Friday, February 21, 2014


ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ


នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។
ទោស​នៃ​ការប្រកាន់​គឺ​នាំ​មក​នូវ​ទុក្ខ ។ វេលា​ដែល​រូប និង​ចិត្ត​ចាប់ផ្ដើម​រីកចម្រើន​ឡើង ហើយ​ទំនាក់ទំនង​រវាង​បញ្ច​វិញ្ញាណ​បាន​ដំណើរការ​ចិត្ត ឬ​មនោ​វិញ្ញាណ​នេះ​ក៏​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​ តាមរយៈ​បញ្ច​វិញ្ញាណ​ដោយ​ផស្សៈ (ការប៉ះ​ខ្ទប់​រវាង​អារម្មណ៍ និង​វិញ្ញាណ) ធ្វើ​ឲ្យ​វេទនា​ការសោយ​អារម្មណ៍​ជា​សុខ ជា​ទុក្ខ និង​មិន​សុខ មិន​ទុក្ខ​កើត​ឡើង ។ ការញៀន​ញ៉ាម​ក្នុង​ការសោយ​សុខ​វេទនា និង​សោមនស្សវេទនា​ដែល​ជា​អានិសង្ស​របស់​ខន្ធ ៥ ធ្វើ​ឲ្យ​វិញ្ញាណ​ចាប់​ប្រកាន់​ទៅ​តែម្ដង ថា​អ្វី​ៗ​ត្រូវតែ​ជា​របស់​ខ្លួន ហើយ​បដិសេធ​ចំពោះ​អ្វី​ដែល​មិន​គាប់​អធ្យាស្រ័យ​ថា​មិន​មែន​ជា​របស់​ខ្លួន​ អ៊‍ីចឹង​ទៅ ។ ការទាមទារ ការប្រាថ្នា​បាន​ដល់​តណ្ហា​ក៏​កើត​ឡើង, ការមានៈ​ប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែង​ថា​ជា​ខ្លួន អ្វីៗ​ជា​របស់​ខ្លួន​នោះ​ជា​អញ​នោះ ជា​របស់​អញ មាន​ខ្លួន​នៅ​ក្នុង​ខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​របស់​ខ្លួន មាន​ខ្លួន​នៅ​ក្រៅ​ខន្ធ ៥ ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ក្នុង​ភព ៣ វិបល្លាសទិដ្ឋិ​ក៏​ចម្រើន​ឡើង រមែង​មាន​ភព មាន​ជាតិ ជរា ព្យាធិ មរណៈ​តទៅ​ជា​អង្វែង​មិន​មាន​ទី​បំផុត ។ តណ្ហា​នាំ​ឲ្យ​មិន​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន ដូច​គីង្គក់​ក្រោម​ពាង​ក្នុង​វត្ត​លោក ពេល​បាន​ឃើញ​លោក​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​នឹក​គិត​ថា បើ​អញ​បាន​ក្លាយ​ជា​លោក មិន​ដឹង​ជា​ស្រួល​យ៉ាង​ណា ព្រោះ​បាន​អាហារ​ស្រាប់ ។ លុះ​លោក​ឆាន់​រួច​នៅ​សល់​បាយ ក៏​បាច​ឲ្យ​មាន់ គីង្គក់​ក៏​នឹក​ថា អុញ ! មាន​នេះ​សុខ​ស្រួល​ជាង​លោក​ហ្ន ! រំពេច​នោះ​មាន​ឆ្កែ​មក​ដេញ​មាន់​ដណ្ដើម​យក​អាហារ គីង្គក់​ក៏​នឹក​ច្រណែន​នឹង​ឆ្កែ ចង់​ក្លាយ​ជា​ឆ្កែ ក៏​ស្រាប់តែ​មាន​ក្មេង​វត្ត​ស្ទុះ​មក​ចាប់​ដំបង​សំពង​ឆ្កែ​ឲ្យ​រត់​គេច​ចេញ​ ទៅ, គីង្គក់​ចង់​ក្លាយ​ជា​ក្មេង​វត្ត​ទៀត ។ ពេល​នោះ​មាន​រុយ​ក្បាល​ខៀវ​ហើរ​មក​ចោះ​ដំបៅ​ជើង​ក្មេង​វត្ត, ក្មេង​នោះ​បាន​ទន្ទ្រាំ​ជើង​រត់​ចេញ​ទៅ ។ គីង្គក់​ក៏​នឹក​អស្ចារ្យ​នឹង​សត្វ​រុយ​នោះ​ជា​ខ្លាំង ។ កំពុង​តែ​ស្លុង​ចិត្ត​ក្នុង​ការគិត ស្រាប់តែ​រុយ​នោះ​ហើរ​មក​ទុំ​លើ​ច្រមុះ​ខ្លួន គីង្គក់​ក៏​ត្របាក់​លេប​វប់ ហើយ​លាន់​មាត់​ពេល​ថា ហ្អា ! លើ​លោក​នេះ​តើ​មាន​អ្វី​ឲ្យ​សំខាន់​ជាង​ខ្លួន​ឯង​ទៀត​ទៅ ? ត្រូវ​ចេះ​ព្រម ចេះ​ល្មម​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់, បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល អ៊‍ីចឹង​មានតែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយ​ជា​អធិរាជ​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ, កុំ​ធ្វើ​ជា​អ្នក​ក្រ​រហាម ធ្វើ​អ្វី​ទៀត ។ ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា បញ្ញត្តិ និង​បរមត្ថ​ដាច់ខាត​ត្រូវតែ​អាស្រ័យ​គ្នា បំបែក​ឲ្យ​ដាច់​ពី​គ្នា​មិន​បាន​ឡើយ គ្មាន​បញ្ញត្តិ បរមត្ថ​ក៏​មិន​មាន តែ​បញ្ញត្តិ​គ្មាន​បរមត្ថ​ក៏​ជីវិត​រក​សុខ​មិន​ឃើញ​បញ្ញត្តិ និង​បរមត្ថ​ត្រូវតែ​ជា​ទ្វេបាទ​ខ្វះ​ណា​មួយ​មិន​បាន​ឡើយ ។ មានតែ​បញ្ញត្តិ​នាំ​ឲ្យ​តណ្ហា​ឧបាទាន​ចម្រើន​ឡើង ទុក្ខ​ក៏​ចម្រើន​ឡើង, មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​តែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិន​មែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ យើង​បាន​ជួប​ម្ដាយ​អ្នក​ដទៃ​ស្លាប់ តែ​យើង​យំ​មិន​ចេញ ព្រោះ​តែ​មិន​ប្រកាន់​ថា​ជា​ម្ដាយ​របស់​យើង ៗ ឃើញ​គេ​ជ្រុះ​បាត់​ចិញ្ចៀន​ពេជ្រ តែ​យើង​មិន​សោកស្ដាយ​ព្រោះ​មិន​ប្រកាន់​ថា​ជា​របស់​ខ្លួន ។ យើង​មិន​ប្រកាន់​ថា​រូប​ជា​របស់​ខ្លួន​លុះ​ដល់​ពេល​រូប​ចាប់​គ្រាំគ្រា​ដល់​ នូវ​សភាព​មិន​ទៀត​ក៏​យើង​មិន​សូវ​មាន​ទុក្ខ ភ្នែក​ត្រចៀក ច្រមុះ អណ្ដាត កាយ កាល​បើ​ដល់​នូវ​សភាព​ពិការ ខ្វិន​ខ្វង់ ក៏​យើង​មិន​សូវ​ព្រួយ​ខ្វល់​ថែម​ទាំង​ញញឹម​ចំពោះ​សភាវៈ​លក្ខណៈ​នេះ​ទៀត​ផង ។
ឧបាទាន​ជា​អនុស័យ​មួយ​ប្រភេទ​ដែល​លះ​បាន​ដោយ​វបស្សនា និង​មាន​សមាធិ​ជា​ទម្រ មាន​សីល​ជា​គ្រឹះ​របស់​ទម្រ ។ ហេតុនេះ សូម​សហធម្មិក​មេតា​គន់គិត​ពិចារណា​តាម​ការគួរ ។
សូម​អនុមោទនា !

0 comments :

Post a Comment