Tuesday, January 14, 2014

នាយកធម៌  ៦​យ៉ាង ជួយបុគ្គលឲ្យក្លាយជាមនុស្សល្អ
១. ខមា           ការអត់ធន់
២. ជាគរិយ     ការភ្ញាក់រឭក
៣. ឧដ្ឋាន        ការស្ទុះស្ទា
៤. សំវិភាគ     ការចែករំលែក
៥. ទយា          សេចក្តីអាណិតអាសូរ
៦. ឥក្ខណា      ការរំពៃមើល    ។
                   បើតាមទស្សនៈ ព្រះពុទ្ធសាសនា ព្រះពុទ្ធជាបរមគ្រូនៃយើង ព្រះអង្គទ្រង់មានព្រះពុទ្ធ ដីកាថា
ដើម្បីធ្វើឲ្យការគ្រប់គ្រងមួយ  ប្រកបដោយភាពជោគជ័យ និងភាពសុខសាន្ត រីកចម្រើនជា ភិយ្យោភាព អ្នកគ្រប់គ្រងដឹកនាំត្រូវប្រកាន់យក និងប្រតិបត្តិតាមនាយធម៌  ធម៌របស់អ្នកគ្រប់គ្រង ឬជាធម៌របស់អ្នកដឹកនាំទៅកាន់ផ្លូវល្អ   ។
        ខមា    ការអត់ធន់   សម្រាប់បុគ្គលដែលជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ ត្រូវតែមានស្មារតីអំណត់ អត់ធន់ឲ្យបានខ្ពស់បំផុត  រាល់ការរិះគន់ប្រមាទមើលងាយ មើលថោក ដែលជាការវាយប្រហារ អំពីសំណាក់អ្នកដទៃ  សម្តែងឲ្យឃើញថារូបភាពជាក់ស្តែង ក្នុងទីចំពោះមុខក្តី  កំបាំងមុខក្តី ហើយត្រូវធ្វើឲ្យបានរឹងប៉ឹង ប្រឈមមុខយ៉ាងក្លាហាន ចំពោះឧបគ្គសទាំងអស់នោះ តស៊ូយ៉ាងអត់ធ្មត់បំផុត រួចហើយញញឹមទទួលស្គាល់បញ្ហាទាំងអស់នោះ  ដោយគ្មានភាពញញើត ឡើយ  បន្ទាប់មកត្រូវសំឡឹងនូវអ្វីជុំវិញខ្លួនយើង  ។
           ជាគរិយ    ការភ្ញាក់រឭក    បុគ្គលដែលជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ ត្រូវមានភាពឈ្លាស វៃក្នុងកិច្ចការងារ និងកាតព្វកិច្ចរបស់ខ្លួន   ត្រូវមានសតិសា្មរតីភ្ញាក់រឭកឲ្យបានរឿយៗ  ព្រមទាំងដាស់តឿនក្រើនរំលឹករាល់សកម្មភាពការងារដែលខ្លួនបានធ្វើទាំងអស់    ។
            ឧដ្ឋាន      ការស្ទុះស្ទា   អ្នកដឹកនាំត្រូវតែជាបុគ្គលមានភាពព្យាយាម ឧស្សាហ៍ ហើយស្វះស្វែងប្រឹងប្រែងក្នុងកិច្ចការងារ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត  មិនត្រូវបង្អែ បង្អង់ចាំថ្ងៃនេះ ថ្ងៃនោះធ្វើទេ  ។
         ​  ​​​ សំវិភាគ    ការចែករំលែក   សម្រាប់បុគ្គលជាអ្នកដឹកនាំមិនត្រូវក្តោបក្តាប់អំណាចតែម្នាក់ នោះទេ  ត្រូវបើចំហផ្លូវចិត្តឲ្យទូលាយ  ដើម្បីចែករំលែកនូវអំណាចរបស់ខ្លួនដល់សមាជិក ដែលនៅក្រោមឪវាទរបស់ខ្លួន  ពោលគឺការបែងចែកនូវការងារ  ហើយត្រូវតែស្គាល់អំពីតួនាទីរបស់ ខ្លួនដែលខ្ឡួនត្រូវធ្វើ     ។
            ទយា       សេចក្តីអាណិតអាសូរ     បុគ្គលត្រូវមានទឹកចិត្តអាធ្យាស្រ័យ ចេះអាណិតអាសូរ ហើយចេះចែករំលែកនូវសេចក្តីទុក្ខដល់មនុស្សម្នាទាំងឡាយណាដែលបានរស់នៅក្រោមឪវាទរបស់
ខ្លួន  ពោលគឺធ្វើសេចក្តីសន្តោស ដោយបច្ច័យទាំងឡាយ៤ ឲ្យបានស្មើទូទៅទាំងអស់។ មិនត្រូវគិត ចង់ឆ្អែតតែម្នាក់ឯងនោះទេ  ដូចជាពាក្យបុរាណខ្មែរពោលថា  «អង្គុយខ្ពស់ត្រូវតែសម្លឹងមើលឲ្យបាន វែងឆ្ងាយ‍‍»  ។
            ឥក្ខណា     ការរំពៃមើល   បានសេចក្តីថា  បុគ្គលត្រូវតែចេះសង្កេតតាមដានហើយត្រូវត្រួត ពិនិត្យមើលឲ្យបានម៉ត់ចត់ និងពិចារណារាល់កិច្ចការនានា   គ្រប់សកម្មភាពនៃការរស់នៅប្រចាំថ្ងៃ។
            ក្នុងសេចក្តីនេះ  ចង់បញ្ចាក់ឲ្យឃើញថា  ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធិភាព អ្នកគ្រប់គ្រង ត្រូវមានគោលបំណងឬផែនការច្បាស់លាស់ណាមួយ  ដែលខ្លួនត្រូវធ្វើ  គឺផ្លូវដែលខ្លួនត្រូវដើរទៅ។
ការគ្រប់គ្រងដឹកនាំទាមទាឲ្យយើងធ្វើចិត្តឲ្យបានទូលាយដោយប្រកាន់យកនូវមាគ៌ាកណ្តាល គឺមិនតឹងពេក មិនធូរពេក   ( មជ្ឈិមាបដិបទា )  តែត្រូមានភាពច្បាស់លាស់ ហ្មត់ចត់ និងម៉ើងម៉ាត់បំផុត។
             ម្យ៉ាងទៀត  សូម្បីតែការគ្រប់គ្រង  សង្គមជាតិក្តី  វត្តអារាមក្តី  គ្រួសារក្តី  និងខ្លួនឯងក្តី  គឺត្រូវ អាស្រ័យលើបុគ្គលជាអ្នកគ្រប់គ្រងដឹកនាំមានសតិ សម្បជញ្ញៈ ភ្ញាក់រឭកជាប្រចាំ ហើយដឹងអំពីសិទ្ធិ កាតព្វកិច្ច  និងការទទួលខុសត្រូវរបស់ខ្លួន  ទើបការដឹកនាំ  គ្រប់គ្រងនោះមិនជួបប្រសព្វនូវបញ្ហា  និងឧបគ្គរាំងស្ទះនានា  ដែលអាចនឹងកើតមានឡើង ក្នុងពេលណាមួយនោះ  ៕

0 comments :

Post a Comment