Friday, February 21, 2014


អបាយភូមិ

ពាក្យ​អបាយភូមិ (អបាយភូម) ដែល ​សំដៅ​ទៅ​ជាន់ ឬ​ឋាន​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋានន​រក​ជា​ដើម); ​សេចក្តី​សាប​សូន្យ, សេចក្តី​វិនាស; ​ដំណើរ​លិច​លង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក, តិរច្ឆាន, ប្រេត, អសុរកាយ ។ សភាវៈ​ដែល​រស់​នៅ​ក្នុង​អបាយ​នេះ​មាន​លក្ខណៈ​អន់ថយ​បំផុត ហៅ​ថា​មនុស្ស​ក៏​បាន ។

  1. នរក មាន​ច្រើន​ជាន់ តែ​និយាយ​រួម​ឲ្យ​ខ្លី មាន​ពីរ​ប្រភេទ​គឺ នរក​ក្ដៅ និង​នរក​ត្រជាក់ ។ អ្នក​ដែល​រស់​នៅ​ក្នុង​នរក​ទាំង​ពីរ​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​វេទនា​ខ្លោចផ្សា​បំផុតពី​ពួក​យមបាល ទៅ​តាម​អំពើ​បាប​របស់​ខ្លួន ។ អ្នក​នៅ​ក្នុង​នរក​ក្ដៅ រង​ទុក្ខ​វេទនា​ខ្លាំង​ជាង​គេ ប៉ុន្តែ​អ្នក​ទាំង​អស់​នេះ​អាច​រំដោះ​ខ្លួន​បាន ក្រោយ​ពេល​បាន​សោយ​ទុក្ខ​គ្រប់​កណត់​ឆ្នាំ ហើយ​លែង​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត (ដូច​អ្នក​ជាប់​គុគ​ក្នុង​លោកិយ​នេះ​ដែរ) ។
  2. ប្រេត គឹ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ពី​ជាតិ​ មុន​ដែរ ហើយ​ត្រូវ​មក​កើត​ជា​ប្រេត​នេះ ដែល​មាន​ទី​កន្លែង​ឋិន​នៅ​ចន្លោះ​ភព ឬ​នៅ​លើ​ផែន​ដី មាន​ការ​ស្រេក​ឃ្លាន​មិន​ចេះ​ចប់​ មាន​មាត់​ប៉ុន​កូដ​ម្ជុល ហើយ​ចូល​ចិត្ត​បរិភោគ​តែ​អាហារ​កខ្វក់​ស្អុយ រស់​នៅ​៥០០​ឆ្នាំ​ទើប​ស្លាប់​ទៅវិញ (១ថ្ងៃ​ប្រេត​ស្មើ​១ខែ​មនុស្ស) ។
  3. អសុរកាយ ប្រហែល​គ្នា​នឹង​ប្រេត​ដែរ តែង​អាស្រ័យ​នៅ​ជា​មួយ​មនុស្ស​លោក ច្រើន​ដើរ​រក​ស៊ី​នៅ​វេលា​យប់ ចូល​ចិត្ត​បរិភោគ​តែ​គ្រឿង​ស្អុយ គួរ​ខ្ពើម​ដែរ ដូច​ខ្ទុះ​គំរង់​ជា​ដើម ជួន​កាល​លេង​បន្លាច​មនុស្ស​ក៏​មាន ។ ច្រើន​មាន​រូប​ធំ​ខ្ពស់ ស្មើ​ដំបូល​ផ្ទះ ឬ​ដើម​ត្នោត ។ ពួក​ខ្មោច​បិសាច​ក៏​រាប់​ចូល​ក្នុង​ក្រុម​អសុរកាយ​នេះ​ដែរ ។
  4. សត្វ​តិរច្ឆាន គឺ​ពួក​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​នេះ​ និង​សត្វ​ចម្លែក​២​ពួក​ទៀត​​គឺ នាគ និង គ្រុឌ ។ នាគ​អាច​ប្រែ​ប្រភេទ​មក​មនុស្ស​បាន មាន​លំនៅ​ឋាន​នៅ​ក្រោម​សមុទ្រ ។ គ្រុឌ​មាន​ស្លាប​ហោះហើរ​បាន​ជា​សត្រូវ​របស់​នាគ​សភាវៈ ដែល​ប្រសើរ​ជា​សត្វ​គឺ​មនុស្ស ។
ឯកសារ​យោងៈ វចនានុក្រម​ខ្មែរភាគ១ ភាគ២ បោះពុម្ព​គ្រាទី៥ និង​សៀវភៅ​វប្បធម៌​មួយ​ក្បាល​ដែលឥត​អត្តសញ្ញាណ​គ្រប់​គ្រាន់ ព្រោះ​ដាច់​ក្រប និង​បាត់​ឈ្មោះ​អ្នក​ចងក្រង ។

0 comments :

Post a Comment