Friday, February 21, 2014



ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា

កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា បាន​បង្រៀន​ឲ្យ​ចេះ​សមាទាន​និច្ចសីល តែ​មិន​បាន​បង្ហាត់​ឲ្យ​សូត្រ​ពី ឧកាស អហំ ភន្តេ មក​ទេ គាត់​បង្ហាត់​ឲ្យ​រត់​មាត់ តែ​និច្ចសីល​ទាំង​៥ មាន បាណាតិបាតា ជា​ដើម ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​ចាំ និង​ដឹង​អំពី​ន័យ​សេចក្ដី​មក​រហូត ។ ក្នុង​គ្រា​នោះ លោកគ្រូ​បាន​បញ្ចុះបញ្ចូល​ទឹកចិត្ត​សិស្ស​ទាំងឡាយ​ឲ្យ​ចង់​ចេះ​ចង់​ដឹង និង​ស្រឡាញ់​ព្រះធម៌ គ្រប់​គ្នា​ខំ​រៀន​សូត្រ​រត់មាត់​នូវ​និច្ចសីល​ទាំង​៥ ដែល​និយម​ហៅ​ថា​សីល​៥​ដោយ​សេចក្ដី​ជ្រះថ្លា ។

រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បួស​ជា​​សាមណេរ ហាត់​រៀន​ព្រះធម៌ តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​រាប់អាន​ចង់​ចេះ​ចង់​ដឹង ពិសេស​គោរព​ពុទ្ធោវាទ​អស់​ពី​ដួងចិត្ត ។
និច្ចសីល ឬ​សិល​៥ មាន៖
  • បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ (ប៉ា​ណា​តិ​ប៉ា​តា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ (អៈទិននាទានា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • កាមេសុមិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ (កាមមេសុម៉ិចឆាចារ៉ា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ (មុសាវាទា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
  • សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ (សុរ៉ា​មេរ៉ៈយៈ​មាច់ជៈ​ប៉ៈម៉ា​ទៈឋាណា វេ​រ៉ៈ​ម៉ៈ​ណី​សិកខា​ប៉ៈ​ទាំង សៈ​ម៉ា​ទិ​យា​ម៉ិ)
សូម​សូត្រ​​តាម​លុះ​ចេះ​ចាំ​ស្ទាត់ ។ និច្ចសីល​ខាងលើ​បើ​ប្រែ​ជា​អត្ថន័យ​ជា​ភាសា​ខ្មែរ​​យ៉ាង​ដូច្នេះ​ថា៖
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺ​សម្លាប់​សត្វ ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​​ពោល​នូវ​ពាក្យ​កុហក ។
  • ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ ។
ពាក្យ​សុភាសិត​មួយ​ពោល​ថា អ្នក​គោរព​ពុទ្ធសាសនា បើ​មិន​ចេះ​ធម៌​វិន័យ ចាត់​ទុក​ថា​មិន​បាន​គោរព​កាន់​ពុទ្ធសាសនា ឡើយ ។

0 comments :

Post a Comment