត្តស្វាមី
អាក់អន់ពុំស្មោះ ។
លោកឱ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្តសង្គ្រោះ-
ប្រពន្ធឱ្យពិត ដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះ-
ចិត្តចូលមូលឯង ។
កុំគិតតែយក- ប្រពន្ធបានមក គ្រាន់ឱបប្រឡែង
បង្កើតតែកូន សោះសូន្យធនធេង លោកឱ្យគិតក្រែង
ដំណៀលនិន្ទា ។
ធម្មតាជាប្ដី បានទ្រព្យធនអ្វី ឬយសសក្ដា
តែងនៅសុខសឹង- ទីពឹងផងគ្នា ព្រោះដ្បិតភរិយា
កាន់ក្ដីសុចរិត ។
អំពើច្នេះហោង ឱ្យអស់ប្រុសផង ចងចាំក្នុងចិត្ត
តាមធម៌ទូន្មាន គ្រប់ប្រាណប្រុសពិត ទុកជាក្រមក្រិត្យ
ច្បាប់ច្បាស់តទៅ ។
អង្គអញរចនា សេចក្ដីកាព្យា តាមច្បាប់ទុកនៅ
ក្នុងព្រះបាលី សេចក្ដីជ្រាលជ្រៅ ពុំហ៊ានសៅដៅ
លើកលែងងាយដាយ ។
ឧស្សាហ៍ខំប្រុង ប្រែរករើសក្នុង គម្ពីរនិកាយ
អដ្ឋកថា ដីកាបរិយាយ និបាតទាំងឡាយ
មកផ្សំស្រដី ។
ជាច្បាប់ទុកត ដំណឹងតំណ ដំណើរស្ត្រី
ឱ្យជាក់ប្រាកដ ដោយបទបាលី គ្រាន់អស់ប្រុសស្រី
រើសរៀនរកផ្លូវ ។
ច្បាប់នេះប្រសើរ ដំណឹងដំណើរ ទំនងនេះកូវ
ជាច្បាប់ប្រាកដ ដោយបទត្រឹមត្រូវ គួរយើងឥឡូវ
ប្រតិបត្តិរក្សា ។
គួររៀនឱ្យស្ទាត់ ឱ្យចាំរត់មាត់ ដាក់ក្នុងចិន្តា
គ្រាន់នឹងប្រិតប្រៀន បង្រៀនអាត្មា តាមដោយគាថា
នេះឯងតទៅ ។
ចែងចប់អភិប្រាយ ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍
ប្រាំបីរោចឯ នាខែមាឃនៅ ឆ្នាំរកាត្រូវ
នព្វស័កស្រេចហោង ។៚
(បើពេញចិត្ត គួរទន្ទេញឱ្យចាំមាត់) ម. ព. ប្រពន្ធ ទៀតផង) ។
0 comments :
Post a Comment