អង្គរវត្ត
កាលជំនាន់ដើម រាជវង្សខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីពីកន្លែងមួយទៅ កន្លែងមួយជាច្រើនសាណាស់។ មានតែអង្គរមួយប៉ុណ្ណោះដែលមានកិត្តិស័ព្ទល្បីល្បាញ ហើយរក្សាតួនាទីជារាជធានីបានយូរជាងគេ។ អាស្រ័យហេតុនេះហើយបានជាស្ថាបត្យកម្មសិល្បៈសន្ធឹកសន្ធាប់ ដែលកសាងឡើងក្នុងរាជវង្សនានានៅអង្គរ បានធ្វើឲ្យរាជធានីនេះក្លាយទៅជាមជ្ឈមណ្ឌលមួយសម្បូរដោយកេរតំណែល ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ខ្ពង់ខ្ពស់រុងរឿងអស្ចារ្យបំផុតនៅក្នុង ពិភពលោក។
អង្គរជារាជធានីរបស់រាជាណាចក្រកម្ពុជា នៅក្នុងសម័យកាលសម្បូររុងរឿងបំផុត។ សម័យអង្គរបានចាប់ផ្ដើមនៅឆ្នាំ៨០២ នៃគ.ស. ។ ស្ដេចដែលបានមកតាំងរាជធានីដំបូងបង្អស់នៅអង្គរគឺព្រះបាទជ័យវរ្ម័ន ទី២។ នៅពេលមុននេះ រាជាណាចក្រកម្ពុជាត្រូវបានចុះខ្សោយដេលបណ្ដាលមកពីការទាស់ទែង បែកបាក់គ្នាក្នុងផ្ទៃប្រទេសហើយដែលធ្វើឲ្យរាជាណាចក្រកម្ពុជាត្រូវ បែងចែកជាពីរ គឺកម្ពុជាទឹកលិច(ភាគខាងក្រោមនៃទន្លេមេគង្គ) និងកម្ពុជាដីគោក (ភាគកណ្ដាលនៃទន្លេមេគង្គ)។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យពួគជ្វា (ឥណ្ឌូនេស៊ីសព្វថ្ងៃ) ឆ្លៀតឱកាសចូលមកឈ្លានពានកាន់កាប់ទឹកដី និងដាក់ប្រទេសយើងក្រោមនឹមត្រួតត្រារបស់ជ្វាអស់រយះពេលជាង១០ ឆ្នាំ។ ស្ដេចជ័យវរ្ម័នទី២ ជាអ្នកមានសមត្ថភាពកម្ចាត់ខ្មាំងឈ្លានពាន ជាអ្នកបង្រួបបង្រួមប្រទេសកម្ពុជា ជាអ្នករៀបចំរាជាណាចក្រកម្ពុជាឡើងវិញ និងជាអ្នកដែលបានមកតាំងរាជធានីនៅខាងជើងបឹងទន្លេសាបមុនគេ។ ស្ដេចដែលសោយរាជ្យបន្តបន្ទាប់មកទៀត សុទ្ធតែបានតាំងរាជធានីនិងកសាងប្រាសាទ ត្រង់តំបន់នេះដែរ ដែលធ្វើឲ្យតំបន់នេះក្លាយទៅជារាជធានីដ៏ធំមួយគឺអង្គរ។ ស្នាដៃកសាងប្រាសាទសំខាន់ៗ ចាប់ផ្ដើមឡើងក្នុងរាជ្យស្ដេចយសោវរ្ម័នទី១(៨៨៩-៩០០) ហើយស្នាដៃកសាងនេះចេះតែបានសំរេចបន្តបន្ទាប់មក អស់រយៈកាលរាប់រយឆ្នាំ ពិសេសប្រាសាទអង្គរវត្ត ដែលបានស្ថាបនារួចស្រេច នៅក្នុងរាជស្ដេចសុរិយាវរ្ម័នទី២ (១១១៣-១១៥២)។
បើគេធ្វើដំណើរចេញពីទីក្រុងភ្នំពេញ
ដោយឆ្លងកាត់កំពង់សាឡាង ព្រែកក្ដាម
ហើយបន្តដំណើរតាមផ្លូវជាតិលេខ៦ កាត់តាមប្រជុំជនស្គន់
ទីរួមខេត្តកំពង់ធំ ទីប្រជុំជនរលួស
នោះគេនឹងបានទៅដល់ទីរួមខេត្តសៀមរាប
ក្រោយពីបានធ្វើដំណើរអស់ចម្ងាយផ្លូវប្រហែល ៣០០ គ.ម. មក។
ទៅដល់ទីរួមខេត្តសៀមរាប ក៏ហាក់ដូចជាទៅដល់អង្គរដែរ
ព្រោះថាគេត្រូវបន្តដំណើរទៅទិសខាងជើងតាមរថយន្ត
ឬទោចក្រយានយន្តតែចម្ងាយផ្លូវ ៦គម. ប៉ុណ្ណោះ
នោះគេនឹងបានទៅដល់ខ្លោងទ្វារខាងលិចនៃប្រាសាទអង្គរវត្តតែម្ដង។
តើពួកទេសចរនឹងមានការរំភើបកោតស្ញប់ស្ញែងយ៉ាងណាទៅ
ក្រោយពីបានឃើញប្រាសាទអង្គរវត្ត ដែលសាងពីថ្មដ៏សម្បើមអស្ចារ្យ
លេចធ្លោឈរជង្គ្រឹងកណ្ដាលព្រៃព្រឹក្សា។ ទីតាំងប្រាសាទអង្គរវត្ត
មានរាងជាចតុកោណកែងស្ទើរស្មើជ្រុង គឺមានបណ្ដោយប្រហែល ១៥០០ ម.
និងទទឹងប្រហែល ១៣០០ ម. ។
បរិវេណប្រសាទអង្គរវត្តព័ទ្ធជុំវិញដោយគូ(១) យ៉ាងធំ ដែលមានទទឹង
១៩០ ម. ។ បន្ទាប់ពីគូ គឺកំពែងថ្មព័ទ្ធជុំវិញដែលមានបណ្ដោយ ១០២៥
ម. និងទទឹង ៨០០ ម. ។
គេចូលទៅក្នុងបរិវេណប្រាសាទតាមផ្លូវដេលក្រាលថ្មភក់
របៀបដូចជាស្ពានឆ្លងកាត់គូ។ លុះដើរទៅដល់ជិតខ្លោងទ្វារធំ
នោះគេនឹងឃើញប្រាង្គប្រាសាទទាំងមូលស្ថិតនៅពេញប្រឡោះខ្លោងទ្វារ
ប្រៀបបាននឹងរូបថតមួយសន្លឹកដ៏ល្អឆ្នើម។ បន្ទាប់ពីនេះទៅ
គេត្រូវដើរសំដៅទៅតួប្រាសាទតាមផ្លូវមួយ
ដែលអមដោយបង្កាន់ដៃមានរាងជានាគក្បាលប្រាំពីរ។
មុននឹងចូលទៅដល់តួប្រាសាទ គេប្រទះឃើញស្រះទឹកពីរ
នៅអមសងខាងស្រះខាងជើងមានទឹកជាអចិន្ត្រៃយ៍។
គឺនៅទីនេះហើយដែលពួកទេសចរបានគយគន់នូវទស្សនីយភាពដ៏ឆើតឆាយមួយ
ថ្មីទៀត
គឺស្រមោលប្រាសាទទាំងមូលដែលចាំងឆ្លុះទៅក្នុងផ្ទៃទឹកដ៏ថ្លាឆ្វង់។
មនុស្សខ្លះក្នុងពិភពលោកបានឃើញទស្សនីយភាពដ៏ស្រស់បំព្រងនេះតាម
រយ:រូបថត។
មុននឹងចូលទៅដល់ប្រាង្គប្រាសាទ
គែត្រូវដើរឆ្លងកាត់ថែវពីថ្នាក់ ដែលសង់នៅលើខឿនផ្សេងៗពីគ្នា។
ថែវនិមួយៗមានដំបូលវិចិត្រដោយក្បាច់ស្រកានាគហើយនឹងមានជញ្ជាំងតែ
ម្ខាងទេ ដែលប្រកបដោយក្បាច់ចម្លាក់គួរឲ្យគយគន់ជាទីបំផុត។
នៅខឿនលើបង្អស់
មានប្រាង្គធំៗឈរខ្ពស់ត្រដែតនៅគ្រប់ជ្រុងទាំងបូន។
រួមនឹងប្រាង្គដ៏ធំសំបើមមួយនៅកណ្ដាល
បង្កើតបានដោយជាប្រាង្គប្រាសាទខ្ពស់សន្លឹមស្កឹមស្កៃនៅក្នុងអាកាស
លេចធ្លោចេញផុតពីមែកព្រឹក្សាទាំឡាយ។
តួប្រាសាទអង្គរវត្តស្ថិតនៅលើខឿនដ៏ខ្ពស់
កណ្ដាលវាលហាលភ្លៀងហាលថ្ងៃបណ្ដាលឲ្យមានសំនឹកដោយទឹកភ្លៀងហូរ
ច្រោះ
តែទោះបីយ៉ាងដូចនេះក៏ដោយក៏ប្រាង្គប្រាសាទអង្គរវត្តដែលមានអាយុកាល
រាប់សតវត្សមកហើយនោះ
សព្វថ្ងៃស្ថិតនៅឥតមានរខិតបាក់បែកអ្វីធំដុំឡើយ។
នេះជានិមិត្តរូបនៃកម្រិតវប្បធម៌ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់រុងរឿងរបស់
ប្រជាជាតិយើង។
បណ្ដាលកេរតំណែលដែលមាននៅក្នុងបរិវេណអង្គរវត្ត
គឺប្រាសាទនិងប្រាង្គប្រាសាទដែលជាទីកន្លែងសម្រាប់ធ្វើវិធី
សក្ការៈបូជាចំពោះព្រះអាទិទេព។
រីឯព្រះរាជវាំងគឺស្ថិតនៅក្នុងបរិវេណប្រាសាទដែរ
តែដោយសំណង់ធ្វើអំពីសម្ភារៈមិនសូវរឹងមាំ
ទើបបានជាគេពុំសូវបានឃើញស្លាកស្នាមអ្វីគួរកត់សម្គាល់បាន
ច្បាស់លាស់ឡើយ។
នៅក្រៅបរិវេណ គឺជាភូមិអ្នកស្រុកនិងវាលស្រែ។
ប្រជាជនប្រកបរបរកសិកម្មតាមមាត់បឹងទន្លេសាប។
ព្រះរាជាសម័យអង្គរបានបញ្ជាឲ្យគេជីកបារាយណ៍ធំៗពីរ
គឺបារាយណ៍ខាងលិច និងបារាយណ៍ខាងកើត ដើម្បីផ្ទុកទឹកសម្រាប់កសិកម្ម
នៅក្នុងរដូវប្រាំង។
គេតែងដំនាលតៗគ្នាថា ប្រាសាទអង្គរវត្តដ៏សំបើមអស្ចារ្យនេះ
ត្រូវបានស្ថាបនាឡើងដោយព្រះវិស្ណុការដែលជាបុត្ររបស់ព្រះឥន្ទ។
ប៉ុន្តែតាមការពិតពិស្ណុការ គឺជាឈ្មោះរបស់ស្ថាបករខ្មែរយើងម្នាក់
ដែមានទេពកោសល្យខ្ពស់លើសគេលើសឯងនៅក្នុងសម័យនោះ
ហើយដេលត្រូវគេបានកោតសរសើរ
ថាជាអ្នកចេះដឹងមានវិជ្ជាខ្ពង់ខ្ពស់បំផុត។
ពិស្ណុការបានរួមកម្លាំងជាមួយកម្មករជំនាញរាប់រយព្រមទាំងពលករ
រាប់ពាន់អ្នក
ដើម្បីស្ថាបនាប្រាសាទដ៏អស្ចារ្យនេះដែលមានសភាពសមសួនគួរឲ្យ
ស្ញប់ស្ញែងក្រៃលែង។
ស្នាដៃនេះបានធ្វើឲ្យប្រជាជនយើងមានមោទនភាពខ្ពស់ ចំពោះវប្បធម៌ដ៏រុងរឿងរបស់ដូនតាខ្លួន។
សំណួរ
១-អង្គរវត្តកសាងឡើង ក្នុងសម័យណានៃប្រវត្តិសាស្ត្រយើង?
២-នៅក្នុងរាជ្យស្ដេចណា ដែលអង្គរវត្តត្រូវបានកសាងឡើង?
៣-អ្នកណាខ្លះ ដែលជាអ្នកចូលរួមក្នុងការកសាងប្រាសាទនេះ?
៤-ចូលបង្ហាញអំពីតម្លៃសិល្បៈនៃស្នាដៃនេះ?
0 comments :
Post a Comment