Monday, January 20, 2014

● គោល​នៃ​ជំនឿ

“យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ”
            ​«បុគ្គលណាភ្ញាក់ផ្អើលសំឡេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។   បុគ្គល​ ដែល​ភ្ញាក់ផ្អើល​សំឡេង ឈ្មោះ​ថា​ជា​អ្នក​​មាន​ចិត្ត​ស្រាល ពោលគឺ​អ្នក​​មាន​​ត្រចៀក​​ស​ឆាប់​ជឿ​គេ​​ងាយ​នោះ​ឯង​ ខ្វះការពិចារណា​​ឱ្យបាន​​គ្រប់​
ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​​សម្តែ​ង​ថា កិច្ចការ​របស់​បុគ្គល​នោះ រមែង​មិន​សម្រេច​ជោគជ័យ ។ ក្នុង​កាលាមសូត្រ​នៃ​អង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្តែង​វិធី​បដិបត្តិ​​​ក្នុង​ រឿងដែលគួរឱ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណា​ដល់​អ្នក​ស្រុកកាលាមៈ មុន​នឹង​ជឿ​រឿងណា​មួយ​ថា​ពិត ឬមិនពិតចំនួន ១០ យ៉ាងដូចតទៅនេះ៖
១- មា អនុស្សវេន កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២- មា បរម្បរាយ កុំអាលជឿព្រោះទំនៀមទម្លាប់ ។
៣- មា ឥតិកិរាយ កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤- មា បិដកសម្បទានេន កុំអាលជឿព្រោះការអាងក្បួន ឬគម្ពីរ ។
៥- មា តក្កហេតុ កុំអាលជឿព្រោះតក្កវិជ្ជា ។
៦- មា នយហេតុ កុំអាលជឿព្រោះអនុមាន ឬលំនឹកស្មាន ។
៧- មា អាការបរិវិតក្កេន កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨- មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ ។
៩- មា ភព្វរូបតាយ កុំអាលជឿព្រោះឃើញទំនងគួរឱ្យជឿ ។
១០- មា សមណោ នោ គរូតិ កុំអាលជឿព្រោះយល់ថា សមណៈ ឬបុគ្គលរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច ? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា «លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោសជាដើម ហើយទើបគួរលះបង់ចោល ឬបដិបត្តិតាម ។
សុ.បិ./អំ.និ./តិ.និ./ទុ.ប./ម.វ./កាលាមសូត្រ/៤១/៦៧/២១៨

0 comments :

Post a Comment