Saturday, January 18, 2014



Description: http://t1.gstatic.com/images?q=tbn:ANd9GcR9e-wP_cUnibVQXncsesh9n6pmwj1NhkNDFHu9u22PfmYJIEUN


     លោក​​ Montesquieu ជាទស្សនវិទូនយោបាយ ជាអ្នក ប្រវត្តិវិទូ ជាអ្នកនិពន្ធ​ប្រលោមលោក របស់បារាំងម្នាក់ និងត្រូវ បានគេទទួលស្គាល់ថា ជាស្ថាបនិកមួយរូប ខាងសង្គមវិទ្យា និង  ជាបិតា
នៃវិទ្យាសាស្រ្ត​នយោបាយ ទៀតផង ។ គាត់កើត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ១៦៨៩ នៃគ.ស. នៅ តំបន់ប្រេដនៃ ខេត្រជីរុន​​​​​​​​​​​​​​​​សាធាណរដ្ឋបារាំង។ ហើយបានទទួលមរណ កាល នៅថ្ងៃ ទី ១០ ខែកុម្ភៈ ឆ្នាំ ១៧៥៥ ក្នុងជន្មាយុ ៦៦ ឆ្នាំនៅ ទីក្រុងប៉ារីស  ប្រទេសបារាំង ។ គាត់ក៏ធ្លាប់ជាទីប្រឹក្សាសភា ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ ។ នៅក្នុងឆ្នាំ ១៧២៦ គាត់លះបង់ការងារទាំងអស់ដើម្បីយក ពេលវេលាធ្វើការសញ្ជឹងគិតនិងធ្វើ ទៅក្រៅប្រទេសមានអ៊ីតាលី ហុងគ្រី ហូឡង់ដ៏ និងប្រទេស អង់គ្លេសជាដើម ។
លក្ខណៈទូទៅនៃស្នាដៃ និងការសិក្សា
គោលការណ៍សំខាន់របស់គាត់ គឺការផ្គត់ផ្គង់ច្បាប់ និងការបែងចែកអំណាចកក្នុងរដ្ឋ ។ ក្នុងស្នាដៃ ដ៏ល្បី ២ របស់ Montesquieu នៅក្នុងគំនិតនោបាយគឺ
ទី ១. ការសិក្សាបញ្ហាកត្តាទូទៅ ដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ «The Spirit of Law (1728-1748)»ស្នាដៃនេះត្រូវបានបោះពុម្ពជាលើកទីមួយនៅក្នុងឆ្នាំ១៧៤៨។លោក Montesquieu បានធ្វើការកត់សម្គាល់ថា«មានមនុស្សជាច្រើន ដែលដឹកនាំមនុស្សរួមមានអាកាសធាតុសាសនា ច្បាប់និងគោលការណ៍នៅក្នុងអតីតកាល ដូចជាសីលធម៌ទំលាប់ប្រពៃណីលទ្ធផល ទាំងអស់នេះ បង្កើតបានជាព្រលឹងទូទៅរបស់ប្រជាជន »
ទី ២. សមិទ្ធិផលដែលលោក Montesquieu ទទួលបានគឺ ទ្រឹស្តីនៃការបែងចែក អំណាច ។ស្ថាបនិ ក ទាំងអស់នៃទ្រឹស្តី បែងចែកអំណាចនោះ គឺអារីស្តូត និងផ្លាតូ បន្ទាប់អាគ្វីនីស និងចន ឡុក ។ ទ្រឹស្តី នេះ គេបានឃើញជាលើកទីមួយ នៅក្នុងក្រឹត្យច្បាប់ក្នុងប្រទេសអង់គ្លេសក្នុងដំណាក់កាល នៃការគ្រប់គ្រង​ដោយក្រូមវែល ។ លោក Montesquieu បានឲ្យគំនិតជាទ្រឹស្តីថា «អំណាចនយោ បាយតែងតែអនុវត្តន៍ រំលោភលើច្បាប់ ដូច្នេះច្បាប់កំពូលអាចស្ថិតស្ថេរល្អនៅបាន លុះត្រាតែបែង ចែក អំណាចនោះ ជានិតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ហើយធ្វើយ៉ាងណា ដើម្បីឲ្យស្ថាប័ន អំណាចនិមួយៗ មានសកម្មភាពជាឯករាជ្យ ដាច់ចេញពីគ្នា»
   គាត់ធ្លាប់សិក្សាពីច្បាប់ តែគាត់ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ពីព្រោះគាត់ចង់ស្វែង យល់ ពីគោលការណ៍​ «ស្ពីរីត» របស់វា ។ ពាក្យថា គោលការណ៍ «ស្ពីរីត» មានន័យថា «ជាកម្លាំង ជំរុញ» ឬអាចនិយាយបានថា «ជានិន្នាការ» ដែលនាំឲ្យគេដើរទៅមុខ ។ បើយើងធ្វើការប្រៀប ធៀបនិយមន័យខាងលើ ទៅនឹងចំណងជើងសៀវភៅដ៏ល្បីល្បាញរបស់គាត់នោះ គឺចង់និយាយ ថា ហេតុដូចម្តេចបានជានៅក្នុងប្រទេស​មួយមានច្បាប់ខុសៗគ្នា ? ដូចម្តេចបានជាច្បាប់ខ្លះ មាន ប្រសិទ្ធិភាព ហើយខ្លះទៀតគ្មាន ?
    វណ្ណកម្មដ៏ធំសម្បើមនេះ ចែកចេញជា ៣១ សៀវភៅ ដែលបែងចែកជា ១៥ ទៅ ២០ ជំពូក ក្នុងសៀវភៅនិមួយៗ ។ គេចាត់ទុកលោកជានយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់ សុទ្ធសឹងធ្វើ​ ការសិក្សាអំពីរបបគ្រប់គ្រងរបស់រដ្ឋ ។ លោក Montesquieu បានដាក់ចំណងជើង សៀវភៅរបស់គាត់​ ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញមានលក្ខណៈនយោបាយទេ ៕
ទ្រឹស្តីស្តីអំពីច្បាប់
     លោក Montesquieu បានឲ្យនិយមន័យចំពោះពាក្យច្បាប់ថា «នៅក្នុងន័យទូលំទូលាយរ បស់វា ច្បាប់គឺ ទំនាក់ទំនងចាំបាច់ទាំងឡាយ ដែលចេញមកពីអ្វី និងអ្វីដែលនឹងកើតឡើង ។ តាមនិយមន័យនេះ ច្បាប់ដូចជាទំនាក់ទំនងចាំបាច់ គឺមានន័យថា ច្បាប់លែងមានន័យទៅតាម ទស្សនៈទាន​ ទេវវិជ្ជា ឬតាមប្រពៃណីដូចមុនទៀតហើយ។ការធ្វើឲ្យមានទំនាក់ទំនងមានភាព ត្រឹមត្រូវគឺជាភារកិច្ចចាំបាច់របស់ច្បាប់ សម្រាប់ភាវៈទាំងអស់តាំងពីធំដល់តូច ។​នៅក្នុងន័យនេះ ភាវៈទាំងអស់សុទ្ធតែមានច្បាប់របស់វា អាទិទេពក៏មានច្បាប់អ្នកមានបញ្ញាខ្ពស់ជាងមនុស្សក៏មាន ច្បាប់សត្វក៏មានច្បាប់ មនុស្សសាមញ្ញក៏មានច្បាប់» ។ គាត់បានអះអាងថា «ច្បាប់ទំនៀមទំលាប់  ប្រពៃណីនិងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ខ្លួនចេញ ពីមូល ហេតុ ២ យ៉ាង កាយមូលហេតុ និងសីលមូលហេតុ ។
.កាយមូលហេតុ ជាមូលហេតុដែលមានចំណងទាក់ទងទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន ។​ ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស ។ ដោយ មនុស្ស ជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ។ ច្បាប់ដែល កើត ចេញពីចរឹតមនុស្ស តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយ នូវឥទ្ធពល នៃអាកាស ធាតុ ដូច្នេះសម្រាប់តំបន់ពីខុសគ្នា ច្បាប់ក៏មានលក្ខណៈខុសគ្នាដែរ។ សង្គមបែបណា បរិយាកាស បែបណាភូមិសាស្រ្តបែបណាប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា មុខជំនាញឯក ទេសបែប ណា  មនុស្សបែបណា នាំឲ្យច្បាប់​ មានលក្ខណៈ បែបនោះដែរ ។
      លោកបានបញ្ជាក់ថា «ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុត ទៅ នឹង​ការប៉ិនប្រសប់នានាដែលប្រជាជនខុសៗ​ គ្នា មានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជា មធ្យោបាយ  ចិញ្ចឹមជីវិត» ។ ក្នុងចំណោមកាយមូលហេតុកត្តាភូមិសាស្រ្តក៏ជាមូលហេតុចម្បងនៃកំណកំណើ ត ច្បាប់ និងរដ្ឋ ។
.សីលមូលហេតុជាមូលហេតុដែលស្តែងឡើង ជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹងកាយ មូលហេតុ គឺកើតឡើង នៅពេលដែលសង្គមមានការរីកចម្រើន ផ្នែកអរិយធម៌ ។ទាក់ទងទៅនឹង មូលហេតុប្រភេទនេះ មានគោលការណ៍នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌និង ទំនៀម  ទំលាប់ ប្រពៃណី ។ សីលមូលហេតុ គឺជាមូលហេតុ នៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗ​ រូប ។ មូលហេតុនេះ មានឥទ្ធិពល ទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ ។
ប្រភពច្បាប់ចែកជាពីរ
-ច្បាប់ពិភពរូបវន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។
-ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស ។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញា ច្រើន​  មានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស ។ គាត់ចែកច្បាប់ពិភព បញ្ញា​ ចែកចេញជា ៣ ទៀត គឺ
.ច្បាប់សាសនា គឺជាច្បាប់ដែលប្រកាសឲ្យប្រើប្រាស់ដោយអាទិពេទសម្រាប់ក្រើនរំលឹកស្មារតី  មនុស្សឲ្យចងចាំ​ នូវករណីយកិច្ចរបស់ខ្លួន ចំពោះព្រះអាទិទេព ។
.ច្បាប់សីលធម៌ គឺជាច្បាប់ដែលប្រកាសឲ្យប្រើប្រាស់ ដោយទស្សនវិទូ សម្រាប់ក្រើនរំលឹក ស្មារតីមនុស្សឲ្យចងចាំ នូវករណីយកិច្ច របស់ខ្លួនចំពោះខ្លួនឯង ។
.ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយអ្នកតែង ច្បាប់ សម្រាប់ក្រើនរំលឹក ដល់ស្មារតីរបស់មនុស្ស ឲ្យចងចាំនូវករណីយកិច្ចរបស់ខ្លួន ចំពោះអ្នក ដទៃ និងសង្គម ។ លោក Montesquieu បានបែងចែកច្បាប់បែបនេះ តាមកម្មវត្ថុរបស់វា ។ ច្បាប់ រដ្ឋប្បវេណី គឺជាច្បាប់ ដែលទាក់ទងទៅនឹងការកកើតរដ្ឋ ។ ច្បាប់នយោបាយ គឺជាច្បាប់ដែល ទាក់ទងទៅនឹងការរក្សារដ្ឋ ។ ពិតមែនតែ ច្បាប់ទាំងពីរនេះ មានកម្មវត្ថុខុសគ្នាក្តី ក៏ច្បាប់ទាំងពីរ នេះមិនអាចដាច់ពីគ្នាបានឡើយ ។ ក្នុងន័យនេះ បានជាគេចាត់ទុក Montesquieu ថាជាអ្នកទ្រឹស្តី នៃរដ្ឋប្រវត្តិសាស្រ្ត ។ ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត ។ ឧត្តមគតិរបស់លោក Montesquieu គឺចង់បានឲ្យ ច្បាប់នយោបាយ និងច្បាប់ រដ្ឋប្បវេណីមានលក្ខណៈសុក្រឹតមិនប្រែប្រួលមិនប្រែប្រួល ដូចច្បាប់វិទ្យាសាស្ត្រ ឬច្បាប់នៃប្រភព រូបវន្តដែរ ។ ហើយច្បាប់ទៀតសោត មានរូបរាងប្លែកៗ ទៅតាមលក្ខ័ណ្ឌនយោបាយនិងធាតុ អា កាស ។
ទ្រស្តីស្តីអំពីរបបគ្រប់គ្រងរដ្ឋ
លោក Montesquieu បានធ្វើការបែងចែករបបនយោបាយជា ៣ ប្រភេទគឺ
.របបសាធារណរដ្ឋ គឺជារដ្ឋរបស់ប្រជាជនទាំងមូល ឬមួយផ្នែក ។ លោកបានបែងចែក សាធារ ណរដ្ឋជាពីរ គឺប្រជាធិបតេយ្យនិងអភិជនាធិបតេយ្យ ។​ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ ប្រជា ជនទាំងមូលផ្គុំគ្នាជាអង្គធំមួយនោះជាប្រជាធិបតេយ្យ។ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជា  ជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ ។
.របបរាជាធិបតេយ្យ ជារដ្ឋរបស់មនុស្សម្នាក់ដែលស្ថិតនៅ ក្រោមច្បាប់ ដែលមិនប្រែប្រួលនិង ដែលច្បាប់នោះ បម្រើគោលបំណង តែមនុស្សម្នាក់ខាងលើ ។
.របបផ្តាច់ការធិបតេយ្យ ជារបបមនុស្សម្នាក់ ដែលនៅលើច្បាប់ ។
    របបនិមួយៗ​ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំ របស់ រដ្ឋដោយសាររដ្ឋ និមួយៗ​ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។ លក្ខណៈ ទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា​ ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យ ឡើយ ។លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ ។ នៅក្នុង សាធារដ្ឋទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួន ឯងដើម្បីផលប្រយោជន៍ សាធារណៈ ។ នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វាគឺ កិត្តិ យស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គមការស្គាល់នាទីខ្ពស់ទាបនៅក្នុងរបប ផ្តាច់ ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹក នាំ ។
ការរលាយបែកបាក់របបទាំងបី
   របបគ្រប់គ្រងបែកបាក់របបទាំង ៣ ប្រភេទនេះ អាចរលំរលាយ ប្រែក្លាយជាលក្ខណៈដើម របស់វាធ្លាក់ចុះទៅ ក្នុងរបបមួយគួរឲ្យខ្លាច ដែលមានការរំលោភបំពាន ពីអ្នកដឹកនាំ ធ្វើអ្វីតាម អំណាចចិត្ត ។ ​លោក Montesquieu បានសរសេរថា «ការរលំរលាយ នៃរដ្ឋនិមួយៗចាប់ផ្អើម សឹង តែទាំងអស់ ពីការរលំរលាយ គោលការណ៍របស់វា »។ការរលំរលាយសាធារណរដ្ឋ អាចបណ្តាល មកពីការបាត់បង់សិទ្ធិ សេរីភាព យុត្តិធម៌ (គុណធម៌) ដែលជាគោលការណ៍របស់ សាធារណរដ្ឋ ។ គ្រោះថ្នាក់របស់របបអភិជនាធិបតេយ្យកើតមាន នៅពេលណា ដែលគោលការ ណ៍គុណធម៌ ប្រែក្លាយជាទៅជាវិសមភាព គ្មានគុណធម៌ អំពើពុករលួយ ពោលគឺនៅពេល ដែល គេអនុគ្រោះ ឲ្យមានមហិច្ឆិតា របស់បុគ្គលធ្វើតាមទំនើងចិត្ត ដោយមិនរវល់ ដល់ផល ប្រយោជន៍ សាធារណៈ ។ ចំពោះការរលំរលាយរបបរាជាធិបតេយ្យ កើតមាននៅពេលដែលការគោរព កិត្តិ យសត្រូវជំនួស ដោយស័ក្តិយស ដោយមាសប្រាក់ និងសំណូក ។ ចំណែកការលាយ របស់របប ផ្តាច់ការធិបតេយ្យវារលំរលាយគ្មានឈប់ឈរពីព្រោះរបបនេះវាខូចដោយសារលក្ខណៈ សាហាវ​ ព្រៃផ្សៃរបស់វារួច ទៅហើយ ។
ទ្រឹស្តីស្តីអំពីអាកាសធាតុ
   លោក Montesquieu ពិនិត្យឃើញថាអាកាសធាតុមានឥទ្ធិពល ទៅលើចរិតមនុស្សហើយ ដោយ សារមនុស្ស ជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពល ទៅលើច្បាប់ដែរ ។
.ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស
    ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង ។ លោក Montesquieu សរសេរថា « គេមានកម្លាំងកាយកម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់ គេមានការទុកចិត្តលើខ្លួនឯងជាង គេ មានសេចក្តីក្លាហានជាង គេមានចំណង់ សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង»
.ឥទ្ធិពលអាកាសធាតុទៅលើច្បាប់
    ច្បាប់ដែលសម្តែងចេញ ពីចរិតមនុស្ស តណ្ហារបស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ ស្នាមធាតុអាកាស នៅជាមួយដែរ ។ ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋ កិច្ចហើយច្បាប់ ក៏មិនដូចគ្នាទេ សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជន ជាអ្នកនេសាទ ។ លោក Montesquieu បានសរសេរថា «ច្បាប់ ត្រូវមានទំនាក់ទំនងជាមួយនឹងរូប សាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករជាអ្នក ប្រមា ញ់ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេទំនៀមរបស់គេ» ។ ដូច្នេះ  ពាក្យអាកាសធាតុនេះ លោក Montesquieu ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុ ភូមិ សាស្រ្ត ប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួម គ្រប់លក្ខណៈ សង្គមសាស្រ្តទាំងអស់ ។ ហេតុនេះហើយ បានជាគេចាត់ទុកលោក Montesquieu ជាស្ថាបនិក សង្គម វិជ្ជាពិតៗ​ ។
ការវិភាគស្តីអំពីអំណាច
     ក្នុងចំណោមរបបគ្រប់គ្រងទាំង ៣ លោក Montesquieu យល់ឃើញថា «របបដែលប្រសើរល្អ ជាងគេ បើមិនគិតទៅដល់លក្ខណៈស្ថានភាពអ្វីទេនោះ គឺរបបប្រជាធិបតេយ្យ ពីព្រោះគោល ការណ៍របស់វា គឺគុណធម៌ ។ គុណធម៌ គឺជាគោលការណ៍ ប្រជាធិបតេយ្យ វាខ្ពស់ជាងកិត្តិយស ដែលជាគោលការណ៍ របស់រាជាធិបតេយ្យហើយវារឹតតែខ្ពសើជាងសេចក្តីភ័យខ្លាច ដែលជាគោ លការណ៍របស់របបផ្តាច់ការធិបតេយ្យទៅទៀត ។ តាមការជាក់ស្តែង គិតទៅដល់លក្ខណៈ ផ្សេងៗនោះ គឺរាជាធិបតេយ្យ ជារបបប្រសើរជាងគេ ពីព្រោះរបបរាជាធិបតេយ្យ ជារបបដែល ត្រូវ តាមរដ្ឋ ដែលមានទំហំធំ» ។ គំនិតនេះ លោក Montesquieu លើកយកគំនិត ដែលគេដឹង លឺ សុះ សាយ តាំងពីបុរាណកាល ដែលយល់ថា «ប្រជាធិបតេយ្យ ត្រូវតែសម្រាប់រដ្ឋ ដែលមានទំហំ តូច»  ។ ម្យ៉ាងទៀត របបរាជាធិបតេយ្យ ជារបបដែលមាន សម្បទានជាងគេ ក្នុងការធានា សេរី ភាព។តែរបបរាជាធិបតេយ្យ ក៏អាចធ្លាក់ទៅក្នុងរបបផ្តាច់ការធិបតេយ្យ ដែរគឺជាផ្តាច់ការធិបតយ្យ តែម្នាក់។ របបរាជាធិបតេយ្យ បានក្លាយទៅជារបបផ្តាច់កាធិបតេយ្យ កាលណា ភាពឯករាជ្យ និងឯកសិទ្ធិ របស់ប្រជាជន របស់អង្គការនានា និងរបស់ប្រជាជាតិ មិនត្រូវបានគេគោរពនោះ ។ ដើម្បីធានា ឲ្យមានការគោរពនេះ លោក Montesquieu បានគ្រោងទុក នូវយន្តការពីរទៀត សម្រាប់បំពេញបន្ថែម នៅក្នុងការរៀបចំអំណាច ដែលគេអាចឲ្យឈ្មោះថា « ទ្រឹស្តី នៃការបែង ចែក អំណាច បញ្ឈរ និងទ្រឹស្តី នៃការបែងចែកអំណាចផ្តេក»
)ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ
    ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់ អង្គកណ្តាលផ្សេងៗ ដែលស្ថិតនៅចន្លោះ រវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង ៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត ។ វណ្ណៈទាំងឡាយ ដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំងទប់អំណាច របស់ស្តេច ប៉ុន្តែទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរនេះ មានន័ យ ពេញលេញបាន លុះត្រាតែមាន ទ្រឹស្តី នៃការបែងចែកអំណាចផ្តេក​ មកបង្ក្រប់បន្ថែមដែរ ។
)ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក
    ដើម្បីមានស្ថេរភាពនៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមានការ បែងចែកអំណាចរដ្ឋ ព្រោះថា ការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យមានសមាជិក នៃសង្គម ទទួល បាននូវសេរីភាពសុវត្ថិភាព យុត្តិធម៌ ពិសេសគឺស្ថេរភាពសង្គមតែម្តង។ លោក Montesquieu បាន បែងចែកអំណាច ដូចខាងក្រោមនេះ
.អំណាចនិតិបញ្ញត្តិ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់ ។ អំណាចនិតិបញ្ញត្តិត្រូវ ប្រគល់ ទៅឲ្យសភាពីរជាន់ ជាអ្នកកានើកាប់ គឺសភាអភិជន (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភា ជាន់ទាប) ។ ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទី ជាអ្នកតាមដានត្រួត ពិនិត្យ ការប្រតិបត្តិ របស់ព្រះរាជា និងមានតួនាទី ជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាព ប្រតិបត្តិ ក្នុង សង្គមទាំងមូល ។
.អំណាចនិតិប្រតិបត្តិ ជាអំណាចប្រតិបត្តិ តាមឆន្ទៈ​ របស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំ ដឹក នាំសង្គមទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាចដែលមានសិទ្ធិ ប្រកាស សង្គ្រាម និងសន្តិភាព ។ អំណាចនេះ មានបង្កប់នូវចរិត ជាអំណាចនៃច្បាប់អន្តជាតិផងដែរ ។ អំណាចនេះ ត្រូវប្រគល់ ទៅឲ្យព្រះមហាក្សត្រ ជាអ្នកកាន់កាប់ ។ អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិ ជំទាស់ចំពោះ អំណាចនិតិបញ្ញត្តិផងដែរ តាមនិតិវិធី នៃការប្រើសិទ្ធិ របស់ស្តេច ។
.អំណាចតុលាការជាអំណាចវិនិច្ឆ័យដែលត្រូវបានគេប្រើប្រាស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់រដ្ឋប្ប វេណី ។ អំណាចនេះ​ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនិមួយៗ ដែលកាន់កាប់អំណាចតុលា ការ ។
    គោលការណ៍ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់មិនឲ្យ អំណាច ដែលស្ថិតនៅក្នុងដៃ បុគ្គលណាម្នាក់ នោះអាចនាំទៅរកសេចក្តីវិនាស ដល់ប្រទេសជាតិ បាន និង ដើម្បីឲ្យទ្រឹស្តី នៃការបែងចែកអំណាចនេះ លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បី រក្សានូវតុល្យភាព នៃអំណាចទាំង ៣ របស់រដ្ឋ ។ មួយទៀត គោលដៅ នៃការបែងចែក អំណាច នេះគឺធ្វើឡើង ដើម្បីប្រឆាំង នឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួល ទំនាស់រវាង របប មូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ជៀសវាង ការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា «សារជាតិរបស់មនុស្ស បើកាលណា បាន អំណាចនៅក្នុងដៃរបស់ខ្លួនហើយ មនុស្សនោះ នឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ ឈាមចុងក្រោយ» ។ ដូច្នេះធ្វើយ៉ាងណាឲ្យអំណាចទប់ទល់នឹងអំណាច ពីព្រោះមនុស្សទាំងអស់ ដែលមានអំណាចតែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស ៕


0 comments :

Post a Comment