Thursday, January 16, 2014

ទុក្ខ​វេទនា​បណ្ដាល​មក​ពី​ស្ដេច​ និង​ពួក​អាណានិគម​

សម័យ​លង្វែក​និង​ឧដុង្គ​ ជា​សម័យ​ចុះ​ដុនដាប​ ហើយ​ពោរពេញ​ទៅ​ដោយ​ការ​រួម​គំនិត​ក្បត់​ និង​ចំបាំង​គ្នា​ឯង​។​ ដោយ​បាន​ដឹង​ច្បាស់​ពីរ​ស្ថានការណ៍​នេះ​សៀម​បាន​ឆ្លៀត​ឱកាស​ចូល​មក​បង្ក្រាប ​រាជាណាចក្រ​កម្ពុជា​ និង​ដាក់​ឲ្យ​ទៅ​ជា​រដ្ឋ​ចំណុះ​របស់​វា​។ ពុំ​អាច​ទប់ទល់​បាន​ ស្ដេច​ខ្មែរ​យើង​បាន​រត់​ទៅ​រក​បង្អែក​ពី​​សក្ដិភូមិ​ខាង​កើត​​គឺ​ រាជាណាចក្រ​វៀតណាម​។

រាជវាំង​វៀតណាម​ ពេល​នោះ​ស្ថិតនៅ​ទីក្រុង​វ៉េ​។ ក្នុង​ដំណាក់​កាល​ដំបូង​ រាជវាំង​ក្រុងវ៉េ​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​មក​ក្នុង​ទឹកដី​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សុំ​ស្នើ​របស់​ស្ដេច​កម្ពុជា​ផង​ និង​បង្រីក​វិស័យពាណិជ្ជកម្ម​ផង​។ រាជវាំង​ក្រុងវ៉េ​​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នយោបាយ​របស់​រាជវាំង​ ឧដុង្គ​កាន់​តែ​ខ្លាំង​ឡើងៗ​ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​រាជាណាចក្រកម្ពុជា​ និង​ដើម្បី​យក​ឈ្នះ​ លើ​ឥទ្ធិពល​វាត​ទី​និយម​របស់​សៀម​។
ជំរៀតជំរែក​របស់​រាជវាំង​វ៉េ​​ចេះ​តែ​បង្កើន​សកម្មភាព​ជា​លំដាប់​ ជា​ពិសេស​ចាប់​ពី​ជំនាន់​ស្ដេច​អង្គច័ន្ទទី២​(១៧៩៤-១៨៣៤)​។ ស្ដេច​នេះ​ជឿជាក់​ថា​នឹង​អាច​ពង្រឹង​រាជបល្ល័ង្គ​បាន​ ដោយ​ផ្អែក​លើ​កំលាំង​របស់​រាជវាំង​វ៉េ​ផង​ និង​រាជវាំងបាងកក​ផង​។
ព្រះអង្គបាន​ទទួល​ត្រាមាស​ពី​រាជវាំង​វ៉េ​។ មិន​ពេញ​ចិត្ត​និង​អាកប្បកិរិយា​បែប​នេះ​ស្ដេច​សៀម​បាន​ធ្វើ​ការ​គាប​សង្កត់ ​ដោយ​កំលាំង​មក​លើ​ស្ដេច​អង្គច័ន្ទទី២​ ហើយ​​បង្ខំ​ឲ្យ​ទទួល​ដាច់ខាត​ នូវ​អធិបតេយ្យភាព​របស់​សៀម​។ ព្រួយ​បារម្យ​នឹង​ការ​គាប​សង្កត់​នេះ​ពេក ស្ដេចអង្គច័ន្ទទី២​ ក៏​បាន​អំពាវនាវ​សុំ​ជុំនួយ​ពីរាជវាំងវ៉េ​។ ភ្លាម​នោះ​រាជវាំងវ៉េ​ក៏​បញ្ជូន​កងទ័ព​ចូល​មក​កម្ពុជា​ជា​បន្ទាន់​។
បន្ទាប់​មក​ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​ចាប់​ផ្ដើម​ឡើង​។ កងទ័ព​វៀតណាម​មាន​ជ័យជំនះ​លើ​កងទ័ព​សៀម​។ រាជបល្ល័ង្គ​ធា្លក់​ចុះ​មក​ក្នុង​កណ្ដាប់​ដៃ​អង្គច័ន្ទទី២​ ដដែល​។ តែ​ពេល​នោះ​ ការរាំង​ស្ងួត​ និង​ទឹកជំនន់​ដ៏​សាហាវ​ បាន​បំផ្លិចបំផ្លាញ​ប្រទេស​យើង​។ ប្រជាជន​រងទុក្ខវេទនា​យ៉ាង​ខ្លាំង​ក្លា​។ ទុរភិក្ស​ដ៏​សាហាវ​បាន​រាលដាល​ទូទាំង​ប្រទេស​។
ស្ដេចអង្គច័ន្ទទី២​ បាន​ចូល​ទីវង្គត​នៅ​ឆ្នាំ​១៨៣៤​ ដោយ​គ្មាន​បុត្រ​ស្នងរាជ​ទេ​។ រាជវាំងវ៉េ​ពេល​នោះ​ មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​រាជវង្សានុវង្ស​ខ្មែរ​ ហើយ​បាន​ប្រើ​កលល្បិច​ដើម្បី​លើក​បន្តុប​ក្សត្រីយ៍​អង្គម៉ី​ ដែល​ជា​ត្រូវ​ជា​បុត្រី​ស្ដេចអង្គច័ន្ទទី២​ ឲ្យ​ឡើង​សោយរាជ្យ​។ សំដៅ​ពង្រឹង​ឥទ្ធិពល​ខ្លួន​ និង​បំបាត់​ចោល​ឥទ្ធិពល​សៀម រាជវាំងវ៉េ​បាន​ចូល​ជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុង​របស់​រាជវាំង​ឧដុង្គ​ កាន់​តែ​ខ្លាំងក្លា​ឡើង​។ អំពើ​នោះ​ រាជវង្ស​និង​ប្រជាជន​កម្ពុជា​ក៏​មិន​សប្បាយ​ចិត្ត​ដែរ​។
ពួក​សក្ដិភូមិ​កម្ពុជា​មួយ​ចំនួន​បាន​រត់​ភៀសខ្លួន​ទៅ​ឯ​បាងកក​ដើម្បី​ សុំ​ជំនួយ​។ គ្រាន់​តែ​បាន​លេស​នេះ​ភ្លាម សៀម​ក៏​លើក​ទ័ព​ចូល​មក​ភ្នំពេញ​និង​ឧដុង្គ​។ ប្រទេស​យើង​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​ម្ដង​ទៀត​។ ដែល​បណ្ដាល​ឲ្យ​មាន​មហន្តរាយ​ជា​ច្រើន​ ដូច​ជា​ការ​ស្លាប់​រង្គាល អគ្គីភ័យ​ ការ​បំផ្លិច​បំផ្លាញ​ និង​ការ​ឆក់ប្លន់​។
ជា​ថ្មី​ម្ដង​ទៀត​ រាជវាំងវ៉េ​បាន​ឈ្នះ​លើ​កង​ទ័ព​សៀម​និង​លើក​កំលាំង​ប្រឆាំង​ទាំងអស់​​តែ​ពុំ​អាច​ធ្វើ​ឲ្យ​មាន​របៀប​រៀបរយ​បាន​ទេ​។
ចំបាំង​ចេះ​តែ​មាន​បន្តមក​ទៀត​ ប្រជាជន​យើង​ជួប​ប្រទះ​តែ​ទុក្ខវេទនា​ និង​ទុរភិក្ស​ដ៏​កាច​សាហាវ​។ តើ​នរណា​ឆ្លៀត​រក​ប្រយោជន៍​ក្នុង​សង្គ្រាម​នេះ?​ ក្រៅ​ពី​ពួក​ស្ដេច​គ្មាន​នរណា​ម្នាក់​អាច​ទទួល​ផល​ល្អ​ពី​សង្គ្រាម​ឡើយ​។ គឺ​ពួក​ស្ដេច​នេះ​ហើយ​​បាន​បង្ក​នូវ​មហន្តរាយ​គ្រប់​បែប​យ៉ាង​មក​លើ​ប្រជាជន ​យើង ដើម្បី​បប្រើគំនិត​អញនិយម​ បំរើ​ផល​ប្រយោជន៍​សក្ដិភូមិ​ និង​បំរើ​គំនិត​វាតទី​និយម​របស់​ពួក​គេ​។
ប្រវត្តិសាស្ត្រ​វៀតណាម​បាន​ឲ្យ​ដឹង​ច្បាស់​ថា មាន​យុវជន​វៀតណាម​ច្រើនណាស់​ដែល​ត្រូវ​ពួក​សក្ដិភូមិ​បញ្ជូន​មក​ធ្វើ​ សង្គ្រាម​។ សង្គ្រាម​នេះ​ធ្វើ​ឲ្យ​យុវជន​ស្លាប់​បាត់បង់​ជីវិត​ និង​ខាតបង់​ថវិការ​រដ្ឋ​អស់​ជា​ច្រើន​។ ប្រជាជន​វៀតណាម​ក៏​បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ ក្រុង​វ៉េ​។
ភាគី​ទាំងពីរ​ខាង​ ពុំ​អាច​យក​ឈ្នះ​គ្នា​បាន​ឡើយ​។ ម៉្លោះ​ហើយ​រាជវាំង​បាងកក​រាជវាំងវ៉េ​និង​បក្ស​ជំទាស់​ទាំងពីរ​ក្នុង​ រាជវង្សានុវង្ស​ខ្មែរ បាន​យល់​ព្រម​លើក​ស្ដេច​អង្គឌួង​ឲ្យ​ឡើង​សោយរាជ្យ​ និង​យល់​ព្រម​ឲ្យ​ដក​កងទ័ព​បរទេស​ទាំងអស់​ព្រម​ទាំង​រៀមចំ​ឲ្យ​មាន​ ទំនាក់ទំនង​ផ្លូវទូត​ជា​ធម្មតា រវាង​សៀមវៀតណាម​ និង​កម្ពុជា​ឡើង​វិញ​។ ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ កើត​ក្នុង​ឆ្នាំ​១៨៤៥​។
សុខ​សន្តិភាព​បាន​កើត​ឡើងវិញ​ហើយ​។​ ស្ដេច​អង្គឌួង​ខិតខំ​សំរាលពន្ធដា​ដល់​ប្រជាជន​ ខិតខំ​ស្ដារ​ផលិតកម្ម​ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​មាន​ស្ថេរភាព​។ តែ​ពេល​នេះ​ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​យ៉ាង​សំបើម​ ទុរគត​ភាព​មាន​ធ្ងន់ធ្ងរ​ហើយ​ការ​លំបាក​ស្មុកស្មាញ​មាន​ច្រើន​ឥតគណនា​។
ប៉ុន្មាន​ឆ្នាំ​ដំបូង​ក្នុង​រាជវង្ស​អង្គឌួង​ស្ថានភាព​ក្នុង​ប្រទេស​មាន​ ភាព​ស្ងប់​តែ​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​ការ​ជ្រួលច្របល់​ក៏​កើត​មាន​​ឡើង​ វិញ​។ បាងកក​ពុំ​បាន​បោះបង់​ចោល​គំនិត​ទន្ទ្រាន​លេប​ទឹកដី​កម្ពុជា​ឡើយ​។ ដើម្បី​ដោះស្រាយ​ស្ថានភាព​នេះ​អង្គឌួង​មាន​គំនិត​ដូច​ស្ដេច​អង្គច័ន្ទទី២​ ដែរ គឺ​ពឹង​ផ្អែក​លើ​កម្លាំង​បរទេស​។
ម្ដង​នេះ​ពុំ​មែន​រាជវាំង​ក្រុងវ៉េ​ទេ គឺ​ប្រទេស​បារាំង​ដែល​ជា​មហាអំណាច​នៅ​អឺរ៉ុប​មាន​នាវាចំបាំង​ មាន​កាំភ្លើង​ ហើយ​ដែល​វាយ​យក​បាន​ប្រទេស​នៅ​អាស៊ី​ជា​ច្រើន​មក​ហើយ​។
ស្ដេច​អង្គឌួង​បាន​បញ្ជូន​បេសកជន​ទៅ​ជួប​តំនាង​ប្រទេស​បារាំង​នៅ​ សឹង្ហបុរី​ដើម្បី​សុំ​ជំនួយ​។ អ្នក​តំណាង​ប្រទេស​បារាំង​ ដំបូង​មិន​បាន​ចាប់​អារម្មណ៍​ដល់​ប្រទេស​កម្ពុជា​ទេ ដោយ​ចាត់​ទុក​ថា​ជា​រឿង​ផ្សងព្រេង​មួយ​នៅ​លើ​ទឹកដី​ដែល​មិន​ស្គាល់​។ ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​បារាំង​ មិន​អាច​ជៀសផុត​បាន​ឡើយ​។ ប្រទេស​យើង​ត្រូវ​ប្រឈមមុខ​នឹង​ទុក្ខវេទនា​ដ៏​ធំធេង​។
សំនួរ
១-ហេតុ​អ្វី​បាន​ជា​ស្ដេច​អង្គច័ន្ទទី២​ ងាក​មក​ពឹង​ស្ដេច​ក្រុងវ៉េ​វិញ​?
២-តើ​ភាគី​ណាខ្លះ​ ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​ ក្នុង​រាជវង្ស​ស្ដេច​អង្គច័ន្ទទី២​?
តើ​សង្គ្រាម​បាន​ផ្ដល់​ផល​ប្រយោជន៍​ទៅ​នរណា​? ហើយ​នរណា​ជា​អ្នក​រងទុក្ខវេទនា​?
៣-ហេតុអ្វី​បាន​ជា​ស្ដេច​អង្គឌួង​មាន​គំនិត​ពឹង​កម្លាំង​បរទេស​?

0 comments :

Post a Comment